ជាតិ
សេដ្ឋកិច្ច
​ក្រុមហ៊ុន​៤​បោះទុន​វិនិយោគ​ជាង​៦​លាន​ដុល្លារ បង្កើត​រោងចក្រ​នៅ​កម្ពុជា
15, Jul 2018 , 10:00 am        
រូបភាព
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​ចុះបញ្ជី​ជា​ផ្លូវការ លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​៤ ដែល​គ្រោង​បង្កើត​រោងចក្រ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ទាំង​៤​នោះ មាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ៦​លាន​ដុល្លារ​អាមេរិក និង​ព្រមទាំង​អាចបង្កើត​ការងារ​ឲ្យ​ប្រជាជន​បាន​ជាង ១.៤០០​កន្លែង​។

 
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ក្រុមហ៊ុន​ទាំង​៤​នោះ មាន​ក្រុមហ៊ុន​២ មក​វិនិយោគ​នៅ​ខេត្ត​ស្វាយ​វៀង និង​ក្រុមហ៊ុន​២​ទៀត វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។  
​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​ខេត្ត​ស្វាយ​វៀង​មាន ក្រុមហ៊ុន​HUICAI PACKAGING (CAMBODIA) CO.,LTD និង​ក្រុមហ៊ុន CAMBO HONGSHENG ELECTRONICS CO.,LTD​។​
 
​ក្រុមហ៊ុន HUICAI PACKAGING (CAMBODIA) CO.,LTD មាន​ទុនវិនិយោគ​ប្រមាណ ៣,៥៦​លាន​ដុល្លារ​អាមេរិក មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ប្លា​ស្ទិ​ក កេស​កា​តុង   ស្លាក​សញ្ញា​សម្លៀកបំពាក់ និង​បោះពុម្ព នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​ដុង សាន់​សែ​ល ដោយ​អាចបង្កើត​ការងារ​បាន ៤៧៦​កន្លែង​។ រីឯ​ក្រុមហ៊ុន CAMBO HONGSHENG ELECTRONICS CO.,LTD មាន​ទុន ២,១៤​លាន​ដុល្លារ​អាមេរិក ដែល​គ្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​អេឡិចត្រូនិក នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ ជាន ពុ ចាយ និង​បង្កើត​ការងារ​បាន​៣២៣​កន្លែង​។​
 
​ដោយឡែក ក្រុមហ៊ុន  ROBUSTAHL CO.,LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង​ទីប​ដែក​អ៊ី​ណុ​ក នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលមាន​ទុនវិនិយោគ ១​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​៥៥២​កន្លែង​។ ចំណែក​ក្រុមហ៊ុន UNION GAKKI (CAMBODIA) CO.,LTD មាន​ទុន ៣៧៨.២០០​ដុល្លារ​អាមេរិក ដោយ​បង្កើត​រោងចក្រ​ផលិត​ព្យ៉ា​ណូ​កែច្នៃ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ និង​បង្កើត​ការងារ​បាន ៥៥​កន្លែង​៕

Tag:
 សេដ្ឋកិច្ច​
  រោងចក្រ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com