រថយន្ត
អន្តរជាតិ
ក្រុម​អ្នកគាំទ្រ​អង់គ្លេស​អង្គាស​ថវិកា​ដើម្បី​ជួសជុល​រថយន្ត​ដែល​ត្រូវបាន​បំផ្លាញ​ក្រោយ​ឈ្នះ​ស៊ុយអែត
16, Jul 2018 , 7:19 pm        
រូបភាព
ស្ត្រីវ័យក្មេងម្នាក់លោតទន្ត្រំ​លើរថយន្ត។ រូបថត Reuters
ស្ត្រីវ័យក្មេងម្នាក់លោតទន្ត្រំ​លើរថយន្ត។ រូបថត Reuters
ដោយ: ធីតា
​បន្ទាប់ពី​អង់គ្លេស​បាន​យកឈ្នះ​ស៊ុយអែត ២-០ កាលពី​ការប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 នៅ​ថ្ងៃទី​៧ ខែកក្កដា ក្រុម​អ្នកគាំទ្រ​អង់គ្លេស​អបអរ​យ៉ាងខ្លាំង​ក្លា ដោយ​អ្នកខ្លះ​ប្រព្រឹត្ត​ទង្វើ​ដ៏​គួរ​ឲ្យ​គោរព ហើយ​អ្នក​ខ្លះទៀត​លង់ខ្លួន​ធ្វើ​ទង្វើ​មិន​គប្បី​។ ជាក់ស្តែង រថយន្ត​ពេទ្យ​មួយ​នៅ​កណ្តាល​ក្រុង​ឡុង​ដ៍ ត្រូវបាន​បំផ្លាញ​ព្រោះតែ​ការសប្បាយ​គ្មាន​ព្រំដែន​។​



​យោងតាម​ការផ្សាយ​រប​ស់ The Independent រថយន្ត​ពេទ្យ​មួយគ្រឿង ត្រូវបាន​ដាក់​ចត​ចោល​ក្បែរ​ស្ពាន London Bridge​។ គ្រាន់តែ​កញ្ចែ​បញ្ចប់​ការប្រកួត​ភ្លាម ក្រុម​អ្នកគាំទ្រ​បាននាំគ្នា​អបអរសាទរ ដោយសារតែ​អង់គ្លេស​ឈានចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ជា​លើកដំបូង​ក្រោយ​អវត្តមាន​ជិត​៣០​ឆ្នាំ​។​

​សកម្មភាព​អបអរសាទរ​របស់​អ្នកនោះ បានបង្ហាញ​នូវ​ទិដ្ឋភាព​ដ៏​អាក្រក់​មួយ ដោយ​ពួកគេ​នាំគ្នា​ឡើងលើ​ដំបូល​រថយន្ត និង​លោតតន្ត្រំ​ពីលើ រហូតដល់​រង​ការខូចខាត​យ៉ាងខ្លាំង​។ ក្នុងចំណោម​យុវជន​ទាំងនោះ អ្នកប្រើប្រាស់​សង្គម​ចែករំលែក​តៗ​គ្នា​នូវ​សកម្មភាព​របស់​នារី​វ័យក្មេង​ម្នាក់​។​



​ទាក់ទង​នឹង​បញ្ហា​នេះ ភ្នាក់ងារ​រថយន្ត​សង្គ្រោះបន្ទាន់​ប្រចាំ​ក្រុង​ឡុង​ដ៍ បាន​លើកឡើងថា ទង្វើ​របស់​ក្រុម​អ្នកគាំទ្រ​ដ៏​ជ្រុលនិយម​ទាំងនោះ មិនអាច​អន់ឱន​ឲ្យ​នោះឡើយ​។ ស្ថាប័ន​នេះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ខ្លួន​ថា​៖«​រថយន្ត​មិនអាច​ធ្វើដំណើរ​ទៅយក​ជនរងគ្រោះ​បាន​ទៀតហើយ​។ យើង​ត្រូវមាន​កាតា​ព្វ​កិច្ច​សំខាន់​ជាង​នេះ​»​។​

​ដើម្បី​លុបលាង​កំហុស​នេះ ក្លិប​ក្រុម​អ្នកគាំទ្រ​មួយ​ដែលមាន​ឈ្មោះថា Millwall Supporters’ Club បានចាប់ផ្តើម​កម្មវិធី​រៃអង្គាសប្រាក់​ឲ្យ​បាន​ចាប់ពី​៥០០០​ផោន​ឡើងទៅ ដើម្បី​សង​ថ្លៃ​ការខូចខាត​។ ការ​រៃអង្គាស​ធ្វើឡើង​តាមរយៈ​គេហទំព័រ JustGiving​។​

Millwall Supporters’ Club បាន​លើកឡើងថា វា​ជា​រឿង​ដ៏​សំខាន់​ក្នុង​ការជួយ​ដល់​សហគមន៍​សម្រាប់​ការជួសជុល​រថយន្ត​ដែល​ខូចខាត ហើយ​អ្នកគាំទ្រ​ទាំងអស់​បន្ត​រីករាយ​ទាំងអស់គ្នា​សម្រាប់​ក្រុម​អង់គ្លេស​។ ប៉ុន្តែ​មកដល់ពេលនេះ គេ​មិនទាន់​ដឹងថា ការ​រៃអង្គាស​មានដំណើរ​ការ​ទៅមុខ ឬ​យ៉ាងណា​ក៏​នោះឡើយ បន្ទាប់ពី​អង់គ្លេស​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​បែលហ្ស៊ិក ២-០ ៕



Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com