ជាតិ
បោះឆ្នោត
ដើម្បីឲ្យអ្នកគាំទ្រជឿជាក់ លោក ញឹក ប៊ុនឆៃ ប្រាប់ថា លោកគ្មានជាប់ពាក់ព័ន្ធករណីគ្រឿងញៀនទេ រូបពីហ្វេសប៊ុកគណបក្សខ្មែររួបរួមជាតិ
× ភ្នំពេញ៖ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសប្រាប់អ្នកគាំទ្រខ្លួនថា លោកមិនជាប់ពាក់ព័ន្ធករណីគ្រឿងញៀនឡើយ។ ការប្រកាសរបស់លោក ញឹក ប៊ុនឆៃ នេះ ក្នុងគោលបំណងឲ្យអ្នកគាំទ្រជឿជាក់លើខ្លួន ក្នុងការបោះឆ្នោតខាងមុខនេះ។
លោក ញឹក ប៊ុនឆៃ ដែលទើបត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កំពុងមមាញឹកក្នុងការឃោសនាបោះឆ្នោត ដោយលើកពីគោលនយោបាយដោះស្រាយបញ្ហាពលរដ្ឋ និងជាតិ ទៅប្រាប់អ្នកគាំទ្រខ្លួន។ ប៉ុន្តែដើម្បីឲ្យពលរដ្ឋ ដែលគាំទ្រគណបក្សខ្លួន កាន់តែជឿទុកចិត្តនោះ លោក ញឹក ប៊ុនឆៃ បានប្រាប់ពួកគេថា លោកមិនជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដូចការចោទប្រកាន់ឡើយ។
ថ្លែងចំពោះមុខអ្នកគាំទ្រ នៅខេត្តបន្ទាយមានជ័យ ដែលជាទីកន្លែងលោក ឈរជាបេក្ខជនតំណាងរាស្ត្រនោះ លោក ញឹក ប៊ុនឆៃ បានសង្កត់ធ្ងន់ថា មូលហេតុដែលតុលាការដោះលែងឲ្យលោកមានសេរីភាពនេះ គឺដោយសារភាពស្អាតស្អំរបស់ខ្លួន មិនបានប្រព្រឹត្តបទល្មើសគ្រឿងញៀន។
ដ្បិតកំពុងរស់នៅក្រៅឃុំពិតមែន តែលោក ញឹក ប៊ុនឆៃ នៅតែស្ថិតក្រោមការតាមដានរបស់តុលាការ ពោលគឺតុលាការមិនទាន់ទម្លាក់បទចោទលើលោក ប៊ុនឆៃ ទាំងស្រុងនោះទេ។ គួរបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការដោះលែង កាលពីខែមេសាកន្លងមក បន្ទាប់ពីលោក ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជាង៧ខែ ក្រោមការសង្ស័យថា បានសមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន កាលពីអំឡុងឆ្នាំ២០០៧ ៕
Tag:
ញឹក ប៊ុនឆៃ
នយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com