ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខ្មែរ​មួយចំនួន​នៅ​អង់គ្លេស ស្នើ​ឲ្យ​លោកស្រី Teresa May កុំ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​
13, Jul 2018 , 2:36 pm        
រូបភាព
លោកស្រី Theresa May នាយករដ្ឋមន្រ្តីអង់គ្លេស
លោកស្រី Theresa May នាយករដ្ឋមន្រ្តីអង់គ្លេស
ដោយ:
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​នៅ​អង់គ្លេស បានដាក់​ញត្តិ​ចំនួន​៣​ផ្សេងគ្នា ទៅកាន់​រដ្ឋាភិបាល និង​សភា​អង់គ្លេស ដើម្បី​សូមកុំ​ឲ្យ​ដាក់ទណ្ឌកម្ម មកលើ​ប្រទេស​កម្ពុជា​។ នៅក្នុង​ញត្តិ​របស់​ពួកគេ បាន​បញ្ជាក់ថា ប្រសិនបើ មានការ​ដាក់ទណ្ឌកម្ម អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់​ជាងគេ គឺ​កម្មករ និង​កសិករ​ក្រីក្រ​។



​ដោយ​បារម្ភ​ថា​អង់គ្លេស អាច​នឹងដាក់​ទណ្ឌកម្ម​មកលើ​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​មួយចំនួន ដែល​កំពុង​រស់នៅ​ទីនោះ ក៏​សម្រេច​សរសេរ​ញត្តិ​ដាក់​ទៅកាន់​លោកស្រី Teresa May នាយករដ្ឋមន្ត្រី​អង់គ្លេស លោក John Bercow ប្រធានសភា​អង់គ្លេស និងលោក Boris Johnson រដ្ឋមន្ត្រីការបរទេស​អង់គ្លេស (បច្ចុប្បន្នបានលាលែងពីតំណែង) ដើម្បី​សូម​ឲ្យ​លើកលែង​ការដាក់ទណ្ឌកម្ម​ណាមួយ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។ នៅក្នុង​ញត្តិ បាន​និយាយ​អំពី​ការអភិវឌ្ឍ​ទៀងទាត់​នូវ​កម្រិត GDP ជា​មធ្យម​៧.៧ ភាគរយ និង​បាន​និយាយ​អំពី​ផលប៉ះពាល់​ធំ​បំផុត​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​រោងចក្រ និង​កសិករ​នៅ​កម្ពុជា ប្រសិនបើ​មានការ​ដាក់ទណ្ឌកម្ម​។​

​ផលប៉ះពាល់​ដ៏​ធំ​នោះ គឺ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង ដែល​បាន​បង្កើត​ឲ្យ​មាន​ការងារ​ជាង ៨០០,០០០ កន្លែង ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់​ផ្សេងទៀត ក៏បាន​ទទួលផល​ប្រយោជន៍​ពី​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ GSP/EBA/MEN​។ ដូច្នេះ ប្រសិនបើ មានការ​ដាក់ទណ្ឌកម្ម​ណាមួយ អ្នក​ទទួលរង​ផលប៉ះពាល់​ដំបូង​គេ និង​ខ្លាំងជាងគេ​បំផុត​គឺ កម្មករ​រោងចក្រ និង​កសិករ​។​

​ការដាក់​ញត្តិ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​បណ្ដា​ប្រទេស​មួយចំនួន​កំពុងតែ​មិន​ពេញចិត្ត​នឹង​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ព្រមជាមួយ​ការទទូច​ពី​ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ផ្ដាច់​ជំ​នួយពី​កម្ពុជា ដើម្បី​ឲ្យ​ខ្លួន បាន​ចូលរួម​ក្នុងការ​បោះឆ្នោត នាពេលខាងមុខ​។

​គួររម្លឹកថា កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​ស្វី​ស ក៏បាន​ដាក់​ញត្តិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្វី​ស កុំ​ដាក់ទណ្ឌកម្ម​មកលើ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែរ​៕

អត្ថបទទាក់ទង




Tag:
 ទណ្ឌកម្ម​
 ​កម្ពុជា​
 ​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com