កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីរុស្ស៊ី Abramovic ចាយអស់១២០លានដុល្លារលើការបញ្ចប់តំណែងគ្រូ Chelsea
× ចាប់តាំងពីសេដ្ឋីជនជាតិរុស្ស៊ីលោក Roman Abramovich ឡើងកាន់កាប់ក្លិប Chelsea ពីឆ្នាំ ២០០៣មក ក្លិបនេះបានផ្លាស់ប្តូរអ្នកចាត់ការចំនួន៨រូបហើយ បន្ទាប់ពីបញ្ចប់តំណែងលោក Antonio Conte នៅឆ្នាំ២០១៨នេះ។ ក្លិបរហស្សនាមតោខៀវបានចំណាយប្រាក់រហូតដល់៩០លានផោន ប្រមាណ១២០លានដុល្លារអាមេរិក ពីការបញ្ចប់តំណែងគ្រូទាំង៨រូបនេះ ដ្បិតពួកគេនៅជាប់កិច្ចសន្យា។
លោក Antonio Conte ជាអ្នកចាត់ការទូទៅទី៨ហើយដែល Chelsea បានប្រកាសចែកផ្លូវក្រោយដឹកនាំបានរយៈពេល២ឆ្នាំ។ ប៉ុន្តែការចាកចេញពី Stamford Bridge អតីតគ្រូជម្រើសជាតិអ៊ីតាលី និង Juventus នេះ ទទួលបានប្រាក់សំណង ១២លានដុល្លារផងដែរ ព្រោះនៅជាប់កិច្ចសន្យារយៈពេល១ឆ្នាំទៀត។
អ្វីដែលគួរឲ្យកត់សំគាល់នោះ ក្នុងសម័យកាលកាន់កាប់របស់លោក Abramovich ក្នុងរយៈពេល១៥ឆ្នាំមកនេះ Chelsea បានផ្លាស់ប្តូរគ្រូរហូតដល់ទៅ៩លើកមកហើយ ដែលក្នុងនោះអ្នកចាត់ការ Manchester United បច្ចុប្បន្នគឺលោក Jose Mourinho មានប្រវត្តិចែកផ្លូវជាមួយតោខៀវដល់ទៅ២ដង។
ក្នុងការបញ្ចប់តំណែងអ្នកចាត់ការទាំង៨រូបកន្លងមក Chelsea បានចំណាយប្រាក់សំណងទៅដល់ពួកគេសរុបរហូតដល់១២០លានដុល្លារ ដែលក្នុងនោះរួមមានលោក Claudio Ranieri នៅឆ្នាំ ២០០៤ ចំនួន ៧.៨៨លានដុល្លារ, Jose Mourinho (២០០៧) ២៣.៦៤លានដុល្លារ, Avram Grant (២០០៨) ៧.២២លានដុល្លារ, Luiz Felipe Scolari (២០០៩) ១៦,៥៥លានដុល្លារ, Carlo Ancelotti (២០១១) ៧.៨៨លានដុល្លារ, Andre Villas-Boas (២០១២) ១៥.៧៦លានដុល្លារ, Roberto Di Matteo (២០១២) ១៤លានដុល្លារ, Jose Mourinho (២០១៥) - ១២.៤៨, Antonio Conte (២០១៨) ១២លានដុល្លារ។ លោក Rafael Benitez ដែលបានជួយឲ្យ Chelsea ឈ្នះពាន Europa League មិនស្ថិតក្នុងចំណោមគ្រូបង្វឹកទាំងនោះឡើយ ពីព្រោះលោកគ្រាន់តែដឹកនាំបណ្តោះអាសន្នប៉ុណ្ណោះ នារដូវកាល ២០១២-២០១៣ ។
បន្ទាប់ពីបញ្ចប់តំណែងលោក Conte ក្រុមតោខៀវ បានតែងតាំងលោក Maurizio Sarri អតីតអ្នកចាត់ការទូទៅ Napoli មកដឹកនាំបន្តក្នុងកិច្ចសន្យាបីឆ្នាំ៕
Tag:
បាល់ទាត់
Chelsea
Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com