កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ FIFA ចាយអស់៧៩១លានដុល្លារក្នុងនោះ៤០០លានដុល្លារលើប្រាក់រង្វាន់ ក្រុមបារាំងលើកពាន World Cup ជាលើកទីពីរ។ រូបថត FIFA
× ក្នុងនាមជាក្រុមម្ចាស់ជើងឯក FIFA World Cup 2018 បារាំងទទួលបានប្រាក់រង្វាន់៣៨លានដុល្លារអាមេរិក រីឯក្រូអាស៊ីដែលជាក្រុមលេខ២ បាន២៨លានដុល្លារអាមេរិក ក្រុមលេខបីបែលហ្សិក បាន២៤លានដុល្លារអាមេរិក ដោយលើសក្រុមលេខ៤អង់គ្លេស២លានដុល្លារអាមេរិក។ ក្រុមផ្សេងទៀតក្នុងចំណោម៣២ក្រុមដែលបង្ហាញវត្តមាននៅរុស្ស៊ី ក៏ត្រូវទៅផ្ទះវិញជាមួយនឹងប្រាក់រង្វាន់ទៅតាមវគ្គដែលគេបានបញ្ចប់ផងដែរ។
ក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA Council) នាជំនួបនៅក្រុង Kolkata កាលពីខែតុលា ឆ្នាំ២០១៧ បានប្រកាសអំពីទឹកប្រាក់ដែលត្រូវចំណាយក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី ក្នុងចំនួនសរុប ៧៩១លានដុល្លារអាមេរិក។
ក្នុងចំណោមការចំណាយសរុបដល់ទៅ៧៩១លានដុល្លារអាមេរិកនោះ ៤០០លានដុល្លារអាមេរិក គឺប្រើប្រាស់ទៅលើការផ្តល់ប្រាក់រង្វាន់ដែលក្រុមកីឡាទាំង៣២ទៅតាមចំណាត់ថ្នាក់ដែលពួកគេសម្រេចបាន រីឯការចំណាយផ្សេងទៀត រួមមាន ការបង់ទៅឲ្យក្លិបដែលកីឡាប្រកបអាជីព និងការថ្លៃសេវាធានារ៉ាប់រងរបស់កីឡាករទាំងអស់។
ការចំណាយសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំ២០១៨នេះ មានចំនួនលើសកាលពីឆ្នាំ២០១៤ រហូតដល់ទៅ៤០ភាគរយ ជាពិសេសប្រាក់រង្វាន់ ដែលកើនពី៣៥៨លានដុល្លារអាមេរិក ទៅ៤០០លានដុល្លារអាមេរិក។
ប្រាក់រង្វាន់សុទ្ធដែលក្រុមនីមួយៗទទួលបាននោះគឺ៖
-១៦ក្រុមដែលធ្លាក់នៅវគ្គចែកពូល (អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, អ៊ីរ៉ង់, ម៉ារ៉ុក, ប៉េរូ, អូស្ត្រាលី, នីហ្សេរីយ៉ា, អ៊ីស្លង់, ស៊ែប៊ី, កូស្តារីកា, កូរ៉េខាងត្បូង, អាល្លឺម៉ង់, ទុយនីស៊ី, ប៉ាណាម៉ា, សេនេហ្គាល់ និងប៉ូឡូញ) សរុប១២៨លានដុល្លារអាមេរិក ដោយមួយក្រុមៗទទួលបាន៨លានដុល្លារអាមេរិក។
-៨ក្រុមដែលធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ (ព័រទុយហ្គាល់, អាហ្សង់ទីន, ម៉ិកស៊ិក, ជប៉ុន, អេស្ប៉ាញ, ដាណឺម៉ាក, ស្វីស, កូឡុំប៊ី) សរុប៩៦លានដុល្លារអាមេរិក ដោយមួយក្រុមៗ ទទួលបាន១២លានដុល្លារអាមេរិ។
-៤ក្រុមដែលធ្លាក់នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ (អ៊ុយរូហ្គាយ, ប្រេស៊ីល, រុស្ស៊ី, ស៊ុយអែត) សរុប៦៤លានដុល្លារអាមេរិក ដោយមួយក្រុមៗទទួលបាន១៦លានដុល្លារអាមេរិក។
-ក្រុមលេខ៤៖ អង់គ្លេស ទទួលបាន២២លានដុល្លារអាមេរិក
-ក្រុមលេខ៣៖ បែលហ្ស៊ិក ទទួលបាន២៤លានដុល្លារអាមេរិក
-ក្រុមលេខ២៖ ក្រូអាស៊ី ទទួលបាន២៨លានដុល្លារអាមេរិក
-ក្រុមជើងឯក៖ បារាំង ទទួលបាន៣៨លានដុល្លារអាមេរិក
សូមបញ្ជាក់ថា ក្រុមទាំងអស់នោះ មិនមែនបានតែប្រាក់រង្វាន់សុទ្ធនោះឡើយ ព្រោះ FIFA បានទម្លាក់ថវិកា
ក្រៅពីប្រាក់រង្វាន់សុទ្ធនោះ ក្រុមនីមួយៗក្នុងចំណោមក្រុមទាំង៣២ទទួលបានរួចហើយនូវថវិកាសរុប១.៥លានដុល្លារសម្រាប់ការរៀបចំផ្សេងៗ នៅមុនព្រឹត្តិការណ៍ប្រកួត ដើម្បីធានាថា រាល់ក្រុមទាំងអស់ត្រូវមានកញ្ចប់ថវិកាយ៉ាងហោចណាស់៩.៥លានដុល្លារអាមេរិកសម្រាប់ការចូលរួម FIFA World Cup 2018។
ជាមួយគ្នានេះផងដែរ ក្រោមកម្មវិធី Club Benefit Programme សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិរួមចំណែកថវិកាចំនួន២០៩លានដុល្លារអាមេរិក បង់ទៅឲ្យក្លិបជាថ្នូរនឹងការអនុញ្ញាតឲ្យកីឡាកររបស់ពួកគេចូលលេង World Cup។
បន្ថែមពីលើនេះទៀត FIFA ក៏បានបម្រុងថវិកា១៣៤លានដុល្លារអាមេរិកសម្រាប់កម្មវិធី Club Protection Programme ដោយក្លិបនីមួយៗនឹងទទួលបានសំណងក្នុងករណីកីឡាកររបស់ពួកគេរងរបួសនាពេលបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិ៕
Tag:
បាល់ទាត់
FIFA World Cup
រុស្ស៊ី
World Cup Prize Money
© រក្សាសិទ្ធិដោយ thmeythmey.com