ភ្នំពេញ៖ មុនបោះឆ្នោតឱ្យគណបក្សណាមួយ ត្រូវតែសិក្សាពីគោលនយោបាយរបស់បក្សនោះឱ្យបានច្បាស់លាស់ជាមុនសិន បើបក្សនោះមាន បេះដូងល្អ ចិត្តស្មោះបរិសុទ្ធ មានធនធានមនុស្សទៅដោយចំណេះដឹង មានសមត្ថភាពបម្រើប្រជាពលរដ្ឋ ដូច្នេះជ្រើសរើសមិនខុសនោះឡើយ។ នេះជាការលើកឡើងរបស់លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក។
លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ដែលមានឈ្មោះល្បីល្បាញក្នុងបណ្តាញសង្គមហ្វេសប៊ុកក្រោមឈ្មោះថា William Guang នោះ បានដឹកនាំក្បួនដង្ហែឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំសម្រាប់គណបក្សខ្មែរក្រោករបស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី១៤ ខែកក្កដា។
ប្រធានគណបក្សវ័យក្មេងរូបនេះ បានអះអាងថា គណបក្សខ្មែរក្រោករបស់លោក គ្មានឡើយការសន្យា ឬការសាបព្រោះមនោគមន៍វិជ្ជា។ លោកពន្យល់ថា គណបក្សរបស់លោកឈរតែនៅ៦មណ្ឌលប៉ុណ្ណោះ ដូច្នេះមិនអាចឈ្នះអាសនៈគ្រប់គ្រាន់ក្នុងការដឹកនាំរដ្ឋាភិបាលនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស បានធានាថា បើបក្សរបស់លោកជាប់ឆ្នោតទាំង៦មណ្ឌលដែលខ្លួនឈរឈ្មោះ នោះ បក្សរបស់លោកនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។
«យើងមានតែ ៦មណ្ឌលប៉ុណ្ណោះ ដូច្នេះមិនអាចជាប់ឆ្នោតបានសំឡេងលើស៥០បូក១ឡើយ អ៊ីចឹងយើងមិនអាចបង្កើតរដ្ឋាភិបាលមួយបានភ្លាមនោះទេ […] នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះតទៅត្រូវការចាក់គ្រឹះរឹងមាំ មានសមាជិកសកម្មច្រើនគ្រប់កន្លែង»។ នេះជាការបញ្ជាក់របស់លោក សារពង្ស ដោយមានទំនុកចិត្តថា បក្សលោកអាចទទួលបាន៣០អាសនៈ សរុបពីទាំង៦មណ្ឌលនៅសៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម កណ្តាល និងភ្នំពេញ។
ប្រធានគណបក្សខ្មែរក្រោក លើកឡើងបន្តថា ការបង្កើតគណបក្សនេះដើម្បីឱ្យយុវជនមានឱកាសបម្រើប្រជាប្រជាជន ដោយចេញពីឆន្ទៈ។ លោក ថា សម្រាប់អាណត្តិទី៦នេះ ក្នុងនាមជាប្រធានគណបក្សមិនបានដាក់ឈ្មោះជាបេក្ខភាព នាយករដ្ឋមន្ត្រីទេ ហើយសម្រាប់អណត្តិក្រោយលោក នៅតែបន្តសិក្សាស្វែងយល់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យគណបក្សរីកចម្រើននឹងរឹងមាំ។
លោក William Guang លើកឡើកបន្ថែមថា ជាអ្នកធ្វើអ្នកនយោបាយបើទោះបីចាញ់ជាច្រើនដងក្ដី ក៏មិនរត់ចោលប្រជាពលរដ្ឋឡើយ ហើយការបង្កើតគណបក្សខ្មែរក្រោកនេះដោយឈរទៅលើ បុព្វហេតុ មនសិកាជាតិនិយម និងចង់ឱ្យប្រព័ន្ធយោបាយនៅកម្ពុជាមានអ្វីដែលថ្មី ដោយមិនចង់ឃើញអ្វីដែលនៅតែដដែលឡើយ។
ប្រធានគណបក្សរូបនេះ បានឱ្យដឹងបន្ថែមថា បន្ទាប់ពីឃោសនាហែរក្បួននៅភ្នំពេញ និងបក្សលោកហែរនៅខេត្តកណ្ដាល សៀមរាប កំពង់ស្ពឺ និងកំពង់ចាម ហើយនឹងបញ្ចប់ការហែរក្បួនឃោសនានេះត្រឹមថ្ងៃទី២៥ ខែកក្កដា មុនការបោះឆ្នោតមកដល់ ៤ថ្ងៃ។
បក្សដ៏ថ្មីថ្មោងមួយនេះ មានគោលនយោបាយ៧ចំណុច ដែលចំណុចសំខាន់ៗនោះមានដូចជា ការទាមទារកោះត្រល់ និងទឹកដីនានាដែលបាត់បង់ឲ្យបានមកវិញ ការបណ្តេញជនអន្តោប្រវេសន៍ ការលើកកម្ពស់ផលិតផលកសិកម្ម អប់រំ សុខាភិបាល និងការលុបបំបាត់គ្រួសារនិយមនៅតាមស្ថាប័នរដ្ឋជាដើម៕