អន្តរជាតិ
ប្រទេស​ណាខ្លះ ដែលមាន​ប្រជាជន​វ័យ​ចំណាស់​ច្រើនជាងគេ​របស់​ពិភពលោក​?
15, Jul 2018 , 7:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​ល័ក្ខខ័ណ្ឌ នៃ​ការរស់នៅ ជា​កត្តា​រួមផ្សំ​មួយ​ដ៏​ចម្បង ដែល​ចូលរួមចំណែក​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេសមួយ​អាច​រស់​នៅបាន​ក្នុង​រយៈពេល​វែង ឬក៏​ខ្លី​។ តាម​របាយការណ៍​រប​ស់​អង្គការ​សុខភាព​ពិភពលោក ចំនួន​ប្រជាជន​ដែលមាន​អាយុ​វែង និង​ចំនួន​ប្រជាជន​វ័យ​ចំណាស់​ច្រើន ភាគ​ច្រើ រស់នៅក្នុង​ប្រទេស ដែលមាន​ការអភិវឌ្ឍ ឬ​ជឿនលឿន​។​

 
​ចំនួន​អត្រា​មនុស្ស​ចាស់​កាន់តែច្រើន (​គិត​ក្នុង​អាយុ​ស្តង់ដារ​៦៥ ឬ​លើសពីនេះ​) បានធ្វើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មានការ​អភិវឌ្ឍ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដ្បិត​ត្រូវ​ធានា​ពី​សុខមាលភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​វ័យ​ចំណាស់​ទាំងនោះ​។ រហូតដល់​រដ្ឋាភិបាល​មួយចំនួន ត្រូវ​កែប្រែ​បញ្ញត្តិ នៃ​ការ​ល័ក្ខខ័ណ្ឌ​ការងារ​របស់ខ្លួន​ដើម្បី​ដំឡើង​អាយុ នៃ​ការចូលនិវត្តន៍​ក៏មាន​។ 
 
​តាម​គេហទំព័រ​ស្រាវជ្រាវ​ពិភពលោក World Atlas ដែល​បាន​ដកស្រង់​របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក ជប៉ុន ត្រូវបាន​ចាត់ទុកជា​ប្រភព​ធំជាងគេ ដែលមាន​ប្រជាជន​វ័យ​ចំណាស់​រស់នៅ​ច្រើនជាងគេ​របស់​ពិភពលោក​។ ចំនួន​មនុស្ស​ចាស់​វ័យ​៦៥ និង​លើសពីនេះ មាន​ចំនួន​រហូតដល់ ២៦.៣ ភាគរយ​នៃ​ប្រជាជន​ជប៉ុន​សរុប ខណៈ​ភាគរយ ក៏​ត្រូវបាន​រំពឹងថា នឹង​ឡើងដល់ ៣២.២​ភាគរយ​នៅ​ឆ្នាំ​២០៣០​។​
 
​ប្រទេស​ដែលមាន​ប្រជាជន​វ័យ​ចំណាស់​ច្រើន​បន្ទាប់​របស់​ពិ​ភ​លោក​គឺ អ៊ីតាលី​។ តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ៊ីតាលី មាន​ប្រជាជន​វ័យ​ចំណាស់​រហូតដល់ ២២.៤ ភាគរយ នៃ​ចំនួន​ប្រជាជន ខណៈ​អត្រា​នៃ​ប្រជាជន​ចន្លោះ​ពី​០-១៤​ឆ្នាំ នៅតែ​មិនមាន​កំណើន​អ្វី​សោះ​នោះ​។ អ៊ីតាលី ក៏​ជា​រដ្ឋ​មួយ​នៃ​សហភាព​អឺរ៉ុប ដែល​អនុវត្ត​គោ​លន​យ​បាយ​ថវិការដ្ឋ​ច្រើន​លើ​ប្រាក់​ចូល​វិវត្តន៍​សម្រាប់​ប្រជាជន​ទៀតផង​។​
 
​ខាងក្រោម​នេះ គឺជា​ប្រទេស​ទាំង​ដប់​របស់​ពិភពលោក ដែលមាន​ចំនួន​ប្រជាជន​វ័យ​ចំណាស់​ច្រើន ដែល​រដ្ឋ​កំពុងតែ​ធានា​ពី​ការ​គាំពារ ដែល​ភាគច្រើន គឺជា​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប​៖
 
១. ជប៉ុន មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២៦.៣​ភាគរយ នៃ​ប្រជាជន​សរុប​
២. អ៊ីតាលី មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២២.៤ ភាគរយ នៃ​ប្រជាជន​សរុប​
៣. ក្រិ​ក មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២១.៤ ភាគរយ នៃ​ប្រជាជន​សរុប​
៤. អាល្លឺម៉ង់ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២១.២ ភាគរយ នៃ​ប្រជាជន​សរុប​
៥. ព័រទុយហ្កាល់ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២០.៨ ភាគរយ នៃ​ប្រជាជន​សរុប​
៦. ហ្វាំ​ង​ឡង់ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២០.៥ ភាគរយ នៃ​ប្រជាជន​សរុប​
៧. ប៊ុល​ហ្ការី មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ២០.០ ភាគរយ នៃ​ប្រជាជន​សរុប​
៨. ស៊ុយ​អ៊ែត មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ១៩.៩ ភាគរយ នៃ​ប្រជាជន​សរុប​
៩. ឡេ​តូ​នី មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ១៩.៤ ភាគរយ នៃ​ប្រជាជន​សរុប​
១០. ម៉ា​ល់ត៍ មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ១៩.២ ភាគរយ នៃ​ប្រជាជន​សរុប​៕ 

Tag:
 ចំណេះដឹង​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com