កីឡាជាតិ
ជាតិ
Hun Sen Cup ១៦ក្រុមជើងទីមួយ​៖ ស្មើ​២​ប្រកួត ស៊ីសង​គ្នា​៥​ប្រកួត ខណៈ​បឹងកេត និង​ណាហ្គា ជោគជ័យ​ធំ​
12, Jul 2018 , 9:29 am        
រូបភាព
ជំនួបរវាងគិរីវង់ (ត្រួយចេក) និងអគ្គស្នងការដ្ឋាននគរបាលជាតិនៅពហុកីឡដ្ឋានជាតិ។ រូបថត CNCC
ជំនួបរវាងគិរីវង់ (ត្រួយចេក) និងអគ្គស្នងការដ្ឋាននគរបាលជាតិនៅពហុកីឡដ្ឋានជាតិ។ រូបថត CNCC
ដោយ: រួបរួម
ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន (Hun Sen Cup) បានបញ្ចប់​ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​ពុធ ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​។ ក្នុងចំណោម​ជំនួប​ទាំង​៧​គូ លទ្ធផល​ស្មើគ្នា​មាន​២​ប្រកួត ការ​ស៊ីសង​គ្នា​មាន​៥​ប្រកួត ខណៈ​បឹងកេត ណាហ្គា​វើ​ល និង​ក្រសួងការពារជាតិ មានប្រៀប​ខ្លាំង​លើ​គូប្រជែង​នៅមុន​ការ​ប៉ះគ្នា​នៅ​ជើង​ទី​ពីរ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​។​



​បឹងកេត ឈ្នះ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ៥-១
​ចាន់ វឌ្ឍនាកា បង្ហាញខ្លួន​ឡើងវិញ​នៅ​ទ្រនំ​ចាស់​របស់ខ្លួន​ជាមួយនឹង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្រៅពី​វឌ្ឍនាកា កីឡាករ​ចំណូល​ថ្មី និង​កីឡាករ​វ័យក្មេង​របស់​បឹងកេត​បី​រូប​ផ្សេងទៀត មានឈ្មោះ​ក្នុង​តារាង​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី ដោយ ម៉ុ​ន វ៉ាន់ដា រកបាន​២​គ្រាប់ កែ វណ្ណ់ៈ និង​ជា វេ​ស្លី រកបាន​ម្នាក់​១​គ្រាប់​។ មួយ​គ្រាប់​របស់​វេ​ស្ទើ​ន សម្រេចបាន​ដោយ សឿង សុ​បញ្ញា​។​



ណាហ្គា​វើ​ល យកឈ្នះ​ខេត្តកំពត ៥-១
​ជំនួប​នៅលើ​ទីលាន​កងយោធពល​ខេមរភូមិន្ទ ម្ចាស់​ជើងឯក​ឆ្នាំ​២០១៣ ណាហ្គា​វើ​ល ហាក់ដូចជា​កក់​កៅអី​រួចទៅហើយ​ទៅកាន់​វគ្គ​បន្ត បន្ទាប់ពី គួច ដា​នី​, រុន រ៉ានី​, សួង វិ​រៈ​, សារី ម៉ាត់​ណូ​រ៉ូ​ទីន និង​ឡេង មករា រកបាន​ម្នាក់​១​គ្រាប់​សម្រាប់​ក្រុម​នៅ​ជើង​ទីមួយ​។ តែ​ទោះបី​យ៉ាងណាក៏ដោយ ក្រុម​ខេត្តកំពត​ក៏មាន​គ្រាប់​បញ្ចូល​ទី​តាម​ពីក្រោយ​១​គ្រាប់​ផងដែរ អរគុណ​ការ​ភ្លាត់​បញ្ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ​ណាហ្គា​វើ​ល ញឹម សុវណ្ណារ៉ា នៅ​ជិត​បញ្ចប់​ការប្រកួត​។​



ក្រសួងការពារជាតិ​ឈ្នះ​អាស៊ី​អឺរ៉ុប ៣-១
​ប្រធាន​ក្រុម រ៉ឹង ប៊ុន​ហៀ​ង រកបាន​គ្រាប់​បាល់​នាំមុខ​នៅ​តង់​ទីមួយ​សម្រាប់​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ​នៅ​ស្តា​ត​ចាស់ ប៉ុន្តែ ម៉ាត់ ហូ​សាន់ បានតែ​តបាល់​តាម​ស្មើ​វិញ​មុន​បញ្ចប់​តង់​ទីមួយ​។ ឈានដល់​តង់​ទី​ពីរ ការពារជាតិ​ដែលជា​ម្ចាស់​ជើងឯក​ពីរ​ជំនាន់ រកបាន​២​គ្រាប់​បន្ថែមទៀត​ដែល​សម្រេចបាន​ដោយ ភួង សុខ​សា​ណា និង​ខែ​ក ខេមរិន​។​



ភ្នំពេញ​ក្រោ​ន​ឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ២-១
​យ៉ើ មូស្លីម រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​ភ្នំពេញ​ក្រោ​ន ហើយ​មុន​បញ្ចប់​តង់​ទីមួយ អគ្គិសនី​កម្ពុជា​តាម​ស្មើ​វិញ ដែលជា​ការធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ​ភ្នំពេញ​ក្រោ​ន ក្រោយ​សួន វាសនា ទាត់​បាល់​ចេញពី​ជ្រុង​។ ជួន ចាន់​ចាវ ជា​អ្នក​នាំ​ជ័យជម្នះ​ឲ្យ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​៨២​។​



ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ភ្ញៀវ​វិសាខា ១-០
​ម្ចាស់​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង ទទួលបាន​ជ័យជម្នះ​នៅ​ជើង​ទីមួយ​លើ​ក្រុម​វិសាខា ដែល​កំពុង​ឡើង​ជើង​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​។  ជ័យជម្នះ​នេះ សម្រេចបាន​ដោយ​ខ្សែបម្រើ ហូ​យ ផល្លី​ន នៅ​នាទី​៦៤ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​របស់ខ្លួន​ផ្ទាល់​។​



សូល​ទី​ឡូ​អង្គរ និង​អង្គ​រថា​យ​ហ្គឺ​រ បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២
​ក្រុម​ដែល​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប​ជា​ទឹកដី បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ។ ឡុង ភា​រ៉ាត់ និង កែវ សុផល រក​គ្រាប់​បញ្ចូល​ទី​ឲ្យ​សូល​ទី​ឡូ​អង្គរ ខណៈ​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​របស់​អង្គ​រថា​យ​ហ្គឺ​រ សម្រេចបាន​ដោយ តាំង សុភ័ក្ត្រ​។​



អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្មើ ២-២ ជាមួយ​គិរីវង់​សុខ​សែន​ជ័យ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​
 


Tag:
 បាល់ទាត់
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com