ភ្នំពេញ៖ ទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត ឬនៅតំបន់ដាច់ស្រយ៉ាល ដែលការអភិវឌ្ឍមិនទាន់ទៅដល់ ក៏មានសំរាមនៅគ្រប់ទីកន្លែងដែរ រហូតដល់មានពាក្យមួយពោលថា ទីណាមានមនុស្ស ទីនោះមានសំរាម។ សំរាមទាំងនោះ ត្រូវបានគេមើលឃើញថា ភាគច្រើនគឺជាថង់ប្លាស្ទិនិងវត្ថុដែលមានសារធាតុប្លាស្ទិក ដែលកំពុងគំរាមកំហែងបរិស្ថាន និងប៉ះពាល់ដល់សុខភាពមនុស្ស។ ប៉ុន្តែមនុស្សភាគច្រើន មិនទាន់ដឹងពីបញ្ហាប្រឈមទាំងនោះ ហើយនៅតែប្រើប្រាស់ប្លាស្ទិក និងបោះវាចោលដោយគ្មានរបៀបទៀតផង។ តើអាចចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីការពារបរិស្ថាន និងសុខភាពអ្នកបានទេ?
ប្រជាជនកម្ពុជាទំនងមានតិចណាស់ ដែលចាប់អារម្មណ៍ពីបញ្ហាសំរាមប្លាស្ទិក រាយប៉ាយតាមផ្លូវ នៅទីសាធារណៈតាមផ្សារ តាមលូ តាមព្រៃ តាមទឹក ឬកន្លែងកម្សាន្តនានា ។ ពួកគេនៅតែបន្តប្រើប្រាស់ប្លាស្ទិក បើទោះបីមិនមានតម្រូវការចាំបាច់ក្ដី។ អ្នកសាកស្រមៃទៅមើល រាប់ចាប់តាំងពីពេលព្រឹក រហូតដល់ពេលល្ងាច មុននឹងអ្នកសម្រាក តើអ្នកបានប្រើប្រាស់ថង់ប្លាស្ទិក ឬ ប្លាស្ទិកគ្រប់ប្រភេទចំនួនប៉ុន្មាន? ទៅលើអ្វីខ្លះ? តើវាពិតជាចាំបាច់ខានមិនបានក្នុងការប្រើប្រាស់វា ឬក៏មិនមែនទេ?
មនុស្សមួយចំនួនត្រូវទិញបាយកញ្ចប់ ខ្ចប់ដោយប្រអប់ស្នោ ម្ហូបច្រកថង់ប្លាស្ទិក ហើយត្រូវច្រកថង់ប្លាស្ទិកធំពីក្រៅមួយជាន់ទៀត ដូច្នេះយ៉ាងហោចណាស់បាយមួយពេលត្រូវចំណាយអស់ថង់បីនិងប្រអប់ស្នោ១។ នៅមានការប្រើប្រាស់ថង់ប្លាស្ទិកលើការច្រកបន្លែផ្លែឈើ ត្រីសាច់ ភេសជ្ជៈគ្រប់ប្រភេទដែលមានទាំងកំប៉ុងនិងថង់ពីក្រៅផង និងមានទំនិញជាច្រើនទៀត ដែលប្រើប្រាស់ប្លាស្ទិកមិនចាំបាច់។ ចុះបើក្នុងមួយថ្ងៃមនុស្សមួយម៉ឺននាក់ទិញបែបនេះ ហើយទិញលើសពីបីដង តើក្នុងមួយឆ្នាំប្លាស្ទិកនឹងបំពុលបរិស្ថានរួមទាំងបំផ្លាញសុខភាពអ្នកកម្រិតណាទៅ?
