ជាតិ
តើនរ​ណាខ្លះ ជា​គណៈមេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ ក្នុងការ​ប្រឡង​បាក់​ឌុប​?
14, Jul 2018 , 5:59 pm        
រូបភាព
រូបភាពពីក្រសួងអប់រំ
រូបភាពពីក្រសួងអប់រំ
ដោយ:
​ភ្នំពេញ​៖ សមាសភាព​គណៈមេប្រយោគ​ទូទាំងប្រទេស​សម្រាប់​ផ្នែក​សំណេរ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) មានដូចជា រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប្រឡង ប្រធាន អនុប្រធាន អង្គភាព​ថ្នាក់ជាតិ ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត  ប្រធាន អនុប្រធាន ការិយាល័យ​ថ្នាក់ជាតិ និង​បុគ្គលិក​អប់រំ​តាម​អង្គភាព​ថ្នាក់ជាតិ​។


​សេចក្ដីណែនាំ​ស្ដីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៃ​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា សម្រាប់​សមាសភាព​គណៈ​កម្ម​ការ​អប្បមាទ​ទូទាំងប្រទេស នៃ​មណ្ឌល​សំណេរ​នីមួយៗ​ត្រូវ​ជ្រើសរើស​ក្នុងចំណោម អនុប្រធាន​អង្គភាព​ថ្នាក់ជាតិ​មួយចំនួន អនុប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត​មួយចំនួន ប្រធាន អនុប្រធាន​ការិយាល័យ​ថ្នាក់ជាតិ​មួយចំនួន ប្រធាន អនុប្រធាន​ការិយាល័យ​នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត​មួយចំនួន និង​បុគ្គលិក​អប់រំ​ថ្នាក់ជាតិ​មួយចំនួន​។​
 
​ចំណែកឯ ប្រធាន​មណ្ឌល​សំណេរ ត្រូវ​ជ្រើសរើស​ក្នុងចំណោម​ប្រធាន អនុប្រធាន​ការិយាល័យ​នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត​មួយចំនួន (​ករណី​ចាំបាច់​) ប្រធាន អនុប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត​មួយចំនួន ប្រធានការិយាល័យ​អប់រំ យុវជន​និង​កីឡា ស្រុក​-​ខណ្ឌ​មួយចំនួន និង​បុគ្គលិក​អប់រំ​តាម​អង្គភាព​ថ្នាក់ជាតិ​មួយចំនួន​។​
 
​រីឯ សមាសភាព​គណៈកម្មកា​រ​ត្រួតពិនិត្យ​តាម​អាគារ ត្រូវ​ជ្រើសរើស​ក្នុងចំណោម​គ្រូ​ប​ង្រៀ​ង​ថ្នាក់​ទី​១២ មុខវិជ្ជា​មិន​ប្រឡង​មួយចំនួន និង​គ្រូបង្រៀន​ថ្នាក់​ទី​១២ មុខវិជ្ជា​ប្រឡង​មួយចំនួន ដែល​មិន​បានស្នើ​ជា​គណៈកម្មការ​កំណែ  បុគ្គលិក​អប់រំ​នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត​មួយចំនួន និង​បុគ្គលិក​ការិយាល័យ​អប់រំ យុវជន​និង​កីឡា ស្រុក​-​ខណ្ឌ​មួយចំនួន​។​
 
​សម្រាប់​សមាសភាព​គណៈ​កម្ម​ការ​អនុរក្ស ត្រូវ​ជ្រើសរើស​ក្នុងចំណោម​គ្រូ​ប​ង្រៀ​ង​ថ្នាក់​ទី​១០ និង​១១ គ្រប់មុខ​វិជ្ជា​មួយចំនួន និង​ប​ង្រៀ​ង​ថ្នាក់​ទី​១២ មុខវិជ្ជា​មិន​ប្រឡង​មួយចំនួន និង​មុខវិជ្ជា​ប្រឡង​មួយចំនួន ដែល​មិន​បានស្នើ​ជា​គណៈកម្មការ​កំណែ បុគ្គលិក​អប់រំ​នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត​មួយចំនួន និង​បុគ្គលិក​ការិយាល័យ​អប់រំ យុវជន​និង​កីឡា ស្រុក​-​ខណ្ឌ​មួយចំនួន និង​បុគ្គលិក​ទីចាត់ការ​នៃ​វិទ្យាល័យ​មួយចំនួន​។​
 
​សេចក្ដីណែនាំ​ខាងលើ បាន​បញ្ជាក់ថា សមាសភាព​មេ​ប្រយោគ​គ្រប់​គណៈកម្មការ​ទាំងអស់ ត្រូវ​ជ្រើសរើស​ក្នុងចំណោម​បុគ្គលិក​អប់រំ ដែលមាន​សមត្ថភាព សុចរិត​ភាព បទពិសោធ ស្នាដៃ​ល្អ និង​មាន​ភាពឈ្លាសវៃ​ក្នុងការ​ដោះស្រាយ ដែល​នឹង​កើតឡើង​ជាយថាហេតុ​។ ហាម​បញ្ចូល​ឈ្មោះ​បុគ្គលិក​អប់រំ ដែល​ក្រសួង​ដាក់វិន័យ​រដ្ឋបាល​ផ្អាក់​មិនឱ្យ​ចូលរួម​ប្រឡង​ទៅតាម​ចំនួន​ឆ្នាំ​ដែល​បានកំណត់​។ ក្នុងករណី​ធ្វេសប្រហែស ឬ​មាន​ចេតនា​បញ្ចូល​ឈ្មោះ​សមាសភាព​នៅជាប់​វិន័យ​រដ្ឋបាល​នៅឡើយ សាមី​អង្គភាព និង​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត​នោះ​ជា​អ្នកទទួលខុសត្រូវ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ក្នុង​សេចក្ដីណែនាំ​ដដែល​។​
 
​គួរ​បញ្ជាក់ថា បេក្ខជន​ប្រឡង​មាន​ចំនួន ១១៧ ,០៦១​នាក់ ក្នុងសម័យ​ប្រឡង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ និង​មណ្ឌល​ប្រឡង​ចំនួន ១៩៥​មណ្ឌល នៅ​ទូទាំងប្រទេស​។ គណៈមេប្រយោគ​មាន​ចំនួន ៣១,១០៨ នាក់ ដោយ​ចែកចេញជា​ពីរ​ដំណាក់កាល​គឺ ដំណាក់​ទី​១ សំណេរ មាន​ចំនួន ១៥,៨០០​នាក់ និង​ដំណាក់កាល​ទី​២ កំណែ មាន​ចំនួន ១៤,៤០០​នាក់​៕ 

Tag:
 ប្រឡង​បាក់​ឌុប​-​សមាសភាព​គណៈមេប្រយោគ
© រក្សាសិទ្ធិដោយ thmeythmey.com