គឺរយៈពេលជិតមួយទសវត្សរ៍ហើយ ដែលស៊ូដង់ខាងត្បូងបានប្រកាសឯករាជ្យជាផ្លូវការ ក្រោយមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ក៏ប៉ុន្តែក្រោយនៃការទទួលបានឯករាជ្យផ្លូវការនេះ អ្នកនយោបាយស៊ូដង់ខាងត្បូង មិនទាន់អាចកសាងប្រទេសបាននៅឡើយនោះទេ ដ្បិតសង្គ្រាមស៊ីវិលដណ្តើមអំណាចគ្នានៅបន្តកើតមានឡើង។
តាមរបាយការណ៍របស់ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ UNICEF រដ្ឋវ័យក្មេងខ្ចីបំផុតរបស់ពិភពលោក ស៊ូដង់ខាងត្បូង នៅតែកើតមានឡើងសង្គ្រាមស៊ីវិល ដែលស្ថានភាពនេះកំពុងតែបំផ្លាញអាយុជីវិតរបស់កុមារជំនាន់ក្រោយ រាប់លាននាក់ ដោយពួកគេ ពុំដែលស្គាល់អ្វីឡើយថាជាសន្តិភាព ពោលគឺស្គាល់ថាសង្គ្រាម។
តាមរបាយការណ៍ដដែលនោះ ដោយសារតែជម្លោះនេះ ធ្វើឲ្យកុមារ ២.៦ លាននាក់ ក្នុងចំណោមកុមារ ៣.៤ លានទូទាំងប្រទេសស៊ូដង់ខាងត្បូង មិនមានឱកាសដើម្បីទទួលបានការអប់រំ, ការរស់នៅមិនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់, ងាយឆ្លងនឹងជំងឺ និងរងការបំពានជាដើម។
ជុំវិញវិបត្តិនេះ នាយកប្រតិបត្តិ UNICEF លោកស្រី Henrietta H. Fore បានអះអាងថា លោកស្រី បានឃើញពីស្ថានពិតរបស់កុមារទាំងនោះរួចហើយ ដែលពួកគេ មិនអាចប្រឈមមុខនឹងអ្នកណាផ្សេងទៀតបានឡើយ ពោលគឺ ក្នុងសតិរបស់ពួកគេ មានតែការភ័យខ្លាច។ លោកស្រីនាយក ក៏បានទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែស្វែងរកដំណោះស្រាយដើម្បីនាំយកសន្តិភាពរបស់ប្រទេសឡើងវិញ។
ស្របជាមួយនឹងរបាយការណ៍ខាងលើ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានចេញរបាយការណ៍ស៊ើបអង្កេតមួយស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់ស៊ូដង់ខាងត្បូងផងដែរ។ តាមរបាយការណ៍សង្ខេបកម្រាស់១៤ទំព័រនោះ ភ្នាក់ងារសិទ្ធិមនុស្ស បានរកឃើញការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយ អ្នកនយោបាយស៊ូដង់ខាងត្បូង ពោលគឺទាំងខាងរដ្ឋាភិបាលផង និងទាំងក្រុមបក្សប្រឆាំងផង។
របាយការណ៍ស៊ើបអង្កេតនោះ បានរកឃើញថា ការមិនត្រូវរូវគ្នា និងការប៉ះទង្គិចប្រដាប់អាវុធរវាងភាគីទាំងពីរ មិនត្រឹមតែរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះនោះទេ តែថែមទាំងបង្កើតឲ្យមានការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដូចជាការវាយប្រហារនិងសម្លាប់ទៅលើជនស៊ីវិល ដែលជាអ្នកគាំទ្រ, បទល្មើសរំលោភ និងទាសភាពផ្លូវភេទ, ការបំផ្លាញទ្រព្យសម្បិត្តដោយខុសច្បាស់ និងការបណ្តេញចេញដោយបង្ខំជាដើម។
ជាមួយនឹងការរកឃើញបទល្មើសទាំងនេះ ភ្នាក់ងារជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានមើលឃើញពីលទ្ធភាព នៃការធ្លាក់ចូលនៃទង្វើដែលប្រព្រឹត្តដោយអ្នកនយោបាយស៊ូដង់ខាងត្បូងទាំងនេះ ក្នុងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិទៀតផង។
សូមជម្រាបថា ស៊ូដង់ខាងត្បូង គឺជាកូនពៅរបស់អង្គការសហប្រជាជាតិ ពោលគឺរដ្ឋអាហ្វ្រិក មួយនេះ បានក្លាយជាសមាជិកទី១៩៣ របស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០១១។ តែមិនដល់២ឆ្នាំក្រោយនៃការប្រកាសឯករាជ្យផង ស៊ូដង់ខាងត្បូង ក៏ចាប់ផ្តើមមានសង្គ្រាមស៊ីវិលដោយសារជម្លោះនយោបាយនៃដណ្តើមអំណាច ។ មេដឹកនាំកំពូល មិនមានការទុកចិត្តគ្នាទៅវិញទៅមកក្នុងជួរនៃថ្នាក់ដឹកនាំរដ្ឋាភិបាល រហូតដល់មានការបង្កើតចលនាប្រឆាំង ដែលមានបំពាក់ដោយសព្វាវុធទាំងសងខាង។
ទោះភាគីពាក់ព័ន្ធនៃជម្លោះ បានចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ម្តងជាពីរដងហើយក៏ដោយ សន្តិភាព និងស្ថិរភាពនៃរដ្ឋក្មេងខ្ចីមួយនេះ នៅតែស្ថិតនៅក្នុងភាពមិនប្រកដប្រជានៅឡើយនោះទេ។ ការប៉ះទង្គិចគ្នា នៅតែបន្តកើតឡើង។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ការនៅតែមិនត្រូវរូវរវាងមេដឹកនាំស៊ូដង់ខាងត្បូង នឹងធ្វើឲ្យប្រជាជនខ្លួនប្រមាណជាង៣លាននាក់ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាងនៅត្រឹមចុងឆ្នាំ២០១៨នេះ៕