ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីសុខាភិបាល ប្រកាសមិនលើកលែងឲ្យគ្លីនិកឯកជនណា ដែលនៅតែផ្គើននឹងច្បាប់
× គ្រប់គ្លីនិកឯកជននៅកម្ពុជា នឹងត្រូវទទួលទោស បើមិនគោរពច្បាប់ និងការណែនាំរបស់ក្រសួងសុខាភិបាល។ នេះជាការព្រមានរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
សារព្រមានធ្ងន់ៗរបស់លោក ម៉ម ប៊ុនហេង នាពេលនេះ គឺធ្វើឡើង បន្ទាប់ពីសង្កេតឃើញម្ចាស់គ្លីនិកមួយចំនួន មិនព្រមអនុវត្តតាមការណែនាំរបស់លោក ដែលបានដាក់ចេញកាលពីលើកមុនៗ។ កន្លងមក លោក ធ្លាប់ហាមម្ចាស់គ្លីនិក មិនឲ្យផ្សព្វផ្សាយព័ត៌មានស្តីពីសេវាកម្មបង្កកំណើតសិប្បនិមិត្ត ដែលក្រសួង មិនទាន់បានអនុញ្ញាត។
យ៉ាងណាក៏ដោយ បច្ចុប្បន្ន នៅតែមានម្ចាស់គ្លីនិកខ្លះ បន្តផ្សព្វផ្សាយដដែល។ រដ្ឋមន្ត្រីរូបនេះ ប្រាប់ម្ចាស់គ្លីនិកទាំងនោះ ឲ្យរង់ចាំការកើតឡើងនូវច្បាប់ស្តីពីការពរពោះជំនួស និងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល ជាមុនសិន ហើយបន្ទាប់មកទើបក្រសួង សម្រេចថាអនុញ្ញាតឲ្យផ្សព្វផ្សាយ ឬយ៉ាងណា។
តាមរយៈសេចក្តីជូនដំណឹង ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោក ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«នេះជាការរម្លឹកលើកចុងក្រោយ ដល់ម្ចាស់គ្លីនិកឯកជន ដែលមិនគោរពច្បាប់ និងប្រកាសរបស់ក្រសួង។ ប្រសិនបើ ម្ចាស់គ្លីនិក នៅតែបន្តសកម្មភាព នឹងត្រូវទទួលទោសតាមច្បាប់»៕
Tag:
ក្រសួងសុខាភិបាល
គ្លីនិក
© រក្សាសិទ្ធិដោយ thmeythmey.com