អន្តរជាតិ
នយោបាយអន្តរជាតិ
ចិន ទាត់ចោលព័ត៌មានថា ខ្លួនលូកលាន់ក្នុងការបោះឆ្នោតកម្ពុជា
× ភ្នំពេញ៖ រដ្ឋាភិបាលចិន ទាត់ចោលការចោទប្រកាន់ខ្លួនថា គ្រោងលូកដៃចូលកកូរកកាយការបោះឆ្នោតនៅកម្ពុជា ។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Fire Eye ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មការពារ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់អាមេរិកមួយ បានចេញរបាយការណ៍ពីគម្រោងរបស់ក្រុម Hacker ចិននេះ។
សំនួរអ្នកកាសែតជាច្រើនបានចោទសួរ ទៅរដ្ឋាភិបាលចិន ពីរឿងសេដ្ឋកិច្ចចិន និងអាមេរិក រួមទាំងគោលនយោបាយការបរទេសចិន ដែលពាក់ព័ន្ធនឹងកម្ពុជា ។ ប៉ុន្តែបញ្ហាទាក់ទងនឹងកម្ពុជា ត្រូវបានអ្នកកាសែតចោទសួរភ្ជាប់ទៅរបាយការណ៍របស់ក្រុមហ៊ុន Fire Eye ទាក់ទងនឹងគម្រោងរបស់ចិន ក្នុងការលូកដៃចូលកិច្ចការបោះឆ្នោតនៅកម្ពុជា ដែលចេញផ្សាយដោយកាសែត Los Angeles Time កាលពីពេលថ្មីៗនេះ។ រដ្ឋាភិបាលចិន ទាត់ចោលការចោទប្រកាន់នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយការពារគោលជំហររដ្ឋាភិបាលខ្លួនថា ចិនគឺជាអ្នកប្រឆាំងនឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត ដូច្នេះគ្មានមូលហេតុអ្វី ដែលចិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ តាមរយៈប្រព័ន្ធអ៊ីនធឺណិតនេះឡើយ។
ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១១ កក្កដា អ្នកនាំពាក្យរូបនេះ បានពន្យល់ដូច្នេះថា៖«ខ្ញុំមិនបានដឹងពីស្ថានភាពដែលអ្នកកំពុងសួរខ្ញុំនោះទេ។ តួនាទីរបស់ចិន នៅក្នុងសន្តិសុខអ៊ីនធឺណិត គឺមានភាពច្បាស់លាស់ត្រឹមត្រូវ។ ក្នុងន័យនេះយើងចង់បញ្ជាក់ថា យើងមានជំហរប្រយុទ្ធប្រឆាំងលើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត គ្រប់ទម្រង់ទាំងអស់។ ដូច្នេះចិន គឺជាអ្នកប្រកាន់ជំហររឹងមាំ លើសន្ដិសុខប្រព័ន្ធអ៊ីនធឺណិតនេះ»។
ក្រៅពីបដិសេធព័ត៌មានខាងលើ លោកស្រី Hua Chunying បានបង្វែររឿងនេះ ទៅជាស្នើឲ្យបណ្ដាសហគមន៍អន្តរជាតិ យកបញ្ហាសន្តិសុខប្រព័ន្ធអ៊ីនធឺណិត ទៅពិភាក្សា និងសហការរួមគ្នា ដោះស្រាយលើបញ្ហានេះ ដោយផ្អែកលើភាពចាស់ទុំ គោរពគ្នាទៅវិញទៅមក។ «សន្តិសុខអ៊ីនធឺណិតគឺជារឿងរបស់ពិភពលោក ដែលគ្រប់បណ្ដាប្រទេសទាំងអស់ត្រូវងាកមកចាប់អារម្មណ៍ចូលរួមដោះស្រាយទាំងអស់គ្នា»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន។
ក្រុមហ៊ុន Fire Eye ដែលផ្ដល់សេវាកម្មការពារ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់អាមេរិកមួយ បានចេញរបាយការណ៍ថា ក្រុម Hacker ចិន ដែលមានឈ្មោះ TERM.Periscope ត្រៀមលូកដៃចូលកិច្ចការបោះឆ្នោតនៅកម្ពុជា តាមរយៈ Hack ចូលទិន្នន័យរបស់ស្ថាប័នរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឆាំង។ ចំពោះគោលដៅដែលក្រុម TERM.Periscope គ្រោង Hack នោះ មានស្ថាប័នព្រឹទ្ធសភា ក្រសួងការបរទេស និងសហប្រតិបត្តិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ក្រសួងមហាផ្ទៃ និងស្ថាប័នដែលពាក់ព័ន្ធមួយចំនួនជាដើម ខណៈកម្ពុជាកំពុងដំណើរការយុទ្ធនាការបោះឆ្នោត។ នេះជាការចុះផ្សាយរបស់កាសែត Los Angeles Time បានបន្ថែមថា ក្រុមហ៊ុន Fire Eye បានដាក់ការសង្ស័យថា ចិនទំនងជាធ្លាប់ធ្វើបែបនេះ នៅការបោះឆ្នោតនៅម៉ាឡេស៊ីនាពេលថ្មីៗនេះ ដើម្បីងាយស្រួលតាមដានក្នុងការបោះឆ្នោត។
ជាមួយគ្នានេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលមិនបានដឹងព័ត៌មានទាក់ទងនឹងគម្រោង Hack របស់ក្រុមចារកម្មចិននេះទេ ។ លោកថា នៅពេលនេះក្រសួងពាក់ព័ន្ធ កំពុងត្រួតពិនិត្យ និងតាមដានលើស្ថានការណ៍នេះ។
ជុំវិញបញ្ហានេះលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានបញ្ជាក់ថា មកដល់ពេលនេះ ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យរបស់គ.ជ.ប នៅដំណើរការល្អជាធម្មតា មិនទាន់មានអ្វីដែលគួរឲ្យព្រួយបារម្ភឡើយ។ «យើងមានអ្នកគ្រប់គ្រងប្រព័ន្ធប្រចាំការអចិន្ត្រៃយ៍ ដែលអាចគ្រប់គ្រងស្ថានការណ៍គ្រប់ពេលវេលា។ ហើយយើងជឿថា បើទោះជាអាចHack បានគឺបានតែសំបកក្រៅទេ តែមិនអាចយកបានទិន្នន័យខាងក្នុងបានទេ ព្រោះយើងមានយន្តការគ្រប់គ្រងពិតប្រាកដ ដោយក្រុមព័ត៌មានវិទ្យាជំនាញរបស់កម្ពុជា សហការជាមួយភាគីជប៉ុនគ្រប់ពេលវេលា»។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា៕
Tag:
ចិន
កម្ពុជា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com