ជាតិ
បាក់ឌុប
វិទ្យាល័យ​ចំនួន ១០​នៅ​រាជធានី​ភ្នំពេញ ជា​មណ្ឌល​កំណែ​ប្រឡង​បាក់​ឌុប​
16, Jul 2018 , 8:59 am        
រូបភាព
មណ្ដលកំណែប្រឡងបាក់ឌុប
មណ្ដលកំណែប្រឡងបាក់ឌុប
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន​និង​កីឡា បានកំណត់​យក​វិទ្យាល័យ​ចំនួន ១០ នៅ​រាជធានី​ភ្នំពេញ ធ្វើជា​មណ្ឌល​កំណែ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទៅ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ២០ សីហា ២០១៨ ដោយ​មួយ​មណ្ឌល​កំណែ​កែ​មួយ​មុខវិជ្ជា​។ នេះ​បើតាម​សេចក្ដីណែនាំ ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៃ​ក្រសួង​អប់រំ​។​

 
​សេចក្ដីណែនាំ​ខាងលើ​បានឱ្យដឹងថា មណ្ឌល​កំណែ វិទ្យាល័យ​ទាំង ១០ រួមមាន​ដូចខាងក្រោម​៖
 
 ទី​១.​មណ្ឌល​កំណែ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សម្រាប់​មុខវិជ្ជា អក្សរសាស្ត្រ​ខ្មែរ​, ទី​២.​មណ្ឌល​កំណែ វិទ្យាល័យ​បាក់​ទូក សម្រាប់​មុខវិជ្ជា គណិតវិទ្យា​, ទី​៣.​មណ្ឌល​កំណែ វិទ្យាល័យ​ចតុមុខ សម្រាប់​មុខវិជ្ជា ភាស​បរទេស​, ទី​៤.​មណ្ឌល​កំណែ វិទ្យាល័យ​វត្ត​កោះ សម្រាប់​មុខវិជ្ជា រូបវិទ្យា​, ទី​៥.​មណ្ឌល​កំណែ វិទ្យាល័យ​ព្រះ​យុគន្ធរ សម្រាប់​មុខវិជ្ជា គីមីវិទ្យា​។ 
 
​ទី​៦.​មណ្ឌល​កំណែ វិទ្យាល័យ​ទូល​ទំពូង សម្រាប់​មុខវិជ្ជា ជីវវិទ្យា​, ទី​៧​មណ្ឌល​កំណែ វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង សម្រាប់​មុខវិជ្ជា ភូមិវិទ្យា​, ទី​៨.​មណ្ឌល​កំណែ វិទ្យាល័យ​ហ៊ុនសែន​ប៊ុន​រ៉ា​វត្តភ្នំ សម្រាប់​មុខវិជ្ជា ប្រវត្តិវិទ្យា​, ទី​៩.​មណ្ឌល​កំណែ វិទ្យាល័យ​ជាស៊ីម​សន្ធរ​មុខ សម្រាប់​មុខវិជ្ជា សីលធម៌​-​ពលរដ្ឋ​វិជ្ជា​, ទី​១០.​មណ្ឌល​កំណែ វិទ្យាល័យ​បឹងត្របែក សម្រាប់​មុខវិជ្ជា ផែនដី​និង​បរិស្ថានវិទ្យា​។​
 
​សេចក្ដីណែនាំ​ដដែល បាន​បន្តថា កិច្ចការ​បេក្ខជន​នីមួយៗ ត្រូវ​កែ​ដោយ​អ្នក​កែ​ពីរ​នាក់​ដាច់ខាត និង​គោរព​តាម​អត្រាកំណែ​ដែល​គណៈមេប្រយោគ​បានសម្រេច​។ ចំណែក​ឯក​កិច្ចការ​បេក្ខជន​ពិការភ្នែក ត្រូវធ្វើ​កំណែ​ពិសេស ដោយ​គ្រូបង្រៀន​សិស្ស​ពិការភ្នែក ទៅតាម​អត្រាកំណែ​ដោយឡែក​។​
 
​ចំពោះ​ដំណើរការ​កំណែ​ប្រឹ​ត្ត​ទៅ​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​។ ការ​ស្រង់ និង​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​ប្រឡង​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស នៃ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ចាប់ពី​ថ្ងៃទី​៣០ ខែសីហា ដល់​ថ្ងៃទី​៩ ខែកញ្ញា​។ ការពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​ប្រឡង ប្រព្រឹត្ត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ នេះ​បើតាម​ការឱ្យ​ដឹង​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ និង​បាន​បន្ថែមថា ការប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​ទុតិយភូមិ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​កណ្ដាល ហើយ​និង​នៅ​ថ្ងៃទី​១២ សម្រាប់​មណ្ឌល​ប្រឡង​ខេត្ត​ដទៃទៀត​។​
 
​គូសបញ្ជាក់ថា បេក្ខជន​មានឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា មាន​ចំនួន ១១៧ ,០៦១​នាក់ ក្នុងសម័យ​ប្រឡង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ និង​មណ្ឌល​ប្រឡង​ចំនួន ១៩៥​មណ្ឌល ចែកចេញជា ៤,៧១៦​បន្ទប់ នៅ​រាជធានី​-​ខេត្ត​ទាំង​២៥ ទូទាំងប្រទេស​៕

Tag:
 ប្រឡង​បាក់​ឌុប​-​មណ្ឌល​កំណែ
© រក្សាសិទ្ធិដោយ thmeythmey.com