សហរដ្ឋអាមេរិក​រឹតត្បិត​ទិដ្ឋាការ​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ឡាវ​

អន្តរជាតិ
សហរដ្ឋអាមេរិក​រឹតត្បិត​ទិដ្ឋាការ​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ឡាវ​
12, Jul 2018 , 7:59 pm         769
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​ការចេញផ្សាយ​ព័ត៌មាន​ថា «​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ឡាវ បាន​បដិសេធ ឬ​ពន្យារពេល​ដោយ​មិន​សម​ហេតុផល​ក្នុងការ​បដិសេធ​មិន​ទទួលយក​ពលរដ្ឋ​រប​ស់​ខ្លួន​ដែល​ត្រូវ​បញ្ជា​ឲ្យ​ចេញពី​សហរដ្ឋអាមេរិក​»​។​



​ក្រសួងការបរទេស​អា​មេ​រិ​ក​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជា​ឲ្យ​ការិយាល័យ​កុងស៊ុល​ក្នុងប្រទេស​ទាំង​២​នោះ​ចាប់ផ្តើម​រឹតត្បិត​លើ​ប្រភេទ​ទិដ្ឋាការ​មួយចំនួន​។ ប្រភេទ​ទិដ្ឋាការ​នោះ​មាន​ដូចតទៅ​៖

​ប្រទេស​មី​យ៉ាន់​ម៉ា​៖ «​ឈប់​បន្ត​ចេញ​រាល់​ប្រភេទ​ទិដ្ឋាការ B1 B2 និង B1/B2 ដែលជា​ប្រភេទ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ដល់​ពួក​មន្ត្រី​បម្រើការ​នៅពេល​បច្ចុប្បន្ននេះ​ចាប់ពី​កម្រិត​អគ្គនាយក​ឡើងទៅ ដែល​បម្រើការ​នៅ​ក្រសួង​ការងារ និង​អន្តោប្រវេសន៍ និង​ក្រសួងមហាផ្ទៃ​របស់​មី​យ៉ាន់​ម៉ា ហើយ​និង​សមាជិក​ក្រុមគ្រួសារ​សាច់​ផ្ទាល់ ដោយមាន​ការលើកលែង​តិចតួច​»​។​

ប្រទេស​ឡាវ​៖ «​ឈប់​បន្ត​ចេញ​រាល់​ប្រភេទ​ទិដ្ឋាការ B1 B2,​និង B1/B2 ដែលជា​ប្រភេទ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​សម្រាប់​មន្ត្រី​បម្រើការ​នៅពេល​បច្ចុប្បន្ន​នៅ​កម្រិត​អគ្គនាយក​ឡើងទៅ ដែល​បម្រើការ​នៅ​ក្រសួង​សន្តិសុខ​ជាតិ​ឡាវ និង​ក្រុមគ្រួសារ​សាច់​ផ្ទាល់​របស់​ពួកគេ ហើយ​និង​ប្រភេទ​ទិដ្ឋាការ A3 និង G5 ដែលជា​ប្រភេទ​មិនមែន​អន្តោប្រវេសន៍​សម្រាប់ (​អ្នកការទូត​និង​បុគ្គលិក​របស់​អង្គការ​អន្តរជាតិ​) ដល់​បុគ្គល​ដែល​ធ្វើការ​ឲ្យ​ពួក​មន្ត្រី​រដ្ឋាភិបាល​ឡាវ ដោយមាន​ការលើកលែង​តិចតួច​។​

​ការចេញផ្សាយ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា «​ដោយ​មិនមាន​ការឆ្លើយតប​ឲ្យ​បាន​សមរម្យ​» ការដាក់ទណ្ឌកម្ម​នេះ​អាច​នឹងត្រូវ​ពង្រីក​ដល់​មនុស្ស​ផ្សេងៗ​ទៀត​។ ហើយ​ការដាក់ទណ្ឌកម្ម​នេះ នឹងត្រូវ​បន្ត​រហូត​ទាល់តែ​ក្រសួង​សន្តិសុខ​មាតុភូមិ​កំណត់ថា «​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​២​ស្តីពី​ការយក​ពលរដ្ឋ​ខុសច្បាប់ មានការ​ប្រសើរ​ឡើងទៅ​ដល់​កម្រិត​មួយ​ដែល​អាច​ទទួលយកបាន​»​។​

​ទាំង​មី​យ៉ាន់​ម៉ា និង​ឡាវ​ស្ថិតនៅលើ​បញ្ជី​ដែល​សហរដ្ឋអាមេរិក​កំណត់ថា ជា​ប្រទេស​រឹងរូស​។ បញ្ជី​នោះ​រួមមាន​ប្រទេស​ចំនួន​៩​ដែល​បដិសេធ​ពុំ​សុខចិត្ត​ទទួល​ពលរដ្ឋ​ដែល​ត្រូវ​និរទេស​ចេញពី​សហរដ្ឋអាមេរិក​។​

ការដាក់ទណ្ឌកម្ម​ជា​ជំហាន​មួយ​បន្ថែម​ពីលើ​បញ្ជី​ទណ្ឌកម្ម​ប្រទេស​រឹងរូស​។ ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​ប្រាប់​ឲ្យ​ដឹងថា ដោយ​មិនមាន​ឯកសារ​ធ្វើដំណើរ​បញ្ជាក់​ពី​អត្តសញ្ញាណ​និង​សញ្ជាតិ ក្រសួង​នេះ​មិនអាច​បញ្ចប់​ដំណើរការ​និរទេស​ខ្លួន​ពួកគេ​បានទេ​។​

ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា «​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ឡាវ មិនបាន​បង្កើត​បែបបទ​ដើម្បី​ចេញ​ឯកសារ​ធ្វើដំណើរ​ដល់​ពលរដ្ឋរ​បស់​ខ្លួន​ដែល​ត្រូវបាន​បញ្ជា​ឲ្យ​ចេញពី​សហរដ្ឋអាមេរិក​នេះ​ទេ​។ ដោយ​មូល​ហេតុនេះ ទីភ្នាក់ងារ​អន្តោប្រវេសន៍​និង​គយ​សហរដ្ឋអាមេរិក ត្រូវ​ដោះលែង​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​និង​ឡាវ​នៅក្នុង​សហរដ្ឋអាមេរិក ដែល​អ្នកខ្លះ​មានទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com