ជាតិ
បោះឆ្នោត
បោះឆ្នោត​រួច តុលាការ ឲ្យ​លោក សម រង្ស៊ី ចូលមក​បំភ្លឺ​រឿង​សន្យា​កាត់​ខេត្ត​បួន​ឲ្យ​វៀតណាម
16, Jul 2018 , 10:32 am        
រូបភាព
រូបភាព៖ ជំនួបរវាងលោក សម រង្ស៊ី និងលោក កុក ស កាលពីឆ្នាំ២0១៣
រូបភាព៖ ជំនួបរវាងលោក សម រង្ស៊ី និងលោក កុក ស កាលពីឆ្នាំ២0១៣
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី ត្រូវ​ចូលមក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ឆ្លើយបំភ្លឺ​ពី «​ការប៉ុនប៉ង​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ដែនដី​អធិបតេយ្យ​មួយផ្នែក​»​។ នេះ​បើតាម​ដីកា​បង្គាប់​របស់លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បានចេញ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​។



​ការកំណត់​ពេលវេលា ឲ្យ​លោក សម រង្ស៊ី អតីត​ប្រធាន​គណ​សង្គ្រោះ​ជាតិ ចូលមក​បំភ្លឺ​នៅក្នុង​សំណុំ​រឿងនេះ គឺ​នៅក្រោយ​ការបោះឆ្នោត​។ ការបោះឆ្នោត ដែល​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ  នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា នេះឯង​។

​អគ្គស្នងការ​នគរបាល​ជាតិ ជាដើម​បណ្តឹង ក្នុងការ​ប្តឹង​លោក សម រង្ស៊ី ពី​ករណី​ដែលថា​លោក កាត់​ទឹកដី​ឲ្យ​បរទេស​។ នគរបាល បានដាក់​បណ្តឹង​នេះ ទៅកាន់​តុលាការ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៨ បន្ទាប់ពី​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​លោក សម រង្ស៊ី​។

​មន្ត្រីជាន់ខ្ពស់​ជាច្រើន​របស់​រដ្ឋាភិបាល ក៏​យល់ឃើញ​ដូច​សម្តេច ហ៊ុន សែន ដែរ ដែលថា​លោក សម រង្ស៊ី ជា​ជន​ក្បត់ជាតិ ដោយមាន​បំណង​ចង់​កាត់​ខេត្ត​៤ រួមមាន ម​ណ្ឌ​គិរី រតន​គី​រិ ក្រចេះ និង​ស្ទឹងត្រែង ឲ្យ​ទៅ​បរទេស​។ មន្ត្រីជាន់ខ្ពស់​តាម​បណ្តា​ស្ថាប័ន និង​ក្រសួង​នានា ជាពិសេស​នគរបាល​និង​កង​ទ​ព័​កម្ពុជា បាន​ចេញមក​ថ្កោលទោស​លោក សម រង្ស៊ី ជា​បន្តបន្ទាប់​។

​ប្រតិកម្ម​របស់​សម្តេច ហ៊ុន សែន រួមទាំង​មន្ត្រី​រដ្ឋាភិបាល គឺធ្វើឡើង​ក្រោយពី​មាន​វីដេអូ​ឃ្លី​ប​មួយ ទើបនឹង​បែកធ្លាយ ហើយ​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ការចុះ​កិច្ចព្រមព្រៀង​មួយ​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ រវាង​លោក សម រង្ស៊ី និង​លោក កុក ស ដែល​ត្រូវបាន​អះអាងថា ជា​មេដឹកនាំ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​របស់​វៀតណាម​។ លោក សម រង្ស៊ី រង​ការចោទប្រកាន់ថា ការចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀម​នោះ ជាការ​កាត់​ខេត្ត​ទាំង​៤  ដែល​រួមមាន ម​ណ្ឌ​គិរី រតន​គី​រិ ក្រចេះ និង​ស្ទឹងត្រែង ទៅ​ឲ្យ​បរទេស (​វៀតណាម​)​។​

​ក្រោយ​រង​ការចោទប្រកាន់ លោក សម រង្ស៊ី ក៏បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​ក្រៅប្រទេស ដើម្បី​បដិសេធ​។ លោក បាន​ឆ្លើយតប​បែបនេះ​ថា​៖«​លោក ហ៊ុន សែន បែរជា​មក​បំភ្លៃ​ទាំងស្រុង នូវ​គំនិត​របស់ខ្ញុំ ស្តីពី​វិមជ្ឈការ ដែល​តម្រូវ​ឲ្យ​យើង ទទួលស្គាល់​សិទ្ធិ​សម្រេច​នៅ​មូលដ្ឋាន​របស់​ខ្មែរលើ ខ្មែរ​កណ្តាល និង​ខ្មែរក្រោម ដែលជា​ខ្មែរ​តែមួយ​»​។

​លោក សម រង្ស៊ី បកស្រាយ​ថា លោក គ្រាន់តែ​ចង់​ផ្តល់​សិទ្ធិ​និង​អំណាច ទៅដល់​ជនជាតិដើម​ភាគតិច ក្នុង​ខេត្ត​ទាំង​៤​នោះ ប៉ុណ្ណោះ​។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ខេត្ត​ទាំង​៤ មិនអាច​បំបែក​ឲ្យ​ទៅ​បង្កើត​រដ្ឋ​ផ្សេង ចេញពី​កម្ពុជា​នោះទេ​៕


Tag:
 បោះឆ្នោត​
  សម រង្ស៊ី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com