កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ស្រែកច្រៀង​ថា Kante តូច​ល្អិត​តែ​ល្អ​ជាង Messi
17, Jul 2018 , 12:02 pm        
រូបភាព
​តារា​ឆ្នើម Paul Pogba ព្រមទាំង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​ទាំងអស់​បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ប៉ារីស​វិញ​ហើយ ក្រោយ​ពួកគេ​ផ្តួល​ក្រូ​អាស៊ី​ដណ្ដើមបាន​ពាន World Cup ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​។ នៅមុខ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ដែល​កំពុង​ឈរ​ចាំ​អបអរ​ពាន​នោះ ខ្សែបម្រើ Manchester United បាន​ស្រែកច្រៀង​ថា N'Golo Kante តូច​ល្អិត​តែ​ល្អ​ជាង Lionel Messi​។



អត្ថបទទាក់ទង


​លោក Didier Deschamps បាន​ដឹកនាំ​ក្រុម​មាន់គក ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ក្នុងប្រទេស​រុស្ស៊ី ដោយ​ឈ្នះ​ក្រូ​អាស៊ី ៤-២ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ក្រុង​មូ​ស្គូ​។​

​ក្នុងចំណោម​សមាសភាព​កីឡាករ​របស់​បារាំង ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe, Antoine Griezmann និង Pogba សុទ្ធសឹងតែ​បានធ្វើ​ឲ្យ​មាន​ភាព​លេចធ្លោ​ខ្លាំង​នៅ​គ្រប់ការ​ប្រកួត​។ ប៉ុន្តែ​លើសពី​កីឡាករ​ខាងលើ Kante បាន​ក្លាយជា​វីរបុរស​លាក់​មុខរប​ស់​បារាំង​សម្រាប់​ការប្រកួត​ទាំងមូល​រយៈពេល​១​ខែ​ក្នុង​ព្រឹត្តិការណ៍​នៅ​រុស្ស៊ី​កន្លងមកនេះ​។​



​សមាជិក​ក្រុម Chelsea វ័យ​២៧​ឆ្នាំ​ដែល​ចូលចិត្ត​ញញឹម​រូបនេះ បានទទួល​ការកោតសរសើរ​យ៉ាងច្រើន ពី​សំណាក់​អ្នកគាំទ្រ និង​មិត្ត​រួម​ក្រុម​ទាំងអស់​ដោយសារតែ​រូបគេ​ជា​កីឡាករ​សុភាពរាបសារ ស្ងៀមស្ងាត់ និង​ដាក់ខ្លួន​ពី​ធម្មជាតិ​តែម្តង​។ Kante បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ដែល​អាច​បិទ Messi ជាប់​មិន​ឲ្យ​ទៅណា​រួច​នា​ជំនួប​បារាំង​ទល់នឹង​អា​ហ្ស​ង់​ទីន​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​



​នៅក្នុង​ពិធី​ហែ​ពាន និង​អបអរ​ក្រុម​នៅមុខ​វិមាន​ប្រធានាធិបតី​បារាំង ដោយមាន​ការចូលរួម​ពី​លោក​ប្រធានាធិបតី Emmanuel Macron រួមជាមួយ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នោះ Pogba ដែល​មើលទៅ​ដូចជា​ពិ​ធី​ករ ឬ DJ  បាន​កាន់​ម៉េ​ក្រូ​ស្រែកច្រៀង​ថា​៖« N'Golo Kante គាត់​តូច​តែ​ល្អ គាត់​អាច​បិទ Lionel Messi ជាប់​»​។​



​វីដេអូ​អបអរ​នោះ​ត្រូវបាន​បង្ហោះ​ចូលទៅក្នុង​បណ្តាញ​សង្គម Twitter នៅ​ប៉ុន្មាន​ម៉ោង​មុន​ហើយ​បានទទួល​ការចែក​ចាយ​បន្ត និង​ទស្សនា​ជាង​មួយ​លាន​នាក់​។​
​អ្នកគាំទ្រ​ភាគច្រើន​ដែល​មើល​វីដេអូ​នោះ បានបង្ហាញ​ការស្រលាញ់​ចូលចិត្ត Kante និង​សរសើរ​ថា​រូបគេ​ជា​កីឡាករ​ល្អ​បំផុត​របស់​បារាំង​ក្នុង​ជំនាន់​នេះ​៕





Tag:
 បាល់ទាត់​
  FIFA World Cup
  Paul Pogba
  N\'Golo Kante
© រក្សាសិទ្ធិដោយ thmeythmey.com