អន្តរជាតិ
ចិន ថា មិនទាន់មានប្រទេសណាធ្លាក់ក្នុងវិបត្តិបំណុលដោយសារខ្លួនឡើយ លោកស្រី Hua Chunying នាសន្និសីទកាសែតថ្ងៃទី១៧ ខែកក្កដា (រូបភាពពីគេហទំព័រក្រសួងការបរទេសចិន)
× ក្រសួងការបរទេសចិន នៅថ្ងៃទី១៧ ខែកក្កដា បានទាត់ចោលការផ្សាយរបស់សារព័ត៌មាន Financial Times ជុំវិញការដើរថយក្រោយនៃ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» នៅតាមប្រទេសមួយចំនួន។ យ៉ាងណាមិញ ក្រុងប៉េកាំងក៏បានទទួលស្គាល់ថា ពិតជាមានគម្រោងខ្លះស្ថិតក្រោមក្របខណ្ឌគំនិតផ្ដួចផ្ដើមនេះ បានជួបបញ្ហាមែន តែមិនមែនមកពីមូលហេតុហិរញ្ញវត្ថុឡើយ។ មកទល់ពេលនេះ មិនមានប្រទេសណាធ្លាក់ខ្លួនក្នុងវិបត្តិបំណុលដោយសារចិនឡើយ។
ជាថ្មីម្ដងទៀត ចិនបាននិយាយការពារគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលជួបការរិះគន់ជាបន្តបន្ទាប់។ ចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយមានមូលដ្ឋាននៅអង់គ្លេស Financial Times បានចុះផ្សាយអត្ថបទមួយដែលបញ្ហាពីបញ្ហាប្រឈមរបស់គំនិតផ្ដួចផ្ដើមនេះនៅជុំវិញពិភពលោក ព្រោះខ្វះខាតតម្លាភាពផ្នែកហិរញ្ញវត្ថុ និងមិនអើពើលក្ខខណ្ឌក្នុងស្រុករបស់ប្រទេសដែលអនុវត្តគម្រោងធំរបស់គំនិតផ្ដួចផ្ដើមរបស់ចិន។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានរៀបរាប់ពីផលប្រយោជន៍កើតចេញពីគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង នៅឆ្នាំ២០១៣ ។ លោកស្រី Hua និយាយថា BRI គោរពតាមគោលការណ៍ចែករំលែកផលប្រយោជន៍តាមរយៈការពិភាក្សា និងការរួមចំណែកគ្នា ហើយបានផ្ដល់ផ្លែផ្កាជាច្រើនរួចហើយដូចជាបង្កើតចំណូលពន្ធចំនួនច្រើន២ពាន់លានដុល្លារ និងបង្កើតការងារច្រើនជាង២សែនកន្លែងដល់ប្រទេសជាដៃគូ។
ព្រមគ្នានឹងការនិយាយការពារ BRI មន្ត្រីក្រសួងការបរទេចិនខាងលើក៏ទទួលស្គាល់ពីការដើរថយក្រោយនៃគម្រោងមួយចំនួននៃគំនិតផ្ដួចផ្ដើមនេះ។ អ្នកនាំពាក្យរូបនេះបានពន្យល់ថា ប្រទេសកំពុងអភិវឌ្ឍខ្លះជួបបញ្ហាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយសារតែការងើបឡើងនយោបាយគាំពារនិយម ផលប៉ះពាល់នៃនយោបាយរូបិយវត្ថរបស់ប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងការកើនឡើងកត្តាដែលបង្កអស្ថិរភាពផង។
ការប្រែប្រួលបរិយាកាសនយោបាយផ្ទៃក្នុង និងកត្តាគ្រោះធម្មជាតិ ក៏ជាដើមហេតុដែលធ្វើឲ្យគម្រោហអភិវឌ្ឍរបស់ BRI ជាប់គាំងដែរ។ សម្រាប់លោកស្រី Hua ការទម្លាក់កំហុសលើចិន គឺជារឿងមិនត្រឹមត្រូវឡើយ និងជាការមើលរំលងស្ថានភាពជាក់ស្ដែងទៀតផង។ លើសពីនោះ អ្នកនាំពាក្យខាងលើក៏សង្កត់ថា មិនទាន់មានដៃគូសហប្រតិបត្តិការណាមួយធ្លាក់ក្នុងបញ្ហាបំណុលដោយសារសហការជាមួយចិនឡើយ ហើយបំណុលដែលផ្សាយដោយសារព័ត៌មាននានា ក៏មិនមានកើតឡើងដោយសារចិនដែរ។
«ស្របគ្នានឹងការជំរុញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ចិនគោរពខ្ជាប់ខ្ជួននូវគោលការណ៍ស្មើភាព បើកចំហ តម្លាភាព និងអនុវត្តតាមនយោបាយទីផ្សារ និងច្បាប់អន្តរជាតិ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យដដែលនេះ មុននឹងបន្តថា រាល់គម្រោងទាំងអស់ គឺជាលទ្ធផលនៃការពិភាក្សាដោយស្មើភាព។ ចំណែកឯរឿងល្អអាក្រក់យ៉ាងណានោះ លោកស្រី Hua ទុកឲ្យប្រទេសដែលជាដៃគូរបស់ចិនជាអ្នកវិនិច្ឆ័យទៅចុះ៕
© រក្សាសិទ្ធិដោយ thmeythmey.com