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក។ អនុក្រឹត្យនេះមានគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត និងការប្រើប្រាស់ថង់ផ្លាស្ទិក ក៏ដូចជាសំដៅកាត់បន្ថយផលប៉ះពាល់សុខភាព និងបរិស្ថាន។ ក្នុងអនុក្រឹត្យនោះ ក៏មានកំណត់ពីការយកពន្ធលើថង់ប្លាស្ទិក និងដាក់ពិន័យលើអ្នកលក់ និងអ្នកប្រើប្រាស់ថង់ប្លាស្ទិក ពី១,០០០,០០០រៀល ទៅ៥,០០០,០០០រៀលផងដែរ ចំពោះអ្នកប្រើប្រាស់ថង់ប្លាស្ទិកមិនត្រឹមត្រូវ។
តាមការសិក្សា របស់អង្គការមូលនិធិអករា (ACRA Foundation) រដ្ឋាភិបាលកម្ពុជាបានខាតបង់ថវិកាអស់រាប់រយលានដុល្លារពីកាកសំណល់ថង់ប្លាស្ទិក។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា ត្រូវចំណាយថវិកាប្រចាំឆ្នាំជាង៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ទៅលើការសំអាតថង់ផ្លាស្ទិកតែក្នុងខេត្តក្រុងធំៗចំនួន៣ប៉ុណ្ណោះ មានខេត្តព្រះសីហនុ ខេត្តសៀមរាប និងនៅភ្នំពេញ។
បើសង្កេតឲ្យមែនទែនទៅ ការប្រើប្រាស់ប្លាស្ទិកស្ទើរតែគ្រប់ប្រភេទ សឹងតែមិនបានជួយអ្វីច្រើនដល់អ្នកប្រើប្រាស់ឡើយ ក្រៅពីការងាយស្រួលវិចខ្ចប់ និងការចំណេញពេលដ៏តិចតួចស្ដួចស្ដើងនោះ។ តែអ្វីដែលជាហានិភ័យវិញ គឺការបំពុលបរិស្ថាន អ្នកប្រើប្រាស់ខូចសុខភាព ព្រោះជាតិពុលចេញពីថង់ ស្នោ និងជ័រ ចូលក្នុងចំណីរបស់ពួកគេ ហើយទៅថ្ងៃអនាគតពួកគេនឹងមានជំងឺដោយមិនដឹងមុន។
កន្លងមកក៏ធ្លាប់មានអាជីវករមួយចំនួនតូចដែរ ដែលបានព្យាយាមប្រើប្រាស់ស្លឹកចេក ស្លឹកឈូក សម្រាប់ខ្ចប់អាហារនិងបន្លែផ្សេងៗ ប៉ុន្ដែវានៅតែត្រូវការថង់ប្លាស្ទិកច្រកពីក្រៅដដែល។ ការណ៍នេះអាចជួយដល់សុខភាពអ្នកបរិភោគខ្លះបានដែរ ប៉ុន្ដែបរិស្ថាន និងផលប៉ះពាល់យូរអង្វែងនៅតែមាន។
តើប្លាស្ទិកដែលអ្នកប្រើហើយ វានឹងទៅដល់ឯណា?
ប្រាកដណាស់ ប្លាស្ទិកដែលមិនអាចច្នៃបន្តបាន វានឹងទៅដល់វាលចាក់សំរាម។ នៅពេលដែលវាលចាក់សំរាមពេញ គេអាចនឹងពង្រីកបន្ថែម ឬ គេអាចនឹងដុតវាចោល។ បន្ទាប់ពីដុត វានឹងមានផ្សែងភាយទៅបរិយាកាស។ អ្នកប្រាកដជាមើលមិនឃើញវាទៀតឡើយ បន្ទាប់ពីផ្សែងទាំងនោះបានបំបែកខ្លួនជាផ្នែកតូចៗដោយសារកម្លាំងខ្យល់។ តែផ្សែងពុលទាំងនោះវាមិនបានបាត់ទៅណាឡើយ គឺវានៅក្នុងបរិយាកាសលាយជាមួយខ្យល់ ដែលអ្នកដកដង្ហើមរាល់ថ្ងៃ និងទឹកភ្លៀងដែលស្រក់ពីអាកាសនោះឯង។ ភ្លៀងមានសារធាតុពុល ធ្លាក់មកលើដីនិងដំណាំផ្សេងៗ ។
ចំណែកដីដែលមានកប់ ឬដុតប្លាស្ទិក វានឹងមានសារធាតុគីមីពុលដែលមិនអាចយកទៅដាំដំណាំបាន។ ហើយថង់ប្លាស្ទិកដែលកប់ក្នុងដីនេះ ត្រូវបានគេសិក្សាស្រាវជ្រាវឃើញថា វាមិនងាយរលាយទៅណាឡើយ ព្រោះវាអាចស៊ាំជាមួយដី បានរហូតដល់រាប់ពាន់ឆ្នាំទៀតផង។ ចុះបើប្លាស្ទិកត្រូវបានកប់ឬដុតគ្រប់ទីកន្លែង តើសុខភាពមនុស្សនិងទៅជាយ៉ាងណា? ច្បាស់ណាស់គឺមនុស្សគ្រប់ចៀស មិនអាចគេចផុតពីបញ្ហាសុខភាពឡើយ បើមិនចូលរួមដោះស្រាយ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
ដើម្បីដោះស្រាយបញ្ហាសំរាមប្លាស្ទិក
