បញ្ហាសំរាម និងប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភី នៅតែចោទជាបញ្ហា សម្រាប់ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន និងម៉ារ៉ាតុនអន្តរជាតិ។ ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញកីឡាបានបកស្រាយថា តាមស្មារតីកីឡារាល់ព្រឹត្តិការណ៍កីឡាទាំងអស់ គឺមិនមានប្រាក់រង្វាន់នោះទេ លើកលែងតែកីឡាអាជីព។ ហើយទាក់ទងបញ្ហាសំរាម គេនឹងសម្អាតក្រោយចប់កម្មវិធី ដោយសារក្នុងអំឡុងពេលប្រកួតកីឡាករនីមួយៗជាប់រវល់ប្រកួតមិនបានទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយថា តាមច្បាប់កីឡា គឺមិនអនុញ្ញាតឲ្យយកថវិកាធ្វើជាប្រាក់រង្វាន់នោះទេ។ ម្យ៉ាងទៀត ការយកថវិកាធ្វើជារង្វាន់ វាខុសនឹងទ្រឹស្តីស្មារតីកីឡា ដែលចែងថា រាល់ព្រឹត្តិការណ៍កីឡាទាំងអស់លើកលែងកីឡាអាជីព មិនអនុញ្ញាតឲ្យដាក់ថវិកា ដើម្បីទាក់កីឡាករឡើយ។
«ពាក់ព័ន្ធរឿងប្រាក់រង្វាន់លើទឹកចិត្តសម្រាប់អ្នកជ័យលាភីនេះ មិនមែនមានតែភ្នំពេញទេ ដែលរងការរិះគន់ គឺគ្រប់ការរៀបចំទិវារត់ប្រណាំង នេះដោយសារគាត់មិនយល់ពីស្មារតីកីឡា។ តាមច្បាប់កីឡា គឺអត់មានប្រាក់នោះទេ អ្នកឈ្នះមានតែមេដាយមួយ និងតុក្កតាមួយប៉ុណ្ណោះ។ នៅក្នុងស្មារតីកីឡាគេបានចែងហើយ គេមិនឲ្យដាក់ទឹកប្រាក់ ដើម្បីទាក់ទាញកីឡាករ ឬដាក់តម្លៃជ័យលាភីនោះទេ។ បើដាក់តម្លៃជ័យលាភី គេហៅថា កីឡាអាជីព»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
លោកបន្ថែមថា ថវិកាដែលម្ចាស់ជ័យលាភីធ្លាប់ទទួលបានកន្លងមក មិនមែនជាតម្លៃថ្លៃពលពលកម្ម ឬថ្លៃសម្រាប់ជ័យលាភីរបស់កីឡាករនោះទេ ពោលគឺគ្រាន់តែជាការលើកទឹកចិត្តរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍នោះតែប៉ុណ្ណោះ។ លោកនិយាយថា៖«បើនិយាយពីអ្នកទៅប្រកួតចូលរួមប្រកួតកីឡា ទាំងកីឡាអូឡាំពិក មិនមែនបានមេដាយហើយ បានលុយមួយកញ្ចប់នោះទេ។ លុយ គឺអាស្រ័យលើប្រទេស ដែលជាម្តាយឪពុកវិញទេ ជាអ្នកឲ្យលើកទឹកចិត្ត ដែលខិតខំប្រកួតនាំជ័យជម្នះជូនប្រទេសជាតិ»។
ការលើកឡើងបែបនេះ របស់ថ្នាក់ដឹកនាំកីឡាខាងលើ ធ្វើឡើងក្រោយមានការរិះគន់ពីមហាជនមួយចំនួនតូចពាក់ព័ន្ធបញ្ហានេះ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នាអំឡុងពេលរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិភ្នំពេញ។ ទំព័រហ្វេសប៊ុករិះគន់ ដែលចែករំលែកតគ្នាលើប្រព័ន្ធសង្គមបានសរសេរថា ព្រឹត្តិការណ៍រត់ប្រណាំងធំប៉ុណ្ណាណី ម្ចាស់ជ័យលាភីលេខ១លើវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្របាន១៥០ដុល្លារ។
មិនមែនមានតែបញ្ហាប្រាក់រង្វាន់នោះទេ ដែលរងការរិះគន់ សូម្បីតែបញ្ហាសំរាមដូចជាសំបកដបទឹកសុទ្ធ និងសម្ភារផ្សេងៗរបស់ក្រុមហ៊ុនឯកជនដៃគូឧបត្ថម្ភ ដែលចោលពាសវាលពាសកាលលើផ្លូវ ឬទីធ្លាសាធារណ ក៏ត្រូវបានមហារិះគន់តាមបណ្តាញសង្គមផងដែរ។ ពាក់ព័ន្ធបញ្ហានេះ លោក វ៉ាត់ ចំរើន បានអះអាងថា មិនមែនមានតែកម្ពុជានោះទេ សូម្បីព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន និងម៉ារ៉ាតុនអន្តរជាតិនៅលើពិភពលោក ក៏ជួបបញ្ហានេះដែរ។
លោកបានពន្យល់ថា៖«ធម្មតាពេលកីឡាករកំពុងរត់ គាត់ហូបទឹកហើយ គាត់គ្រវែងដបចោល ព្រោះគាត់មិនអាចផឹករួចហើយ យកដបទាំងនោះទៅដាក់ឲ្យបានសមរម្យនោះទេ។ មិនមែនតែកម្ពុជានោះទេ សូម្បីបារីសម៉ារ៉ាតុន ឡុនដុនម៉ារ៉ាតុន ក្រោយរត់ហើយសំបកដបទឹកសុទ្ធ កំប៉ុងជ័រ និងសម្ភារផ្សេងៗរាយពេញផ្លូវដូចគ្នា។ តែក្រោយព្រឹត្តិការណ៍ចប់ គេដើរសម្អាត»។
ពាក្យស្លោក«រត់ដើម្បីទីក្រុងស្អាត បរិស្ថានបៃតង» ត្រូវបានលោកអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ ចាត់ទុកថា អាចជាមូលហេតុ ដែលធ្វើមហាជនមួយចំនួនតូចរិះគន់ភ្លាមៗ ពេលពួកគេឃើញសំរាមរាយនៅលើដងផ្លូវ អំឡុងពេលប្រកួត។ លោក បានចាត់ទុកការរិះគន់នេះថា ជារឿងបុគ្គល និងជាសិទ្ធបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ហើយ លោក ក៏អរគុណចំពោះការរិះគន់បែបនេះផងដែរ ព្រោះការរិះគន់នេះ អាចធ្វើឲ្យអ្នករត់មានការភ្ញាក់រលឹក និងមានស្មារតីប្រុងប្រយ័ត្នក្នុងការចោលសំរាមដែរ៕