ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក ហួន រាជ​ចំរើន​៖ ទៅ​មូលដ្ឋាន​ផ្ទាល់ ប្រសើរ​ជាង​ដង្ហែ​ក្បួន​បង្ហាញ​សាច់ដុំ​
16, Jul 2018 , 2:51 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ទទួលបាន​អាសនៈ​១​នៅ​រដ្ឋសភា​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ប្រកួតប្រជែង​សម្រាប់​អណ​ត្តិ​ទី​៦​។ លោក ហួន រាជ​ចំរើន ដែលជា​ប្រធាន​គណបក្ស បាន​អះអាងថា បក្ស​លោក​មិន​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​ឡើយ​។ លោក​អះអាងថា មិនមែន​មកពី​អត់​ថវិកា​នោះទេ ប៉ុន្តែ​លោក​ពន្យល់ថា ការចុះ​មូលដ្ឋាន​ផ្ទាល់​ទើប​មាន​ប្រសិទ្ធភាព​។​



«​ការអភិវឌ្ឍ​ធនធាន​យុវជន កសិឧស្សាហកម្ម ទេសចរណ៍ និង​សេដ្ឋកិច្ច​»​។ នេះ​ជា​គោលនយោបាយ​អភិវឌ្ឍន៍​៤​ចំណុច​សំខាន់ៗ​របស់​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ដើម្បី​ឲ្យ​គោលនយោបាយ​ទាំងនេះ ជ្រាប​ដល់​ប្រជាពលរដ្ឋ លោក ហួន រាជ​ចំរើន បាន​អះអាង ការចុះ​ឃោសនា​ផ្ទាល់​នៅតាម​មូលដ្ឋាន គឺជា​រឿង​ដ៏​ចាំបាច់​បំផុត​។​



​គណបក្ស​ដែលមាន​លេខ​រៀង​ទី​១៤​ក្នុង​សន្លឹកឆ្នោត​មួយ​នេះ មាន​បេក្ខជន​ឈរឈ្មោះ​នៅ​១២​មណ្ឌល ក្នុងនោះ​មាន​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ស្វាយរៀង កំពង់ស្ពឺ កំពត តាកែវ និង​ភ្នំពេញ​។​

​ហេតុអ្វី​បានជា​បក្ស​មួយ​នេះ​មិន​ហែ​ក្បួន​ធំ​? លោក ហួន រាជ​ចំរើន បាន​បកស្រាយ​ប្រាប់​សារព័ត៌មាន ThmeyThmey ថា មិនមែន​មកពី​គណបក្ស​មិនមាន​ប្រាក់​គ្រប់គ្រាន់​ក្នុងការ​ឃោសនា ឬ​មិនមាន​អ្នកចូលរួម​នោះទេ តែ​ការឃោសនា​ទ្រង់ទ្រាយ​ធំ ប​បង្ក​ផលប៉ះពាល់​ចំនួន ៣​ចំណុច​។ ផលប៉ះពាល់​ទាំង​៣​នោះ​មានដូចជា បញ្ហា​សណ្ដាប់ធ្នាប់ ដែល​ធ្វើ​ឲ្យ​មានការ​ស្ទះចរាចរណ៍ និង​អាច​បង្ក​គ្រោះថ្នាក់​ផ្សេង​ដល់​ពលរដ្ឋ​។ បង្កបញ្ហា​បរិស្ថាន ការប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ធ្វើ​ឲ្យ​រំខាន​ដល់​ពលរដ្ឋ ចំណែក​ផ្សែង​ឡាន ជា​បំពុល​ដល់​បរិយាកាស​។



​លោក​បាន​បន្ថែមថា ការឃោសនា​ទ្រង់ទ្រាយ​ធំ មិន​ប្រាកដថា ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​អ្នក​ចុះ​មូលដ្ឋាន​ឡើយ​។ មិនតែប៉ុណ្ណោះ បើ​ឃោសនា​ទ្រង់ទ្រាយ​ធំ ហើយ​ទទួលបាន​លទ្ធផល​ដូច​អ្វី​បានឃើញ​នោះ ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ចិត្ត និង​ទាមទារ​លើ​សន្លឹកឆ្នោត​ឡើងវិញ​។ នេះ​បើតាម​លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​

​លោក ហួន រាជ​ចំរើន​បញ្ជាក់បន្ថែម​ដូចនេះ​ថា​៖«​ការ​ហែ​ធំ​ទាំងអស់គ្នា គឺជា​ការប្រឈមមុខ​ប​ង្អូ​ត​សាច់ដុំ​ដាក់គ្នា ហើយ​បង្កបញ្ហា​ដាក់គ្នា ពេល​ហែ​ជួបគ្នា​ឌឺដង​ដាក់គ្នា នាំ​ឲ្យ​ជាតិ​មានការ​ប្រេះស្រាំ​។ ហើយ​នៅពេល​លទ្ធផល​ខុស​ការឃោសនា និង​មាន​ការតវ៉ា​រឿង​លួច​បន្លំ​សន្លឹកឆ្នោត​។ ចាំមើល​បក្ស​ហែរ​ធំៗ និង​ចុះ​ដល់​មូល​មួយណា មាន​សំឡេងគាំទ្រ​ច្រើនជាង​»៕




Tag:
 គណបក្ស​
 ​បោះឆ្នោត​
 ​ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com