ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្ត​កំពង់ស្ពឺ ប្រាប់​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ត្រៀម​សង្គ្រោះ​ពលរ​ដ្ឋ​ករណី​មាន​ទឹកជំនន់​
17, Jul 2018 , 9:45 pm        
រូបភាព
រូបភាព៖ពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ
រូបភាព៖ពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ

​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់ ដើម្បី​ត្រៀម​បង្ការ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុងពេល​មាន​ទឹកជំនន់​។ សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ចេញផ្សាយ​នៅ​ថ្ងៃទី ១៧ កក្កដា បានបញ្ជាក់​ដូច្នេះ​៖«​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ត្រៀម និង​យកចិត្ត​ទុក​ជួយសង្គ្រោះ កុមារ​តូចៗ ចាស់ជរា និង​ជនពិការ​ជាដើម​»​។​



​ក្រៅពី​ត្រៀម​អន្តរាគមន៍​ពេល​មាន​គ្រោះទឹកជំនន់ អាជ្ញាធរខេត្ត​កំពង់ស្ពឺ ក៏​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ តាមដាន និង​បង្ការ​ជំងឺ​សត្វពាហនៈ​គ្រប់​ប្រភេទ ជាពិសេស​ជួយសង្គ្រោះ​សន្ទូង សំណាប​របស់​ពលរដ្ឋ ខណៈដែល​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​ត្រៀម​ថ្នាំសង្កូវ​សម្រាប់​បង្ការ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដដែល​។​

​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ បានធ្វើ​ឲ្យ​តំបន់​មួយចំនួន ក្នុងប្រទេស​កម្ពុជា មាន​ជំនន់​ទឹកភ្លៀង​។ នៅ​ថ្ងៃទី ១៧ កក្កដា អាជ្ញាធរ​បាន​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន នៅ​កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ស្ពាន​អូរ​គគី ព្រំប្រទល់​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ ខណៈ​ភូមិ​ចំនួន​៦ នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏បាន​រងគ្រោះ​ព្រោះ​ជំនន់​ទឹកភ្លៀង​ដែរ​៕
 

Tag:
 កំពង់ស្ពឺ​
 ​ទឹកជំនន់​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com