ជាតិ
លោក ហង់ ជួន ណារ៉ុន៖ គ្រូ បានផ្ដល់ចំណេះដឹងដល់ខ្ញុំ ដូច្នេះខ្ញុំសងគុណវិញ ដោយការលើកស្ទួយវិស័យអប់រំ រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
× កំពង់ចាម៖ «ខ្ញុំចង់សងគុណគ្រូបង្រៀន ដែលបានបង្រៀនខ្ញុំឱ្យចេះដឹង ហើយអ្វីដែលត្រូវសងគុណមានតែផ្ដល់ធនធានជាថវិកាឱ្យកាន់តែច្រើនដល់វិស័យអប់រំជាងពេលមុន និងពេលនេះ នឹងប្រែក្លាយវិស័យអប់រំឱ្យទៅជាវិស័យមួយឈានមុខ ព្រមទាំងមានការទទួលស្គាល់ពីសង្គមជាតិ ឪពុកម្ដាយ សិស្ស រាជរដ្ឋាភិបាល និងសិស្សានុសិស្សទាំងអស់»។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ ជួន ណារ៉ុន នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយការងារ និងជូនបណ្ណសរសើរដល់បុគ្គលិកអប់រំ ខេត្តកំពង់ចាម។
សំឡេង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន៖
ក្នុងពិធីខាងលើ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម លោក ហង់ ជួន ណារ៉ុន ថ្លែងបន្តថា បើនិយាយអំពីវិស័យអប់រំយើងធ្វើបានជោគជ័យជាមួយគ្នាហើយ ហើយក៏មិនមែនជាជោគជ័យរបស់រដ្ឋមន្ត្រីក្រសួងអប់រំតែម្នាក់ឯងដែរ គឺជាជោគជ័យរបស់មនុស្សទាំងអស់គ្នា ក្នុងសង្គមទាំងមូល។ លោក រដ្ឋមន្ត្រីបន្ថែមថា ដូច្នេះ ការអប់រំខ្លាំង អ្នកសិក្សានឹងមានអនាគតល្អ ហើយប្រទេសជាតិទៅអនាគតនឹងរីកចម្រើន។
រដ្ឋមន្ត្រីក្រសួងអប់រំ បានបង្ហើបពីគម្រោងធំៗចំនួន៧ រយៈពេល ៥ឆ្នាំទៅមុខទៀត ដោយផ្ដោតសំខាន់ទៅលើគ្រូ និងសាលារៀន។ ដើម្បីឱ្យគុណភាពការអប់រំខ្លាំង ត្រូវពង្រឹងដល់សាលា ក្នុងនោះដែរត្រូវមានធនធានសម្ភារគ្រប់គ្រាន់ និងបរិស្ថានល្អ។ នេះជាការបន្ថែមរបស់លោក ហង់ ជួន ណារ៉ុន ហើយបានលើកឡើងថា ដោយកន្លងមកក្រសួងបានរៀបចំឱ្យមានការប្រឡងប្រណាំង គ្រូល្អ នាយកសាលាល្អ និងសាលាស្អាត។
លោក ហង់ ជួន ណារ៉ុន លើកឡើងបន្ថែមថា បច្ចុប្បន្នគ្រូបង្រៀនត្រូវបានសង្គមទាំងមូលទទួលស្គាល់ ហើយលោក ជឿជាក់ថា ទៅថ្ងៃអនាគត កិត្តិយសគ្រូបង្រៀន នឹងលេចត្រដែតឡើងស្កឹមស្កៃ ហើយវិស័យអប់រំកាន់តែវិវឌ្ឍទៅមុខឥតឈប់ឈរ។
នៅក្នុងពិធីដដែល រដ្ឋមន្ត្រីក្រសួងអប់រំ បានជំរុញលើកទឹកចិត្តមន្ត្រីគ្រប់រូប ឲ្យខិតខំបំពេញការងារឱ្យអស់លទ្ធភាព និងតម្រង់ទិសវិស័យអប់រំនៅកម្ពុជា ដើម្បីបង្កើតធនធានមនុស្សដ៏មានចំណេះដឹង និងជំនាញសមត្ថភាពពិតប្រាកដ ដើម្បីយកឧត្ដមភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។
គូសបញ្ជាក់ថា បុគ្គលិកអប់រំ ដែលទទួលបានមេដាយមាសមានចំនួន ១៥២៩នាក់ ក្នុងដោយក្នុងនោះ ស្ត្រី មាន ៦០៦នាក់ និងអង្គភាពដែលទទួលបានទង់ និងប័ណ្ណសរសើរមានចំនួន ៣៧អង្គភាព៕
Tag:
គ្រូបង្រៀន-មានគុណ
ចំណេះដឹង
វិស័យអប់រំ
ហង់ ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com