អន្តរជាតិ
Hollywood គ្រោងចំណាយដល់ទៅ៦០លានដុល្លារ ដើម្បីថតរឿងក្មេងៗថៃជាប់ក្នុងរូងភ្នំ
× ផលិតកម្មភាពយន្តលំដាប់ពិភពលោក Hollywood ចង់យកដំណើរសាច់រឿងរបស់ក្មេងប្រុសថៃទាំង១២នាក់ រួមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់ដែលបានបាត់ខ្លួនក្នុងរូងភ្នំមួយក្នុងខេត្ត ឈៀងរ៉ៃយ៉ាងអាថ៌កំបាំងរយៈពេលជាច្រើនថ្ងៃនោះ ទៅផលិតជាខ្សែភាពយន្តមួយ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនផលិតកម្មភាពយន្តអាមេរិក Pure Flix។
បន្ទាប់ពីក្រុមអ្នករុករកបានចំណាយពេល១៨ថ្ងៃក្នុងបេសកកម្មជួយសង្គ្រោះ សមាជិកក្រុមកីឡាបាល់ទាត់ Wild Boars ចំនួន១២នាក់ ដែលមានអាយុចន្លោះពី១១ ទៅ១៦ឆ្នាំ រួមទាំងគ្រូបង្វឹកម្នាក់វ័យ២៥ឆ្នាំ បានចាកចេញពីក្នុងរូងភ្នំ Tham Luang ដោយសុវត្ថិភាពទាំងអស់គ្នាហើយកាលពីថ្ងៃទី១០ ខែកក្កដា។
ជាក់ស្តែង លោក Michael Scott អ្នកតំណាង និងជាសហស្ថាបនិក Pure Flix ដែលរស់នៅប្រទេសថៃស្រាប់ មានវត្តមាននៅកន្លែងកើតហេតុហើយបានឃើញសកម្មភាពក្នុងប្រតិបត្តិការណ៍រុករកក្មេងក្នុងរូងភ្នំផ្ទាល់តែម្តង។
លោក Scott បានរៀបរាប់ក្នុងខ្សែវីដេអូមួយដែលថតនៅក្បែរ រូងភ្នំស្ថិតនៅភាគខាងជើងប្រទេសនិងបង្ហោះក្នុងបណ្តាញសង្គម Twitter ផ្តាល់របស់ Pure Flix ថា៖«ខ្ញុំមិនអាចមិនរំភើបចិត្តបានទេ រឿងនេះមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ នៅពេលខ្ញុំបានតាមដានព្រឹត្តិការណ៍មួយនេះនៅប្រទេសថៃ។ ភរិយារបស់ខ្ញុំបានធំដឹងក្តីឡើងជាមួយទាហានជើងទឹកថៃម្នាក់ដែលបានស្លាប់ក្នុងបេសកកម្ម ដ៏គួរឲ្យរន្ធត់នៅក្នុងរូងភ្នំនោះទៀតផង។ ព្រឹត្តិការណ៍នេះប៉ះទង្គិច និងដិតដាមក្នុងអារម្មណ៍ខ្ញុំយ៉ាងខ្លាំង»។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រោមហេតុផលខាងលើនេះ ក្នុងនាមលោកជាអ្នកតំណាងម្នាក់របស់ Pure Flix ដែលមានជំនាញផលិតខ្សែភាពយន្តល្បីៗ ចង់យកដំណើរសាច់រឿងនេះទៅផលិតជាវីដេអូខ្នាតធំតែម្តង។ Hollywood ក៏បានគ្រោងកំណត់ថវិការដ៏ច្រើនមិនធម្មតាចន្លោះពី៣០ ទៅ៦០លានដុល្លារដើម្បីត្រៀមថតរឿងនេះផងដែរ៕
Tag:
Hollywood
ក្មេងប្រុសបាត់ខ្លួននៅថៃ
រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com