ជាតិ
លោក ខៀវ កាញារីទ្ធ បដិសេធថា លោកមិនបាន​ស្នើ​ឲ្យ​វៀតណាម​ជួសជុល​ឯកសារ​ជាតិ​ឡើយ​
17, Jul 2018 , 10:34 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បដិសេធ​​ថា លោកមិនបានស្នើ​ឲ្យ​វៀតណាម​ជួយ​ជួសជុល​ឯកសារ​សំខាន់ៗ​ជាតិ​ឡើយ។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចាត់ទុក​ការចុះផ្សាយ​នេះ ជា​ព័ត៌មាន​មិន​ពិត​។​



«​ក្រសួង​ព័ត៌មាន​សុំ​ឲ្យ​ខាង​ក្រសួង​ព័ត៌មាន​វៀតណាម​ជួយ​ដាក់បញ្ចូល​ជា​ឌីជីថល​នូវ​ឯកសារ​របស់​ទូរ​ទស្សន៍​(​រូប​និង​សំលេង​) របស់​វិទ្យុជាតិ (​សំលេង​) និង AKP ទីភ្នាក់ងារសារព័ត៌មានជាតិ(​រូប និង ទិន្នន័យ​) ហើយនឹង​ជួយ​បណ្តុះបណ្តាល​មន្ត្រី​ក្រសួង​ព័ត៌មាន ​ឲ្យ​ចេះ​ជួសជុល​និង​សំអាត​រូប ​និង​សំលេង​ចាស់ៗ​ឲ្យ​បានល្អ​ដូចដើម​ឡើងវិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ចង់​បកស្រាយ​ថា ក្រសួង​មិនបាន​ពឹង​ឲ្យ​ជួសជុល​ឯកសារ​សំខាន់ៗ​របស់​ជាតិ​​។

​បើតាម​លោក ខៀវ កាញារីទ្ធ ការរៀបចំ​ឯកសារ​ជា​ឌីជីថល​របស់​ទូរទស្សន៍​ជាតិ​នេះ ត្រូវការ​ចំណាយ​ថវិកា​លើសពី​៦ ទៅ​១០​លាន​ដុល្លារ​អាមេរិក​។ «​កន្លងមក​ក្រសួង​បាន​សុំ​ក្រសួង​ហិរញ្ញវត្ថុ​ច្រើន​ឆ្នាំ​ហើយ តែ​ដោយ​បន្ទុក​ថវិការដ្ឋ​ត្រូវ​ចំណាយ​លើ​អាទិភាព​ផ្សេងៗ​ទើប​យើង​មិនដែល​បានទទួល​លុយ​ដើម្បី​ការពារ និង ស្តារ​ឯកសារ​ទាំងនេះ ។ ជា​ព័ត៌មាន​ពិត​គឺ​អ៊ីចឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ។​

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រសួង​ធ្លាប់​ស្នើ​ឲ្យ​ចិន ជប៉ុន និង​បារាំង ឲ្យ​ជួយ​រៀបចំ​ការងារ​នេះដែរ ប៉ុន្តែ​ពួកគេ បដិសេធថាមិនមាន​លទ្ធភាព​ជួយ ។ ដូច្នេះ​ទើប​ពឹង​វៀតណាម ដែល​ស្ម័គ្រចិត្ត​ជួយ​កម្ពុជានេះ​។​ 

​ការ​ប្រតិកម្ម​របស់លោក ខៀវ កាញារីទ្ធ ធ្វើឡើង​បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុងស្រុក ចុះផ្សាយ​ខុសពី​សម្ដី​លោក នៅក្នុង​ជំនួប​ជាមួយ​ភាគី​វៀតណាម កាលពី​ថ្ងៃទី​១៥ កក្កដា​៕


Tag:
 ខៀវ កាញារីទ្ធ​
  ព័ត៌មាន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com