១២ កក្កដា ឆ្នាំ២០១៨ គឺជាខួបពីរឆ្នាំហើយ ដែលហ្វីលីពីន បានឈ្នះក្តីលើសំណុំរឿងសមុទ្រចិនខាងត្បូងប្រឆាំងនឹងចិនតាមរយៈមជ្ឈត្តកម្ម នៃមជ្ឈត្តការតុលាការអចិន្ត្រៃយ៍អន្តរជាតិក្រុងឡាអេ។ ក៏ប៉ុន្តែពីរឆ្នាំមកនេះ ហ្វីលីពីន ក្រោមការដឹកនាំដោយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ មិនដែលធ្លាប់លើកយកសាលដីកានេះដើម្បីតទល់ជាមួយនឹងចិនម្តងណាឡើយ។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque នៅថ្ងៃទី១២ ខែកក្កដា បានចេញថ្លែងការណ៍មួយដើម្បីប្រតិកម្មទៅនឹងការចោទប្រកាន់រដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ថាបានបោះបង់ការទាមទារដែនអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ដែលបានបញ្ជាក់តាមរយៈសាលដីកានៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍អន្តរជាតិ។
តាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Philstar លោកអ្នកនាំពាក្យរូបនេះ បានអះអាងថា ការចោទប្រកាន់បែបនេះ បានចាកឆ្ងាយយ៉ាងខ្លាំងពីការពិត។ លោក បញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីន នឹងបន្តកិច្ចការដើម្បីបញ្ជាក់បង្ហាញថាអ្វីដែលកម្មសិទ្ធិរបស់ខ្លួន ខណៈពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយនឹងចិនឲ្យបន្តទៅមុខល្អ។
លោក សង្កត់ធ្ងន់ថា លោកប្រធានាធិបតី ឌូទើតេ បាននិយាយជាច្រើនលើកច្រើនសារមកហើយថា រដ្ឋាភិបាល នឹងប្រកាន់ខ្ជាប់ការទាមទារ និងជំហរជាតិជានិច្ច ក៏ប៉ុន្តែខណៈពេលដែលបញ្ហាអធិបតេយ្យមិនទាន់បានដោះស្រាយចប់នៅឡើយនោះ រដ្ឋាភិបាល ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយនឹងចិនដើម្បីផលប្រយោជន៍ប្រទេស ជាពិសេសនោះកំណើនសេដ្ឋកិច្ច។
គួររម្លឹកបន្តិចផងដែរថា បញ្ហាសមុទ្រចិនខាងត្បូង គឹជាជម្លោះអធិបតេយ្យមួយ ដែលមានរដ្ឋពាក់ព័ន្ធអាស៊ានរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ ចិន គឺជាភាគីជម្លោះតែមួយគត់ដែលបានទាមទារអត្ថបទអធិបតេយ្យស្ទើរតែទាំងស្រុង នៃតំបន់មានវិវាទដោយយោងតាមកត្តាប្រវត្តិសាស្ត្រ ខណៈរដ្ឋអាស៊ាន ទាមទារដោយយោងតាមច្បាប់សមុទ្រអន្តរជាតិ។
ដោយសារតែការទាមទារ និងការគ្រប់គ្រងរបស់ចិនត្រួតលើចំណុចរបស់រដ្ឋអាស៊ាននេះហើយ ធ្វើឲ្យអតីតរដ្ឋបាលប្រធានាធិបតីហ្វីលីពីន លោកប៊ែរនីណូ អាហ្គីណូ នៅឆ្នាំ២០១៣ បានដាក់បណ្តឹងមួយប្រឆាំងចិនទៅមជ្ឈត្តការនៃតុលាការអចិន្ត្រៃយ៍ (PCA) ក្រុងឡាអេ។ តុកាការ PCA ក៏បានទទួលយកបណ្តឹង និងសម្រេចជំនុំជម្រះតាមសំណើហ្វីលីពីន ខណៈចិនបដិសេធមិនចូលរួម។
រហូតដល់ថ្ងៃ១២ កក្កដា ឆ្នាំ២០១៦ តុលាការ បានប្រកាសសាលដីកាមួយ ដោយសម្រេចឲ្យហ្វីលីពីនឈ្នះក្តីលើចិន។ តុលាការ បានបញ្ជាក់យ៉ាងច្បាស់ថា ការទាមទាររបស់ចិន មិនមានមូលដ្ឋានផ្នែកច្បាប់ឡើយ ខណៈការចូលទៅគ្រប់គ្រងតាមរយៈការចាក់ដីបំពេញរបស់ចិននៅក្នុងតំបន់មានវិវាទមាននោះ ក៏ត្រូវបានចាត់ទុកជាសកម្មភាពខុសច្បាប់ទៀត។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពេលតុលាការប្រកាសសាលដីកា ត្រូវបានធ្វើឡើងស្របពេល ដែលហ្វីលីពីនប្តូរក្បាលម៉ាស៊ីនថ្មី ដោយអាណត្តិរដ្ឋបាលលោកប៊ែរនីណូ ដែលមាននិន្នាការនយោបាយបរទេសប្រឆាំងចិនត្រូវបញ្ចប់ ហើយត្រូវជំនួសដោយអាណត្តិរដ្ឋបាលលោកឌូទើតេ ដែលមាននិន្នាការផ្តេកផ្តួលទៅរកចិនមកដឹកនាំជំនួសវិញ។ លោកឌូទើតេ មិនចង់ប្រឈមមុខជាមួយនឹងចិនឡើយ ដោយលោក ចង់ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីចិនជាង៕