ជាតិ
សង្គមជាតិ
សិល្បះ
ក្រោយពី​ពេទ្យ​មិន​ហ៊ាន​ព្យាបាល​លោក អ៊ំ ដ​រ៉ា ងាក​ទៅ​គ្រូខ្មែរ ​តែ​ខ្វះ​ថវិកា​
18, Jul 2018 , 9:00 am        
រូបភាព
រូបពីហ្វេសប៊ុកកញ្ញា សំ ថារ័ត្ន កូនស្រីលោក អ៊ុំ ដរ៉ា
រូបពីហ្វេសប៊ុកកញ្ញា សំ ថារ័ត្ន កូនស្រីលោក អ៊ុំ ដរ៉ា
ភ្នំពេញ៖ ជា​កវី​និង​ជា​តន្ត្រីករ​វី​យូ​ឡុង​ដ៏​មាន​ទេព​កោ​ល្យ​មួយរូប កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ លោក អ៊ំ ដ​រ៉ា កំពុង​សម្រាក​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​នៅផ្ទះ​គ្រូខ្មែរ ក្រោយពី​គ្រូពេទ្យ​បដិសេធ​មិន​ព្យាបាល​ជំងឺ​របស់លោក កាលពី​៧​ឆ្នាំមុន ព្រោះ​មើលឃើញ​ពីស​ភាព​ជំងឺ​ធ្ងន់ធ្ងរ​។ បច្ចុប្បន្ន​ស្ថានភាព​សេដ្ឋកិច្ច​របស់​គ្រួសារ​លោក កំពុង​ខ្វះខាត និង​ត្រូវការ​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​។​



​យោងតាម​កូនស្រី​កវី អ៊ំ ដ​រ៉ា គឺ​កញ្ញា សំ ថា​រ័ត្ន បច្ចុប្បន្ន​ឪពុក​របស់​នាង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ពុក​ និង​ស្រាំ​ឆ្អឹង តាម​វិធី​បុរាណ​បាន​រយៈពេល​បី​ថ្ងៃ​ហើយ​។ កញ្ញា​ថា សព្វថ្ងៃនេះ​គ្រួសារ​នាង​កំពុងមាន​បញ្ហា​ខ្វះខាត​ថវិកា​ព្យាបាល ដោយ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​២​ពាន់​ដុល្លា​អាមេរិក​លើ​ការព្យាបាល​។ កញ្ញា ថា​រ័ត្ន ថា​តាមពិតទៅ​ជំងឺ​ពុក​ឆ្អឹង​របស់​ឪពុក​ខ្លួន កើតឡើង​តាំងពី​៧​ឆ្នាំមុន​ម្ល៉េះ​។ គ្រួសារ​នាង ក៏បាន​នាំ​លោក ដ​រ៉ា ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ម្ដង​រួចមកហើយ ប៉ុន្តែ​គ្រូពេទ្យ​បញ្ជាក់ថា ជំងឺ​នេះ​ត្រូវ​វះកាត់​ដាក់​ដែក​។ ដោយ​ត្រូវ​ហូរឈាម​ច្រើន និង​មើលឃើញ​ស្ថានភាព​សុខភាព​មិនអាច​ទ្រាំទ្រ​បាន គ្រូពេទ្យ រួមទាំង​គ្រួសារ​សម្រេច​មិន​វះកាត់​តែម្ដង ដោយ​ទុក​រហូតដល់​បច្ចុប្បន្ន​។​
 

ទើបតែ​ថ្មីៗ​នេះ​កញ្ញា ថា​រ័ត្ន បានដឹងថា​មាន​គ្រូខ្មែរ​ពូកែ​ម្នាក់ ធានា​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​របស់​ឪពុក​នាង​បាន ទើប​គ្រួសារ​សម្រេច​ព្យាបាល​ជាថ្មី​។ កញ្ញា ថា​រ័ត្ន បញ្ជាក់​៖«​ខ្ញុំ​សង្ឃឹមថា​ជំងឺ​ប៉ា​នឹង​ជា ហើយ​គ្រូខ្មែរ​ក៏​គាត់​ធានា​ដែរ​។ តែ​យើង​នៅ​ខ្វះខាត​ថវិកា ព្រោះ​ភ្លាមៗ​មិនដឹង​រក​ឯណា​។ យើង​នៅសល់​ប្រាក់​ដែល​គេ​ជួយ​ប៉ា​ពីមុន​សន្សំទុក​បាន​ខ្លះ​ដែរ គ្រាន់​ដោះស្រាយ​ពេល​បន្ទាន់​នេះ​។ ពេលនេះ​ឮថា​មាន​បងស្រី​ម្នាក់​ដែល​គាត់​ស្រឡាញ់​ស្នាដៃ​ប៉ា គាត់​ជួយ​រៃបាន​ពីរ​បី​រយ​ដុល្លារ​ដែរ​»​។​
 
​ថា​រ័ត្ន បន្ថែមថា​បច្ចុប្បន្ននេះ គ្រួសារ​របស់​កញ្ញា​មានតែ​ថវិកា​តិចតួច​ទិញ​ថ្នាំ ដើម្បី​ព្យាបាល​បណ្ដោះអាសន្ន​សិន ទម្រាំ​មាន​ថវិកា​ពី​ការប្រកួត​ប្រដាល់​របស់​នាង​នៅពេល​ខាងមុខ យកមក​ព្យាបាល​បន្ថែម​។ កីឡាការិនី​រូបនេះ សំណូមពរ​ដល់​សិល្បករ​គ្រប់រូប រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ​សូម​មេត្តាជួយ​ជា​ថវិកា ព្យាបាល​ជំងឺ​ឪពុក​របស់ខ្លួន​ផង​។ 
 
​បើសិន​មាន​អ្នក​ចង់​ជួយ សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ ០៩៩ ៩៦ ២៣ ៤៧, និង ០៩៣ ៣៨ ៩៦ ៩៩ លេខ​របស់​កញ្ញា សំ ថា​រ័ត្ន​៕
 
 

Tag:
 សិល្បៈ​
  តន្ត្រីករ​
 អ៊ំ ដ​រ៉ា
 សំ ថា​រ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com