មានវិធីមួយចំនួនដែលអ្នកពិតជាមានលទ្ធភាពនិងសមត្ថភាពធ្វើវាបានយ៉ាងប្រាកដ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់។ អ្នកគួរតែមានចាន ឬចានស្រាក់មួយ ស្លាបព្រា និងដបទឹកដែលអាចប្រើប្រាស់បានយូរ ដាក់តាមខ្លួនជានិច្ចរាល់ពេលធ្វើដំណើរចេញពីផ្ទះ។ ចាននេះទុកបង្ការក្រែងអ្នកចង់បរិភោគអាហារនៅតាមផ្លូវ ដែលជាប្រភេទអាហារលក់តាមកង់ ម៉ូតូ ឬរទេះរុញ ដែលគេមានតែថង់ប្លាស្ទិកឬចានស្នោដាក់ឲ្យអ្នក។ ដបទឹកទុកសម្រាប់ដាក់ទឹកឬភេសជ្ជៈដែលអាចជៀសវាងមិនបាច់ដាក់កំប៉ុងឬថង់ប្លាស្ទិកបាន។ រាល់ពេលទៅផ្សារទិញទំនិញផ្សេងៗ អ្នកគួរមានកន្ត្រកធ្វើពីផ្ដៅ ឬស្សី រពាក់ កំប្លោក ឬសម្ភារកែច្នៃពីរុក្ខជាតិផ្សេងៗ ដើម្បីដាក់ទំនិញ ព្រោះសម្ភារទាំងនោះមិនប៉ះពាល់ដល់បរិស្ថាន។ បើមិនមានកន្ត្រកច្នៃពីរុក្ខជាតិទេ កន្ត្រកជ័រក៏ជាជម្រើសចុងក្រោយសម្រាប់អ្នក ព្រោះវាអាចប្រើបានយូរឆ្នាំនិងដាក់ទំនិញបានច្រើនផង។
ម្យ៉ាងទៀតរដ្ឋាភិបាល គួរតែជំរុញឲ្យមានការរៀបចំកន្លែងកែច្នៃថង់ប្លាស្ទិក ឬសំបកដបនានា ដែលធ្វើពីប្លាស្ទិកចាស់ៗ ទៅជាវត្ថុប្រើប្រាស់ដែលមានប្រយោជន៍អ្វីផ្សេង ដើម្បីចៀសវាងការប្រមូលប្លាស្ទិកដុតចោល ដែលនាំឲ្យខូចបរិស្ថាន។ ហើយបើទោះជារដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកក្តី ប៉ុន្តែបើគ្មានការរឹតបន្តឹងទៅលើអ្នកលក់ ឬអ្នកប្រើប្រាស់ឲ្យបានត្រឹមត្រូវ នោះក៏គ្មានប្រសិទ្ធភាពដែរ។ ដូច្នេះបានន័យថា រដ្ឋាភិបាលត្រូវអនុវត្តច្បាប់គ្រប់គ្រងថង់ប្លាស្ទិកឲ្យបានហ្មត់ចត់ តាមដែលអាចធ្វើទៅបាន។
ចំណែកអាជីវករវិញ គួរតែលើកទឹកចិត្តដល់ភ្ញៀវ ពេលពួកគេប្រើប្រាស់ចានផ្ទាល់ខ្លួន ឬរាល់ការទិញទំនិញដែលដាក់ក្នុងកន្ត្រកច្នៃពីរុក្ខជាតិ ដោយការលក់បញ្ចុះតម្លៃដល់អតិថិជន ដែលយល់ដឹងពីបញ្ហាប្លាស្ទិក ។ ជាពិសេសត្រូវចូលរួមអនុវត្តច្បាប់ និងមានការយកប្រាក់បន្ថែមលើថង់នីមួយៗ ក៏អាចជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។ហើយអាជីវករក៏ចំណេញប្រាក់ពីការទិញថង់ផង។ ឬម្យ៉ាងទៀត អាជីវករ ត្រូវប្រើប្រាស់ថង់ប្លាស្ទិកប្រភេទធំ ដើម្បីអាចច្រករបស់របរបានច្រើនមុខ ឬអាចប្រើប្រាស់ជាស្លឹកចេក ស្លឹកឈូក ឬស្លឹកផ្សេងៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺជារឿងដែលល្អប្រសើរជាទីបំផុត។
ជាជំហានដំបូងបើធ្វើបានបែបនេះជឿថា វាក៏ជាផ្នែកមួយជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលប្រកបរបរសល់ពីដូនតាឲ្យមានជីវភាពធូរធារជាងមុន ដូចជាអ្នកធ្វើកន្ត្រកពីផ្ដៅ ឬស្សី ជាដើម។ ជាពិសេសបង្កើនការច្នៃប្រឌិតបន្ថែមផង។ ព្រោះបើពលរដ្ឋខ្មែរទាំងអស់ប្រើសម្ភារច្នៃពីរុក្ខជាតិសម្រាប់ដាក់ទំនិញ វាជាផ្នែកមួយ លើកទឹកចិត្តដល់ការច្នៃធនធានធម្មជាតិជាវត្ថុធាតុដើម និងសម្រេចដើម្បីប្រើប្រាស់ទូទាំងប្រទេស និងអាចនាំចេញទៅក្រៅប្រទេសផង។
ដូច្នេះសរុបមកវិញការចូលរួមថែរក្សាបរិស្ថាន និងសុខភាពអ្នក រួមទាំងអនាគតកូនចៅជំនាន់ក្រោយ គឺកើតចេញពីការចូលរួមរបស់ពលរដ្ឋទាំងអស់គ្នា ៕