ជាតិ
​ព្រះមហាក្សត្រ ប្រទាន​ប្រាក់​១​លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​
13, Jul 2018 , 8:39 pm        
រូបភាព
​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី សម្តេចព្រះ​នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ បាន​ប្រទាន​ព្រះរាជ​ទ្រព្យ  ១​លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​បន្ត​កិច្ចការ​មនុស្សធម៌​ជួយ​ព្យាបាល​កុមារ​កម្ពុជា​។



​រាជទ្រព្យ ១​លាន​ដុល្លារ​នេះ ត្រូវបាន​ព្រះបាទ នរោត្តម សីហមុនី ប្រទាន​៥០​ម៉ឺន​ដុល្លារ និង​ព្រះមហាក្សត្រី ប្រទាន​៥០​ម៉ឺន​ដុល្លារ ដល់​លោក​វេជ្ជបណ្ឌិត ដេ​និ​ស ឡូ​រ៉ង់ (Denis Laurent) អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក ដេ​និ​ស ឡូ​រ៉ង់ បាន​ថ្លែងអំណរគុណ​ចំពោះ​ទ្រង់ ដោយ​ចាត់ទុក​ថវិកា​នេះ ថា​ជាការ​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការថែទាំ​ព្យាបាល​កុមារ​កម្ពុជា ដែល​មក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ និង​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ ក្លាយជា​កន្លែង​ល្អប្រសើរ​ដើម្បី​ព្យាបាល​កុមារ​គ្រប់រូប​នៅ​កម្ពុជា​។​

​គិត​មកដល់​ចុងខែ​មិថុនា ឆ្នាំ​២០១៨ មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុ​ជាមាន​សមាជិក​ស្ថាបនិក​១០៨​រូប និង​សមាជិក​កិត្តិយស​រួមជាមួយ​សប្បុរសជន​រាប់ម៉ឺន​នាក់​។ មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ មាន​ថវិកា​ជិត​៤​លាន​ដុល្លារ និង​ប្រាក់រៀល​ជិត ៣​ពាន់​លាន​រៀល ក្នុងនោះ​កាកបាទក្រហមកម្ពុជា បានផ្តល់​ថវិកា​១​លាន​ដុល្លារ​៕


Tag:
 ព្រះមហាក្សត្រ​
  មន្ទីរពេទ្យ​
  មូលនិធិ​
© រក្សាសិទ្ធិដោយ thmeythmey.com