ជាតិ
សង្គមជាតិ
ក្រសួង៖ ស្រាសមានជាតិមេតាណុលខ្ពស់ ទើបបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង៦២នាក់ ធ្លាក់ខ្លួនឈឺនៅក្រចេះ រូបភាពពីហ្វេសប៊ុកក្រសួងសុខាភិបាល
× ក្រុមការងារថ្នាក់ជាតិនៃក្រសួងសុខាភិបាល បានរកឃើញថា ប្រជាពលរដ្ឋនៅខេត្តក្រចេះ ស្លាប់៣នាក់ និងឈឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ៦២នាក់ គឺបណ្ដាលមកពីផឹកស្រាស ដែលមានជាតិមេតាណុលកម្រិតខ្ពស់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។
លទ្ធផលពីក្រុមការងារថ្នាក់ជាតិនៃក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រជាពលរដ្ឋ១២នាក់ ដែលរស់នៅភូមិរវៀងមានជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានជួបជុំគ្នាក្នុងកម្មវិធីពិសាអាហារដោយមានការផឹកស្រាសផងដែរ កាលពីថ្ងៃទី១២ ខែកក្កដា។ លុះនៅថ្ងៃទី១៣-១៤ ខែដដែល ក្នុងចំណោមទាំង១២នាក់ អ្នកដែលបានផឹកស្រាស មាន៣នាក់បានស្លាប់។
បន្ទាប់មក នៅថ្ងៃទី១៣ ខែកក្កដា ក៏មានប្រជាពលរដ្ឋ៤៨នាក់ផ្សេងទៀត បានពុលស្រាស ពេលផឹកនៅក្នុងពិធីបុណ្យសពអ្នកទាំង៣នាក់ ដែលបានស្លាប់ដោយសារផឹកស្រាលើកមុន។ ប៉ុន្តែ ក្នុងចំណោមអ្នកទាំង៤៨នាក់នោះ គ្មានអ្នកណាម្នាក់ បានបាត់បង់ជីវិតឡើយ។
នៅថ្ងៃទី១៣ ខែកក្កដាដដែល ស្រាប់តែមានប្រជាពលរដ្ឋ៣នាក់ទៀត បានពុលស្រាស និង៩នាក់ ឈឺដោយសារជំងឺផ្សេងៗ ពេលចូលរួមក្នុងវិធីសែនអ្នកតា។
លទ្ធផលនោះ បានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី១៣-១៥ ខែកក្កដា អ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងនៅមន្ទីរពេទ្យបង្អែកស្រុក មានចំនួនសរុប ៧៣នាក់ (ស្រី២១នាក់) ទាំងអ្នកដែលពុលស្រាស និងអ្នកមិនពុលស្រាស ដោយក្នុងនោះ ៦២នាក់ពុលស្រាស (ស្រី១៩)។
«អ្នកដែលចូលសម្រាកនៅមន្ទីរពទ្យទាំងអស់ មានរោគសញ្ញា ដូចជា អស់កម្លាំង ណែនទ្រូង ឈឺក្បាលព្រិលភ្នែក បាត់បង់ស្មារតី វិលមុខ ឈឺពោះ រាគរុស ក្អួតចង្អោរ»។ នេះបើតាមការបញ្ជាក់ ពីក្រុមការងារថ្នាក់ជាតិ នៃក្រសួងសុខាភិបាល និងបានបន្ថែមថា អ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យខាងលើ គ្រូពេទ្យកំពុងតែតាមដានបន្ត។
ភិបាលខេត្តក្រចេះ លោក វ៉ា ថន បានចេញលិខិត នៅថ្ងៃទី១៥ ខែកក្កដា ប្រាប់ទៅ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃយ៉ាងដូច្នេះថា ប្រជាពលរដ្ឋ ៦២នាក់ដែលចូលសម្រាកនៅមន្ទីរពេទ្យ និងបានស្លាប់៣នាក់ គឺបណ្ដាលមកពីផឹកស្រាសមានជាតិមេតាណុលកម្រិតខ្ពស់។
ក្រុមការងារថ្នាក់ជាតិនិងខេត្តក្រចេះ បានអំពាវនាវទៅអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ត្រូវរឹតបន្តឹងការត្រួតពិនិត្យក្នុងការផលិត ការចែកចាយ ការលក់ ស្រាសជាប្រចាំ។ ហើយជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំអស់ ត្រូវបញ្ឈប់ការផឹកស្រាស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។
នេះមិនមែនជាលើកទី១នោះទេ ដែលប្រជាពលរដ្ឋនៅខេត្តក្រចេះ បានស្លាប់ និងធ្លាប់ខ្លួនឈឺ ដោយសារតែការពុលស្រាស។ កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងមក មានការផ្ញាក់ផ្អើលរួចមកហើយ ចំពោះករណីពុលស្រាស នៅខេត្តក្រចេះ ដោយបណ្តាលឲ្យមនុស្ស១៣ស្លាប់ និងជិត៣០០នាក់ ចូលសម្រាកនៅមន្ទីរពេទ្យ៕
Tag:
ពុលស្រាស
មេតាណុល
ស្លាប់
ព្យាបាល
© រក្សាសិទ្ធិដោយ thmeythmey.com