កីឡាអន្តរជាតិ
អន្តរជាតិ
២០​ឆ្នាំ​ក្រោយមក បារាំង​លើក​ពាន World Cup ជា​លើក​ទី​ពីរ​!
15, Jul 2018 , 11:54 pm        
រូបភាព
ប្រភពរូបថត៖ FIFA.COM
ប្រភពរូបថត៖ FIFA.COM
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​ក្លាយជា​ម្ចាស់​ជើងឯក FIFA World Cup 2018 ក្រោយ​បាន​យកឈ្នះ​ក្រូ​អាស៊ី ៤-២ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​កីឡដ្ឋាន Luzhniki ក្រុង​មូ​ស្គូ​។ នេះ​ជាការ​ឈ្នះ​ពាន​លើក​ទី​២​របស់​បារាំង បន្ទាប់ពី​ពួក​រកបាន​លើកដំបូង​កាលពី​២០​ឆ្នាំមុន ខណៈ​ពួកគេ​ធ្វើ​ម្ចាស់ផ្ទះ​។



​នៅ​នាទី​១៨ Antoine Griezmann បាន​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ ហើយ​កម្លាំង​បាល់​ដ៏​ខ្លាំង​នាំ​ឲ្យ Mario Mandzukic ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​។ ប៉ុន្តែ​១០​នាទី​ក្រោយមក ក្រូ​អាស៊ី បាន​តាម​ស្មើ​វិញ ដែល​សម្រេចបាន​ដោយ Ivan Perisic ក្រោយ​ការបញ្ជូន​របស់ Domagoj Vida​។​

​ប៉ុន្តែ​គម្លាត​១០​នាទី​ក្រោយមកទៀត បារាំង បាន​នាំមុខ​សាជាថ្មី​ឡើងវិញ ដោយសារ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ជោគជ័យ​របស់ Griezmann​។ ឱកាស​នេះ កើតឡើង បន្ទាប់ពី​លោក​អាជ្ញាកណ្តាល​អា​ហ្ស​ង់​ទីន Nestor Pitana ទៅពិនិត្យ​វីដេអូ​ជំនួយ VAR ហើយ​បាន​ឃើញថា Perisic យក​ដៃ​ប៉ះ​បាល់​ក្នុង​តំបន់​គ្រោះថ្នាក់​។​

​ក្រោយ​សម្រាក​តង់ ការប្រកួត​កាន់តែ​មមាញឹក ខណៈ​ក្រូ​អាស៊ី ប្រឹង​វាយបក​យ៉ាងខ្លាំង​ដើម្បី​តាម​ស្មើ​សិន​។ តែ​ឱកាស​បន្ត​កើតមានឡើង​សម្រាប់​ក្រុម​បារាំង ដោយ Paul Pogba ប្រើ​ជើងឆ្វេង​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ ៣-១ នៅ​នាទី​៥៩​។ នេះ​ជាការ​ព្យាយាម​ស៊ុត​លើក​ទី​ពីរ​របស់ Pogba ក្រោយ​បាល់​ផ្លាត​ចេញពី​ខ្សែការពារ​របស់​ក្រូ​អាស៊ី​។​

​ដល់​នាទី​៦៥ បារាំង បង្កើន​គម្លាត​នាំមុខ​ដែល​សម្រេចបាន​ដោយ​កីឡាករ​វ័យក្មេង Kylian Mbappe ក្រោយ​ការបញ្ជូន​របស់ Lucas Hernandez​។ ប៉ុន្តែ​៣​នាទី​ក្រោយមក អ្នកចាំទី​បារាំង Hugo Lloris បង្កកំហុស ដោយ​ទាត់​បាល់​ស្រាលៗ​ចេញពី​ជើង​របស់ខ្លួន ខណៈ Mandzukic ដែល​នៅក្បែរនោះ បាន​ឆាប​យក​បាល់ ហើយ​ទាត់​បញ្ចូល​ទី​តាម​ពីក្រោយ​ក្នុង​លទ្ធផល ៤-២ ។​

​សម្រាប់​ក្រូ​អាស៊ី ចំណាត់ថ្នាក់​លេខ​២ ក៏​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ផងដែរ ដោយ​កាលពី​ឆ្នាំ​១៩៩៨ ដែរនោះ ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣ នា​ការបង្ហាញ​បង្ហាញខ្លួន​លើកដំបូង​នៅ World Cup​។​

​គ្រូបង្វឹក​បារាំង លោក Didier Deschamps ក៏​រកបាន​កំណត់ត្រា​ពិសេស​សម្រាប់​ខ្លួន​ផងដែរ ដោយ​កាលពី​២០​ឆ្នាំមុន លោក​បាន​នាំ​បារាំង​ឈ្នះ​ពាន​ក្នុងនាម​ជា​កីឡាករ ហើយ​២០​ឆ្នាំក្រោយ បារាំង​ឈ្នះ​ពាន​លើក​ទី​ពីរ ក្រោម​ការដឹកនាំ​បង្វឹក​របស់លោក​៕





Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com