កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe បរិច្ចាគប្រាក់ចំណូលពី World Cup ទាំងអស់ទៅកុមារពិការ រូបភាពពី FIFA
× Kylian Mbappe នឹងបរិច្ចាគប្រាក់ដែលរកបានពី World Cup ទាំងអស់ចំនួន៥០០០០០ដុល្លារ ទៅឲ្យកម្មវិធីសប្បុរសធម៌មួយដើម្បីរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់កុមារពិការ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបារាំងនៅថ្ងៃទី១៧ ខែកក្កដា។
ខ្សែប្រយុទ្ធវ័យក្មេង និងលេចធ្លោរូបនេះ ជាសមាជិកម្នាក់ដែលបានជួយឲ្យក្រុមជម្រើសជាតិបារាំងលើកពាន FIFA World Cup ជាលើកទី២ ដែលរៀបចំឡើងនៅទឹកដីរុស្ស៊ី។ បើយោងតាម Sports Illustrated ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain ទទួលបានប្រាក់ប្រហែល ២២៣០០ដុល្លារអាមេរិកក្នុងការបង្ហាញខ្លួនមួយប្រកួតឲ្យក្រុមជម្រើសជាតិខ្លួន រួមទាំងប្រាក់បន្ថែមចំនួន ៣៥០០០០ដុល្លារពីលើទៀត។
ការបង្ហាញខ្លួន៧លើក អំឡុងព្រឹត្តិកាណ៍កីឡាបាល់ទាត់ពិភពលោករយៈពេល១ខែ មានន័យថា Mbappe ទទួលបានប្រាក់ពលកម្មរហូតដល់ទៅជាងកន្លះលានដុល្លារអាមេរិក។ ប្រាក់ទាំងអស់នោះ រូបគេប្រកាសថានឹងយកទៅបរិច្ចាគជូនប្រធានអង្គការសប្បុរសធម៌ Premiers de Cordee ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់កុមារពិការ។
Mbappe ឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុត (FIFA Young Player Award) សម្រាប់ការប្រកួត World Cup 2018 បន្ទាប់ពីស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ ក្នុងនោះ១គ្រាប់រកបានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលបារាំងយកឈ្នះក្រូអាស៊ី ៤-២។ ១គ្រាប់នេះ ក៏បានធ្វើឲ្យរូបគេក្លាយជាកីឡាករវ័យក្មេងទី១ ដែលអាចរកគ្រាប់បាល់បាននៅវគ្គផ្តាច់ព្រ័ត្រ World Cup ចាប់តាំងពីវីរបុរសប្រេស៊ីល Pele ធ្វើបាននៅឆ្នាំ១៩៥៨មក។
អតីតកីឡាករ Monaco វីយ១៩ឆ្នាំរូបនេះ កើតធំធាត់នៅក្នុងគ្រួសារក្រីក្រមួយក្នុងតំបន់ Bondy នៃទីក្រុងប៉ារីស។ ប៉ុន្តែបច្ចុប្បន្ន Kylian Mbappe ជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេលំដាប់ទី២ពិភពលោក ២០៨លានដុល្លារអាមេរិក បន្ទាប់ពីមិត្តរួមក្លិប Neymar៕
Tag:
បាល់ទាត់
FIFA World Cup
Kylian Mbappe
សប្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com