Man Utd អញ្ជើញ​អ្នករងគ្រោះ​ក្នុង​រូងភ្នំ រួមទាំង​អ្នក​ជួយសង្គ្រោះ ទៅ Old Trafford

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd អញ្ជើញ​អ្នករងគ្រោះ​ក្នុង​រូងភ្នំ រួមទាំង​អ្នក​ជួយសង្គ្រោះ ទៅ Old Trafford
12, Jul 2018 , 6:59 am         755
រូបភាព
​ក្លិប​កីឡាបាល់ទាត់ Manchester United បាន​អញ្ជើញ​ក្រុម​កីឡាករ​បាល់ទាត់ Wild Boars ទាំង​១២​នាក់ រួមទាំង​គ្រូ​របស់​ពួកគេ​ម្នាក់ទៀត ដែល​បាន​សង្គ្រោះ​ចេញរួច​ពី​រូងភ្នំ​ដោយ​ជោគជ័យ ទៅកាន់​ទឹកដី Old Trafford ដើម្បី​ទស្សនាការ​ប្រកួត​ពានរ​ង្វាន់ Premier League រដូវ​កាល​ថ្មី​នាពេលខាងមុខ​។​



​សមាជិក​ក្រុមកីឡា​បាល់ទាត់​យុវជន​ទាំង​១២​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​១១ ទៅ​១៦​ឆ្នាំ ព្រមទាំង​គ្រូបង្វឹក​របស់​ពួកគេ​ម្នា​ក់វ័យ​២៥​ឆ្នាំ បាន​ចាក​ចេញពី​ក្នុង​រូងភ្នំ Tham Luang ដែលមាន​ទឹក​ជន​លិច​ដោយ​សុវត្ថិភាព​ទាំងអស់គ្នា​ហើយ​កាលពី​ថ្ងៃទី​១០ ខែកក្កដា បន្ទាប់ពី​ក្រុម​អ្នករុករក​បាន​ចំណាយពេល​១៨​ថ្ងៃ​ក្នុង​បេសកកម្ម​ជួយសង្គ្រោះ​។​
​រឿងរ៉ាវ​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​នេះ បានធ្វើ​ឲ្យ​ពិភពលោក​រួមទាំង​ក្លិប និង​អ្នកកីឡា​បាល់ទាត់​ភាគច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​ក្នុងនោះ ក្លិប​រហស្សនាម​បិសាច​ក្រហម​ក៏​ចាប់អារម្មណ៍​ពី​ព្រឹត្តិការណ៍​នោះដែរ ហើយ​បាន​សរសេរ​សា​រលើ​បណ្ដាញ​សង្គម twitter ផ្ទាល់​របស់​ពួកគេ​ថា​៖«​ក្លិប Man Utd មាន​អារម្មណ៍​ធូរស្រាល​ហើយ នៅពេល​ទទួលដំណឹង​ថា កីឡាករ​បាល់ទាត់​យុវជន​អាយុរ​ក្រោម​១៦​ឆ្នាំ ទាំង​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​ជាប់​ក្នុង​រូងភ្នំ​ដ៏​អាថ៌កំបាំង​នៅ​ប្រទេស​ថៃ មាន​សុវត្ថិភាព​វិញ​ពេលនេះ​។ ពួកយើង​សូម​បួងសួង​ដល់​ជនរងគ្រោះ​ទាំងអស់ និង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នោះ​។ យើង​សូម​ស្វាគមន៍​ក្រុមកីឡា​បាល់ទាត់ Wild Boars រួមទាំង​ក្រុម​អ្នក​ជួយសង្គ្រោះ​ទៅកាន់​កីឡដ្ឋាន Old Trafford ដើម្បី​ទស្សនា​ការប្រកួត នា​រដូវ​កាល​ថ្មី​ជិត​ចូល​មកដល់​ខាងមុខនេះ​»​។​

​ដោយឡែក​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស Kyle Walker បើទោះបី​កំពុង​ជាប់​ភារកិច្ច​សំខាន់​នៅ World Cup ក៏ដោយ តែ​រូបគេ​បាន​សរសេរ​លើ Twitter ដោយ​បង្ហាញ​អារម្មណ៍​រីករាយ​ពេល​ដឹងថា​មនុស្ស​ទាំង​១៣​នាក់​បានចេញ​ផុតពី​រូងភ្នំ​។ លើសពីនេះ​ទៀត សមាជិក​ក្រុម Man City បាន​សន្យាថា​នឹង​ផ្ដល់​អាវ​ជម្រើសជាតិ​អង់គ្លេស​ដល់​ពួកគេ​ទាំងអស់គ្នា​ទៀតផង​។​

​រីឯ​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA កាលពី​ថ្ងៃទី​៦ ខែកក្កដា​ក៏បាន​អញ្ជើញ​ពួកគេ​ទាំង​១៣​នាក់​ទៅ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA World Cup 2018 នៅ​រុស្ស៊ី​ដែរ ប៉ុន្តែ​គ្រូពេទ្យ​ថា​ក្មេងៗ​មិនទាន់​អាចធ្វើ​ដំណើរ​ទៅកាន់​ក្រុង​មូ​ស្គូ​បានទេ​ព្រោះ​ស្ថានភាព​ជំងឺ​មិនទាន់​ល្អ​៕


Tag:
 បាល់ទាត់​
  ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  FIFA World Cup
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1718next