កីឡាអន្តរជាតិ
អន្តរជាតិ
បារាំង ក្រូ​អាស៊ី និង​បែលហ្ស៊ិក អបអរ​កក្រើក​ប្រទេស ខណៈ​អង់គ្លេស​ចង់​ស្ងៀមស្ងាត់​
17, Jul 2018 , 10:19 pm        
រូបភាព
ដោយ: រួបរួម
​បារាំង​ឈ្នះ​ជើងឯក World Cup ជា​លើក​ទី​២ ក្រូ​អាស៊ី បែលហ្ស៊ិក និង​អង់គ្លេស ក៏​សុទ្ធតែ​ឡើងដល់​ទីតាំង​ដែល​ប្រសើរ​ជាង​មុន​ផងដែរ​ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ពិភពលោក​នេះ​។ ទីក្រុង​នៃ​ប្រទេស​បារាំង ក្រូ​អាស៊ី និង​បែលហ្ស៊ិក សុទ្ធតែ​បាន​អបអរ​នៃ​ដំណើរ​វិលត្រឡប់​របស់​វីរបុរស​ខ្លួន ប៉ុន្តែ​អង់គ្លេស​ជ្រើស​រើសយក​ភាព​ស្ងៀមស្ងាត់ បើទោះបីជា​ពួកគេ​ឈានដល់​វគ្គ១/២​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្រោយ​អវត្តមាន​ប្រមាណ​៣០​ឆ្នាំ​ក៏ដោយ​។​



​ក្រោម​ការដឹកនាំ​របស់​លោក Didier Deschamps ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង ក្លាយជា​ម្ចាស់​ជើងឯក FIFA World Cup ជា​លើក​ទី​ពីរ ក្រោយ​ជ័យជម្នះ ៤-២ លើ​ក្រូ​អាស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នាទី​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​១៥ ខែកក្កដា​។



​មួយថ្ងៃ​ក្រោយមក លោក Deschamps ដែល​កាលពី​ឆ្នាំ​១៩៩៨ ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង​ផងដែរ​នោះ បាន​ដឹកនាំ​ក្រុម​ជាមួយនឹង​ពាន​ឆ្ពោះទៅកាន់​ក្រុងប៉ារីស​វិញ​។ ក្នុង​ដំណើរ​ពី​អាកាសយានដ្ឋាន​រហូតដល់​រុក្ខវិថី Champs Elysee មនុស្ស​រាប់ម៉ឺន​នាក់​បាន​រង់ចាំ​ស្វាគមន៍​ប្រកបដោយ​ភាព​រីករាយ​។ ក្រុម​ទាំងមូល ក៏បាន​ទៅកាន់​វិមាន Elysee ជាមួយ​លោក​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​ភរិយា ផងដែរ​។



​សម្រាប់​ក្រូ​អាស៊ី​ឯណោះ​វិញ ផ្លូវ​នានា​នៅក្នុង​ទីក្រុង Zagreb កាលពី​ថ្ងៃ​ចន្ទ ក៏​ពោរពេញ​ទៅ​ហ្វូង​អ្នកគាំទ្រ​ផងដែរ បើតាម AFP មាន​ចំនួន​ជាង​៥៥​ម៉ឺន​នាក់​ឯណោះ​។ ទោះបី​មិនបាន​ពាន​ក៏ដោយ តែ​ការទទួលបាន​ចំណាត់ថ្នាក់​លេខ​២ គឺជា​ការ​ឡើងដល់​ចំណុច​ដ៏​ខ្ពស់បំផុត​របស់​ក្រុម​ដែល​បែក​ចេញពី​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី​មួយ​នេះ​។ កាលពី​២០​ឆ្នាំមុន ពួកគេ​បាន​ចំណាត់ថ្នាក់​លេខ​៣ នា​ការបង្ហាញ​ជា​ប្រវត្តិសាស្ត្រ​នៅ World Cup​។​

​ក្រុម​កីឡាករ​ជិះ​រថយន្ត​បើក​ដំបូល ហើយ ធ្វើដំណើរ​ឆ្ពោះទៅ  Bana Jelacica Square កណ្តាល​ក្រុង Zagreb​។ ដោយឡែក​នៅ​រាល់​ការប្រកួត ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Zlatko Dalic តែងតែ​ទទួលបាន​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​សំណាក់​លោកស្រី ប្រធានាធិបតី Kolinda Grabar-Kitarovic​។​



​ងាក​ទៅ​បែលហ្ស៊ិក​ឯណោះ​វិញ ពួកគេ​បាន​យកឈ្នះ​អង់គ្លេស ២-០ ដើម្បី​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣​។ វា​ជា​ជោគជ័យ​ដ៏​ធំ​របស់​បែលហ្ស៊ិក បន្ទាប់ពី​ពួកគេ​បាន​ចំណាត់ថ្នាក់​លេខ​៤ កាលពី​ឆ្នាំ​១៩៨៦ ។ 

​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Roberto Martínez ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ Philippe បន្ទាប់មក​ពួកគេ​រៀបចំ​ពិធី​អបអរ​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​ក្រុង​ព្រុ​ច​សែ​ល​ទាំងមូល ខណៈ​ខ្សែបម្រើ Eden Hazard ដើរតួ​ជា DJ នៅក្នុង​កម្មវិធី​។​



​ផ្ទុយទៅវិញ អង់គ្លេស មិនមាន​ការជួបជុំ​ពិសេស​ណាមួយ​ឡើយ បើទោះបីជា​ជើងឯក​ឆ្នាំ​១៩៦៦​មួយ​នេះ ទើប​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩០ ក៏ដោយ​។ បើតាម​ការផ្សាយ​របស់ SkyNews សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បានស្នើ​ទៅខាង​ភាគី​អាកាសយានដ្ឋាន Birmingham Airport រារាំង​វត្តមាន​ក្រុម​អ្នកគាំទ្រ ក្រោម​ហេតុផល​សុវត្ថិភាព​។

​ក្រុម​ផ្សេងៗ​ដែល​ទទួលបាន​ការអបអ​រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អ្នកគាំទ្រ បើទោះបីជា​ពួកគេ​ហាលអាវ​ក្តី​មានដូចជា​៖

​ម្ចាស់ផ្ទះ​រុស្ស៊ី


​ជប៉ុន​


​អ៊ុយ​រូ​ហ្គា​យ​


​ប៉ា​ណា​ម៉ា​


​កូរ៉េខាងត្បូង​


​កូ​ឡុំ​ប៊ី​





Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com