ភ្នំពេញ៖ រយៈពេលជាង១០ឆ្នាំហើយ ដែលលោក ធូ ភន សាស្ត្រាចារ្យផ្នែកជីវវិទ្យា បានបើកវគ្គបង្រៀនក្រៅម៉ោងបន្ថែម ដល់សិស្សប្រលងសញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) នៅសាលាជ័យថាវី ។ សិស្សរាប់ម៉ឺននាក់ហើយ ដែលធ្លាប់បានរៀនជាមួយលោក ធូ ភន។ ក្រៅពីបង្រៀនគួរផ្ទាល់ លោក ធូ ភន ក៏បានរៀបចំការបង្រៀនតាមអនឡាញ ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្ស ដែលត្រៀមខ្លួនប្រឡងបាក់ឌុបផងដែរ។
រាល់ពេលដែលការប្រឡងសញ្ញាបត្រទុតិយសភូមិមកដល់ សិស្សនៅតាមបណ្ដារាជធានី-ខេត្ត តែងតែនាំគ្នាសម្រុកឡើងមករៀនគួរបន្ថែម នៅរាជធានីភ្នំពេញ។ ទីតាំងសាលាជ័យថាវី ដែលជាកន្លែងនិយមរបស់សិស្សគ្រប់ជំនាន់នោះ គឺជាគោលដៅសំខាន់ដែលសិស្សសម្រុកមករៀនឥតស្រាកស្រាន្ត ។ ដោយសារចង់សម្រួលដល់លទ្ធភាពបេក្ខជនប្រឡង និងសិស្ស នៅតាមបណ្ដារាជធានី -ខេត្តនេះ លោក ធូ ភន ក៏បានបង្កើតកម្មវិធីបង្រៀនតាមរយៈអនឡាញមួយ ដើម្បីជួយសិស្សអាចទទួលបានចំណេះដឹង និងគន្លឹះល្អៗ ដូចសិស្សរៀននៅទីក្រុងដែរ ពោលគឺពួកគេមិនចាំបាច់ឡើងមករៀននៅភ្នំពេញដូចមុនឡើយ។
សាស្ត្រាចារ្យផ្នែកជីវវិទ្យារូបនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«សិស្សគ្រប់រូប ដែលរៀនតាមអនឡាញមិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗនោះទេ ថែមទាំងចំណេញពេលវេលា និងថវិកាមួយចំនួនទៀតផង។ការពិតទៅ ការបង្រៀនតាមអនឡាញនេះ ប្រៀបដូចខ្ញុំ និងសិស្សកំពុងតែរៀនជាមួយគ្នាអ៊ីចឹង។ មែនទែនទៅវីឌីអូនេះ ជាឯកសារ ដើម្បីឲ្យសិស្សអាចទាញយកមើលបាននៅថ្ងៃក្រោយផងដែរ។ ចង់មើលពេលណាក៏បានដែរ។ ការរៀនតាមអនឡាញ ពិតជាជម្រើសដ៏ល្អសម្រាប់សិស្សនៅតាមខេត្តឆ្ងាយដែលមិនអាចមករៀនផ្ទាល់ជាមួយលោកគ្រូនៅឯភ្នំពេញបាន »។
ការបង្រៀនតាមអនឡាញ របស់លោក ធូ ភន ទើបតែដំណើរការបាន២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រពីសិស្ស និងបេក្ខជនប្រឡងបាក់ឌុប មានកើនឡើងគួរឲ្យកត់សម្គាល់។ នោះក៏ព្រោះការបង្រៀន តាមបែបបច្ចេកវិទ្យាមួយនេះ វាបានផ្ដល់ភាពងាយស្រួលច្រើនដល់សិស្ស។
«សិស្សគ្រាន់តែចុះឈ្មោះតាមកម្មវិធី Global Live ឬ កម្មវិធី រៀនតាមចិត្ត នោះនឹងអាចរៀនជាមួយលោកគ្រូដែលមានបទពិសោធន៍ខ្ពស់។ពួកគេអាចរៀនជាមួយខ្ញុំ និងសួរខ្ញុំពីចំណុចណាដែលគេមិនទាន់យល់ តាមការបង្រៀនអនឡាញ ដោយគ្រាន់តែអង្គុយនៅផ្ទះក៏បាន។ វាចំណេញពេលវេលារបស់ពួកគេបានមួយកម្រិតទៀតផង»។ នេះជាការបញ្ជាក់របស់លោក ធូ ភន ដែលបានបន្ថែមថា លោកតែងតែចំណាយពេល១ម៉ោង សម្រាប់ថ្ងៃសៅរិ៍ និងអាទិត្យ ដើម្បីបង្រៀនសិស្សតាមអនឡាញនេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៨ នេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានបេក្ខជនប្រឡងជាង១១ម៉ឺននាក់ និងមានមណ្ឌលប្រឡង១៩៥។ ការប្រកាសលទ្ធផលប្រឡងធ្វើឡើង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកនៅថ្ងៃទី១២ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្ត។
សូមបញ្ជាក់ថា ការប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) កាលពីឆ្នាំ២០១៧ មានចំនួន ៦៣ ៦៦៨នាក់ ត្រូវជា ៦៣,៨៤ភាគរយ ក្នុងចំណោមបេក្ខជនវត្តមានប្រឡងចំនួន៩៩ ៧២៨នាក់ មានសិស្សជាប់និទ្ទេស A ចំនួន ៤២៤នាក់។ កាលពីឆ្នាំ២០១៦ មានបេក្ខជនប្រឡងជាប់ ចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេសAមានចំនួន៤០៥នាក់។
រីឯលទ្ធផលបាក់ឌុបឆ្នាំ ២០១៥ មានបេក្ខជនប្រឡងជាប់ ចំនួន ៤៦ ៥៦០ នាក់ស្មើនឹង ៥៥,៨៨ ភាគរយ ក្នុងចំណោមបេក្ខជនមានវត្តមានក្នុងការប្រឡងសរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A មាន ១០៨ នាក់ ។ ចំណែកឆ្នាំ២០១៤ បេក្ខជនជាប់បាក់ឌុបទូទាំងប្រទេស មានចំនួនជាង ៣ម៉ឺននាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ៧ម៉ឺននាក់ ក្នុងនោះ បេក្ខជនជាប់និទ្ទេសមាន A ចំនួន ១១ នាក់ប៉ុណ្ណោះ៕