អន្តរជាតិ
លោក ត្រាំ​៖ គ្មាន​ពេល​កំណត់​ឡើយ​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
18, Jul 2018 , 10:00 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​មកទល់ពេលនេះ វា​មាន​រយៈពេល​ជាង​មួយខែ​ហើយ​ក្រោយ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​។ អាមេរិក និង​កូរ៉េខាងជើង​បាន​ឯកភាពគ្នា​រំសាយ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ទាំងស្រុង​។ ជាង​មួយខែ​មកនេះ គេ​ក៏​មិនទាន់​ឃើញ​មានដំណើរ​ការ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​លើ​បញ្ហា​នេះដែរ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៧ ខែកក្កដា ស្រាប់តែ​និយាយថា ការរំសាយ​នុយក្លេអ៊ែរ​ធ្វើឡើង​ដោយ​មិនមាន​កំណត់ពេល​ឡើយ​។​



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហាក់​ដើរ​ថយ​មួយ​ជំហាន​នៅក្នុង​ការទាមទារ​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​។ បន្ទាប់ពី​ឯកភាព​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង ប្រធានាធិបតី​រូបនេះ​ប្រកាស​ពី​ការចាប់ផ្ដើម​ភ្លាមៗ​នៃ​ដំណើរការ​នេះ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៧ ខែកក្កដា លោក ត្រាំ បែរជា​យល់ថា គ្មាន​ការ​បន្ទាន់​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​ភ្ល​មៗ​ទៀតឡើយ​។​

​តាមពិតទៅ លោក ត្រាំ តែង​ចង់​ឲ្យ​មានការ​រំសាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​ឆាប់​តាម​ការព្រមព្រៀង​រវាង​លោក និង​លោក គីម នៅ​សិង្ហ​បុរី ប៉ុន្តែ​មេដឹកនាំ​ទាំងពីរ​បានបញ្ជាក់​ច្បាស់​ពី​ពេលវេលា​ឡើយ និង​ទុក​ឲ្យ​មន្ត្រី​ប្រទេស​ទាំងពីរ​ជួបចរចា​គ្នា​ដើម្បី​មាន​ចំណាត់​បន្ទាប់​ទៀត​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ និយាយ​ដូច្នេះ​ថា​៖ «​ការពិភាក្សា​កំពុង​ធ្វើឡើង ហើយ​ធ្វើឡើង​ដោយ​រលូន​។ យើង​មិនមាន​កំណត់ពេល​ឡើយ និង​គ្មាន​ល្បឿន​កំណត់​ទៀតផង​។​»

​មុន​ជំនួប​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី ក្រុង​វ៉ាស៊ីនតោន​តែង​និយាយ​ជារឿយៗ​ថា ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នឹងធ្វើ​ឡើង​ដោយ​គ្មាន​ការពន្យារពេល​អ្វី​ទេ ហើយ​ក្រោយ​ជំនួប​នេះ ក្រុង​វ៉ាស៊ីនតោន​ក៏​នៅតែ​និយាយថា ការលុបបំបាត់​អាវុធ​នេះ​នឹង​ចាប់ផ្ដើម​ភ្លាមៗ​ដែរ​។ គិត​ត្រឹម​ថ្ងៃទី​១៨ ខែកក្កដា វា​មាន​រយៈពេល​មួយខែ និង​៦​ថ្ងៃ​ហើយ ប៉ុន្តែ​គ្មាន​សកម្មភាព​ផ្លែផ្កា​អ្វី​ទាល់តែសោះ​ជុំវិញ​សំណុំរឿង​ដ៏​ធំ​មួយ​នេះ​។

​ក្នុង​គោលដៅ​ឈានទៅ​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏បាន​ទៅកាន់​រដ្ឋ​ធាន​នី​ព្យុងយ៉ាង​ដើម្បី​ជួប​ជជែក​ជាមួយ​មន្ត្រី​កូរ៉េខាងជើង សំដៅ​អនុវត្តតាម​កិច្ចព្រមព្រៀង​ថ្ងៃទី​១២ ខែមិថុនា​។ ជំនួប​នេះ​មិនមាន​លទ្ធផល​ដុំកំភួន​អ្វី​ទេ តែ​បង្ហាញ​ពី​ការខ្វែងគំនិត​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ទៅទៀត​។ ខណៈ​លោក ប៉ុ​ម​ប៉េ​អូ អះអាងថា ការចរចា​ធ្វើឡើង​ដោយ​ល្អប្រសើរ​នោះ កូរ៉េខាងជើង​ឯណោះ​បែរជា​រិះគន់​អាមេរិក ដែល​ទាមទារ​ជា​ឯកតោភាគី​ឲ្យ​ខ្លួន​បោះបង់​នុយក្លេអ៊ែរ​។​

​ជាមួយនឹង​ការប្រកាស​ថា ការរំសាយ​នុយក្លេអ៊ែរ​នឹងធ្វើ​ឡើង​ដោយ​គ្មាន​ពេល​កំណត់​បែបនេះ លោក ត្រាំ ទំនងជា​ចង់​ទទួលស្គាល់ថា ការដោះស្រាយ​បញ្ហា​ជាមួយ​កូរ៉េខាងជើង​មិនមែន​ស្រួល​ដូច​មាត់​ថា​នោះឡើយ​។ ឯ​ការលុបបំបាត់​នុយ​ក្លេ​អ៊ែរ​នេះ​ទៀតសោត ក៏​មិនអាច​បញ្ចប់​ក្នុង​អាណត្តិ​របស់លោក ត្រាំ នៅ​ឆ្នាំ​២០២១ ដូច​ការ​គុណគូរ​របស់លោក ប៉ុ​ម​ប៉េ​អូ ដែរ ខណៈដែល​កូរ៉េខាងជើង​ហាក់​លេងល្បែង​អូសបន្លាយ​ពេល​វេ​ល​ទៅទៀត​នោះ​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com