អន្តរជាតិ
ប្រធាន​អាស៊ាន​សិង្ហ​បុរី​៖ សហភាព​អឺរ៉ុប​និង​អាស៊ាន​នឹង​ចាប់ផ្ដើម​ដំណើរការ​បង្កើត FTA ឡើងវិញ​
16, Jul 2018 , 9:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ចាប់ដៃប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាដំណើរទស្សនកិច្ចផ្លូវការនៅបារាំង (រូបភាព AFP)
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ចាប់ដៃប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាដំណើរទស្សនកិច្ចផ្លូវការនៅបារាំង (រូបភាព AFP)
អំឡុងពេល​ទស្សនកិច្ច​នៅ​ទឹកដី​បារាំង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និយាយថា សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេ​យ៏ បាន​ឯកភាពគ្នា​ចាប់ផ្ដើម​ដំណើរការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) ឡើងវិញ​។ ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​អាស៊ាន​-​សហភាព​អឺរ៉ុប សិង្ហ​បុរី​នឹង​បង្កើត​ក្របខណ្ឌ​មួយ​ដើម្បី​កំណត់​វិស័យ​អាទិភាព​នានា​ដើម្បី​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​លេច​ជា​រូបរាង​។



​កាលពី​ឆ្នាំ​២០០៧ អង្គការ​តំបន់​ធំ​ពីរ គឺ​សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន បាន​ព្រមព្រៀងគ្នា​ចាប់ផ្ដើម​ការចរចា​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​គ្នា​។ បាន​ត្រឹម​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ដំណើរ​ការចរចា​ក៏ត្រូវ​បាន​ផ្អាក ព្រោះ​សហភាព​អឺរ៉ុប​ចង់​រកស៊ី​ជាមួយ​សមាជិក​អាស៊ាន​ទាំង​១០ ជា​លក្ខណៈ​ទ្វេភាគី ជាជាង​ការធ្វើ​ពាណិជ្ជកម្ម​ក្រោម​ក្របខណ្ឌ​រវាង​តំបន់ និង​តំបន់​។  

​យ៉ាងណាមិញ នៅ​ថ្ងៃទី​១៤ ខែកក្កដា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ដែលជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៨ អះអាងថា ការចរចា​ដែល​ផ្អាក​ជិត​១០​ឆ្នាំ​មកហើយ​នោះ នឹង​ចាប់ផ្ដើម​ឡើងវិញ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​អំឡុងពេល​ទស្សនកិច្ច​ផ្លូវការ​នៅ​បារាំង លោក លី និយាយថា សហភាព​អឺរ៉ុប និង​អាស៊ាន បាន​យល់ព្រម​ដំណើរការ​ការចរចា​ប​ង្កើ​ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើងវិញ​ហើយ​។​

​ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន និង​អឺរ៉ុប ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​ក៏​បង្ហាញ​ក្ដីសង្ឃឹម​ក្នុងការ​បង្កើត​យន្តការ​មួយ​ដើម្បី​កំណត់​គោលដៅ​អាទិភាព​ដែលមាន​សក្តានុពល​ដល់​ការបង្កើត​កិច្ច​ព្រម​ព្រ​ង​ទ្វេភាគី​នេះ​។ បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia លោក លី បញ្ជាក់ថា​៖ «​ការបង្កើត​កិច្ចព្រមព្រៀង​នេះ នឹង​ចំណាយ​ពេលវេលា​យូរ​ជាង​ដំណាច់​ឆ្នាំនេះ ប៉ុន្តែ​បើ​អាច​កំណត់​កិច្ចព្រមព្រៀង​ដែល​នូវ​ផ្ដល់ឱកាស​ធំៗ​បាន យើង​អាច​ទទួលបាន​ជោគជ័យ​ហើយ​។​»

​យ៉ាងណាមិញ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប​កាលពី​ខែមីនា ភាគី​ទាំងសងខាង​បាន​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ថា នឹង​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នៅត្រឹម​ដំណាច់ឆ្នាំ​២០១៨ ប៉ុណ្ណោះ​។ ដោយសារ​លោក លី និយាយថា ការចរចា​អាច​ត្រូវការ​ពេល​យូរ​នោះ វា​អាចជា​សញ្ញា​បង្ហាញ​ពី​ការ​មិនទាន់​ត្រូវរ៉ូវ​គ្នា​ទាំងស្រុង​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប ទោះជា​ភាគី​ទាំងពីរ​ចង់បាន​ឲ្យ​កិច្ចព្រមព្រៀង​កើតចេញ​ឆាប់ៗ​ក្ដី​។​

​តាមពិតទៅ ការចាប់ផ្ដើម​ជជែក​ពី​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ កើតចេញពី​ការផ្លាស់ប្ដូរ​ចរន្ត​សេដ្ឋកិច្ច​សកល ដែល​លេចចេញ​ដោយសារ​នយោបាយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ សម្រាប់​អឺរ៉ុប អាស៊ាន​ដែលមាន​១០​ប្រទេស ប្រជាជន​សរុប​ជាង​៦០០​លាន​នាក់ គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ពួកគេ ដ្បិត​មិនអាច​ពឹង​ផ្អែកលើ​អាមេរិក​ទាំងស្រុង​ទៀត​បានឡើយ​។ ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប Cecilia Malmström ធ្លាប់​និយាយថា ការផ្លាស់ប្ដូរ​បរិយាកាស​អន្តរជាតិ ធ្វើ​ឲ្យ​អឺរ៉ុប​ប្ដូរ​គោលដៅ​មក​ប្រទេស​អាស៊ី​៕


Tag:
 អាស៊ាន​
  សហភាព​អឺរ៉ុប​
  សិង្ហ​បុរី​
  FTA
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com