អន្តរជាតិ
នាយករដ្ឋមន្ត្រីហៃទីលាលែងពីតំណែង ក្រោយមានបាតុកម្មប្រឆាំងការដំឡើងថ្លៃប្រេង នាយករដ្ឋមន្រ្តីហៃទី Jack Guy Lafontant (រូបភាព AFP).jpg
× នាយករដ្ឋមន្ត្រីហៃទី Jack Guy Lafontant នៅថ្ងៃទី១៤ ខែកក្កដា បានសម្រេចចិត្តលាលែងពីតំណែងហើយ បន្ទាប់ពីមានការតវ៉ាប្រឆាំងផែនការដំឡើងថ្លៃប្រេង ដែលក្រោយមកត្រូវបានបោះបង់វិញ។ យ៉ាងណាមិញ ការតវ៉ាបានក្លាយជាអំពើហិង្សាដែលធ្វើឲ្យមនុស្សជាច្រើនបាត់បង់ជីវិត និងរងរបួស ព្រមគ្នានឹងកើនឡើងសកម្មភាពលួចឆក់ហាងទំនិញនានាផងនោះ។ ឯលោក Lafontant ក៏ប្រឈមមុខការបោះឆ្នោតមិនទុកចិត្តក្នុងសភាដែរ។
ទំនងជាដឹងខ្លួនថា មិនអាចរក្សាតំណែងបាននោះ លោក Jack Guy Lafontant បានចុះចេញពីតំណែងនាយករដ្ឋមន្ត្រីហៃទីនៅថ្ងៃទី១៤ ខែកក្កដា។ ការលាលែងពីតំណែង ធ្វើឡើងស្របពេលបាតុកម្មដ៏ហិង្សាមួយប្រឆាំងផែនការដំឡើងថ្លៃប្រេងរបស់រដ្ឋាភិបាលលោក។ ដោយសាររឿងនេះ សភាជាន់ទាបហៃទី ក៏គ្រោងបោះឆ្នោតមិនទុកចិត្តលើលោក Lafontant ដែរ។ ប្រធានាធិបតីហៃទី Jovenel Moise បានទទួលពាក្យសុំលាលែងរួចហើយ។
បាតុកម្មបានផ្ទុះឡើងនៅក្នុងរដ្ឋធានី និងទីក្រុងធំៗ នៅពេលរដ្ឋាភិបាលោក Lafontant បានសម្រេចកាត់បន្ថយប្រាក់ឧបត្ថម្ភធនលើការផលិតផលប្រេង ដែលនេះជាផ្នែកមួយកិច្ចព្រមព្រៀងរវាងហៃទី និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ កការសម្រេចចិត្តបែបនេះមានន័យថា ថ្លៃប្រេងធម្មតាកើនឡើងចំនួន៣៨ភាគរយ និងថ្លៃប្រេងម៉ាស៊ូតកើនចំនួន៤៨ភាគរយ ឯតម្លៃកេរ៉ូសែនកើនរហូតដល់៥១ភាគរយឯណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ហាងទំនិញជាច្រើនក្នុងទីក្រុង ត្រូវបានលួច និងដុចកម្ទេចយ៉ាងអាណាធិបតេយ្យ ឯឡានជាច្រើនគ្រឿងក៏ត្រូវបានដុតឆេះដូចគ្នា។ មនុស្សយ៉ាងហោចណាស់បួនបានបាត់បង់ជីវិត។ ចុងក្រោយ រដ្ឋាភិបាលលោក Lafontant ក៏សម្រេចចិត្តផ្អាកផែនការបង្កើនថ្លៃប្រេងនេះ ដើម្បីធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់សិន។ លោក Lafontant ដែលមិនសូវមានបទពិសោធផ្នែកនយោបាយ ក៏រងការរិះគន់ឥតឈប់ឈរផងដែរ។
បាតុករម្នាក់ឈ្មោះ Fleurette Pierre និយាយថា បញ្ហាមិនមែនស្ថិតលើសំណួរនៃការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីឡើយ ព្រោះពីមួយថ្ងទៅមួយថ្ងៃ ប្រជាជនហៃទីរងគ្រោះកាន់ខ្លាំងតែដោយសារតែ ភាពអត់ការងារធ្វើ អសន្តិសុខ និងភាពអត់ឃ្លានជាដើម។
សូមបញ្ជាក់ថា ហៃទី គឺរដ្ឋក្រីក្រីមួយនៃតំបន់ការ៉ាអ៊ីប ដោយប្រជាជនច្រើនជាហ៦០ភាគរយរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬចំណូលត្រោមពីរដុល្លារក្នុងមួយថ្ងៃ។ ប្រទេសនេះនៅមិនទាន់ងើបរួចពីការខូចខាតនៃគ្រោះរញ្ជួយដីកាលពីឆ្នាំ២០១០នៅឡើយទេ ហើយនៅតែបន្តពឹងផ្អែកលើជំនួយអន្តរជាតិដដែល។ ហេតុនេះហើយបានជាការកើនឡើងតម្លៃអ្វីមួយ នឹងធ្វើឲ្យប្រជាជនប្រទេសនេះត្រូវរងគ្រោះមិនខាន៕
Tag:
ហៃទី
Jack Guy Lafontant
© រក្សាសិទ្ធិដោយ thmeythmey.com