លោក Shridhar Chillal អាយុ៨២ឆ្នាំ ដែលរស់នៅក្រុង Pune ប្រទេសឥណ្ឌា បានសម្រេចកាត់ក្រចកដ៏វែងរបស់ខ្លួនចេញ បន្ទាប់ពីលោករក្សាទុកអស់រយៈពេល៦៦ឆ្នាំ។ ក្រចកដ៏វែងរបស់លោកនោះ ត្រូវចុះក្នុងសៀវភៅកំណត់ត្រា Guinness World Records ហើយការសម្រេចចិត្តកាត់វាចេញ ត្រូវបានធ្វើឡើងក្នុងកម្មវិធី Ripley’s Believe It or Not! នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ។
លោក Shridhar មានឈ្មោះដំបូងក្នុងសៀវភៅ Guinness World Records នៅឆ្នាំ១៩៧៩ ដោយពេលនោះ ក្រចករបស់លោកឡើងដល់ប្រវែង ២១៩.៧សង់ទីម៉ែត្រ។ នៅឆ្នាំ២០១៦ លោកទទួលកំណត់ត្រាជាថ្មីម្តងទៀតសម្រាប់អ្នកដែលទុកក្រចកវែងបំផុតនៅដៃតែម្ខាង (Longest Fingernails on a Single Hand Ever)។