ជាតិ
នយោបាយជាតិ
លោក ហ៊ុន ម៉ានី៖ មិនគួរយកអង្គព្រះមហាក្សត្រមកពាក់ព័ន្ធនឹងគម្រោងនយោបាយឡើយ លោក ហ៊ុន ម៉ានី ប្រតិកម្មតបទៅនឹង សម រង្ស៊ី ដែលភ្ជាប់ព្រះមហាក្សត្រពាក់ព័ន្ធការបោះឆ្នោត។ រូបថត AFP
× លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រតិកម្មនឹងការបង្ហោះហ្វេសប៊ុករបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងព្រះមហាក្សត្សស្តីពីការបោះឆ្នោត។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា បើទោះបីជាព្រះអង្គជាចំណាប់ខ្មាំងរបស់សម្តេច ហ៊ុន សែន ក៏ដោយ ប៉ុន្តែព្រះអង្គមិនយាងទៅបោះឆ្នោតឡើយ។ តបទៅនឹងការបង្ហោះនេះ លោក ហ៊ុន ម៉ានី ចាត់ទុកថាមិនមែនជារឿងត្រឹមត្រូវនោះឡើយ ក្នុងការយកអង្គព្រះព្រះមហាក្សត្រទៅបម្រើនយោបាយរបស់ខ្លួន។
«មិនអាចទទួលយកបានជាដាច់ខាត ហើយបើអាចបញ្ឈប់វាបាន ល្មមបញ្ឈប់ហើយ […] ដោយលោកមិនគួរយកអង្គព្រះមហាក្សត្រជាទីសក្ការ:របស់យើង មកពាក់ព័ន្ធនឹងគម្រោងនយោបាយដ៏អាក្រក់បំផុតរបស់លោកនោះឡើយ»។ នេះជាសំណេរនៅលើហ្វេសប៊ុករបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅលើហ្វេសប៊ុកនារាត្រីថ្ងៃទី១៦ ខែកក្កដា។
លោក សម រង្ស៊ី ដែលបង្កើតយុទ្ធនាការដេកផ្ទះឈ្នះស្អាតពីក្រៅប្រទេស បានគៀងគរពលរដ្ឋនៅកម្ពុជា មិនឲ្យទៅបោះឆ្នោត ដោយលោកបានចាត់គណបក្ស១៩ទៀតថា ជាគណបក្សអំពិលអំពែក។ នារយៈពេលចុងក្រោយនេះ អតីតប្រធានបក្សប្រឆាំង បានលើកឡើងពីអង្គព្រះមហាក្សត្រទាក់ទងនឹងការយាងមិនទៅ ដែលតាមពិតទៅ មិនមែនជារឿងថ្មីនោះឡើយ។
មាត្រា៩នៃរដ្ឋធម្មនុញ្ញ ចែងថា ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។ នៅរៀងរាល់អាណត្តិព្រះករុណា ព្រះមហាក្សត្រ មិនដែលយាងទៅបោះឆ្នោតនោះឡើយ។
លោក សុខ ឥសាន ក៏បានប្រតិកម្មស្រដៀងនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ានី។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានសរសេរនៅបណ្តាញសង្គម Telegram ប្រាប់ទៅអ្នកកាសែតថា ការយកព្រះនាមព្រះមហាក្សត្រក្នុងគោលបំណងរារាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាការប្រមាថជាក់ស្តែងចំពោះព្រះអង្គ។ លោក សុខ ឥសាន ចាត់ទុកថា នេះជាល្បិចកលចុងក្រោយរបស់អតីតមេបក្សប្រឆាំង៕
Tag:
ហ៊ុន ម៉ានី
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com