អន្តរជាតិ
ឡាវ ហៅ​វិធាន​ការរឹតត្បិត​ទិ​ដ្ឋា​ការរបស់អាមេរិក​​លើ​មន្ត្រីជាន់ខ្ពស់​ ជា​រឿង​មិន​សម​ហេតុ​សម​ផល​
14, Jul 2018 , 11:02 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសឡាវ Saleumxay Kommasith (រូបភាព Manila Bulletin)
រដ្ឋមន្រ្តីការបរទេសឡាវ Saleumxay Kommasith (រូបភាព Manila Bulletin)
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បាន​សម្តែង​ការខកចិត្ត​ខ្លាំង​ទៅនឹង​វិធានការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​រឹតត្បិត​លើ​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់​ឡា​វ​។ ក្រុង​វៀងចន្ទន៍ បានចាត់ទុក​វិធាន​នេះ ជា​រឿង​មិន​សម​ហេតុ​សម​ផល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​។

 
 
​ក្រសួងការបរទេស​ឡា​វ នៅ​ថ្ងៃ​១០ កក្កដា​កន្លងទៅ បានចេញ​ថ្លែងការណ៍​មួយ​ដើម្បី​ឆ្លើយតប​នឹង​ចំណាត់​របស់​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​របស់​អាមេរិក ដែល​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ឡាវ​តាមរយៈ​ការ​រឹតត្បិត​លើ​ការផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ឡាវ បន្ទាប់ពី​រដ្ឋាភិបាល​ឡាវ បដិសេធ​ទទួល​ពលរដ្ឋ​ខ្លួន​ដែល​ផុត​សុពលភាព​ក្នុងការ​រស់នៅក្នុង​ទឹកដី​អាមេរិក​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឡាវ Laotian Times ក្រសួងការបរទេស​ឡា​វ បាន​សម្តែង​ការខកចិត្ត និង​សោកស្តាយ​ចំពោះ​ការអនុវត្ត​ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​ប្រឆាំងនឹង​ពលរដ្ឋ​ឡាវ​។ ក្រសួង​ឡាវ បាន​មើលឃើញថា​សកម្មភាពរ​បស់​អាមេរិក​បែបនេះ​មិនមែន​តម្លាភាព ហើយ វា ក៏​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ឡាវ​-​អាមេរិក ដែល​កំពុងតែ​រីកលូតលាស់​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នោះ ក្រសួងការបរទេស​ឡា​វ បាន​ពន្យល់ថា ឡាវ តែងតែ​ឲ្យ​តម្លៃ​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អាមេរិក និង​ការអនុវត្ត​ច្បាប់​។ លើ​បញ្ហា​នេះ ក្រសួង ក៏បាន​បកស្រាយ​ថា រដ្ឋាភិបាល​ឡាវ ក៏បាន​បង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ​មួយ​ដើម្បី​វាយតម្លៃ​លើ​សំណើ​របស់​អាមេរិក ដែលជា​លទ្ធផល រដ្ឋាភិបាល​ឡាវ ក៏បាន​ព្រម​ទទួលយក​ពលរដ្ឋ​មួយចំនួន​រួចហើយ​ដែរ​។ នេះ មានន័យថា រដ្ឋាភិបាល​ឡាវ មិនមែន​មិន​អើពើ​លើ​សំណើ​អាមេរិក​ឡើយ​។ 
 
​ជាមួយគ្នានេះ ក្រសួង​របស់​ឡាវ ក៏បាន​ឲ្យ​អាមេរិក​ដកចេញ​នូវ​វិធានការ​ប្រឆាំងនឹង​បែបនេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេស និង​ប្រជាជន​ទាំងពីរ ហើយ​ឡាវ ក៏បាន​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​អាមេរិក​។​
 
​សូម​ជម្រាប​ផងដែរ នៅ​ថ្ងៃ​៩ កក្កដា​កន្លងទៅ ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក បានប្រកាស​ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់រ​បស់​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ដែលមាន​ឋានៈ​ចាប់ពី​អគ្គនាយក​ឡើងទៅ រួមទាំង​ក្រុមគ្រួសារ​ពួកគេ​ផងដែរ​។ ចំណាត់ការ​ធ្វើឡើង ដោយ​អាមេរិក ចាត់ទុក​ឡាវ ជា​រដ្ឋ​រឹងរូស​ក្នុងការ​ទទួលយក​សំណើ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ឡាវ​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​ខ្លួន​៕ 

Tag:
 ​ឡាវ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com