ជាតិ
ក្រសួង​ធនធានទឹក​៖ ឆ្នាំនេះ នឹងមាន​ជំនន់​ទឹកភ្លៀង​កើតឡើង​ញឹកញាប់​
18, Jul 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឆ្នាំ​២០១៨​នេះ កម្ពុជា បាន​ទទួលរង​ឥទ្ធិពល​ច្រើន​ពី​បាតុភូត​ឡា​លី​ណា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ទាំង​ក្នុងប្រទេស និង​ផ្ទៃ​រក​តំបន់​ទន្លេមេគង្គ​។ តាម​ការ​ព្យាករ  ភ្លៀង​ធ្លាក់​ច្រើន​ក្នុងឆ្នាំនេះ អាច​នឹងមាន​ជំនន់​ទឹកភ្លៀង​កើតឡើង​ជា​ញឹកញាប់ ហើយ​ទឹកទន្លេ​វិញ  អាច​នឹង​ឡើង​ខ្ពស់​ផងដែរ​។ នេះ​បើតាម​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​



​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​នាពេល​កន្លងមក បង្ហាញថា នៅ​ក្របខណ្ឌ​តំបន់​ក្នុងប្រទេស​កម្ពុជា បានទទួល​ឥទ្ធិពល​ច្រើន ពី​បាតុភូត​ឡា​លី​ណា ហើយ​ឥទ្ធិពល​នេះ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ លោក ចាន់ យុ​ត្ថា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​៖«​ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា បាន​ទទួលរង​ឥទ្ធិពល​ច្រើន​ពី​បាតុភូត​ឡា​លី​ណា ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ទាំង​ក្នុងប្រទេស និង​ផ្ទៃ​រក​តំបន់​ទន្លេមេគង្គ ពិសេស​អំឡុង​ខែ​៨ និង​ខែ​៩​។ តាម​ការ​ព្យាករ ឆ្នាំនេះ មាន​ភ្លៀង​ច្រើនជាង​ឆ្នាំ​កន្លងទៅ​»​។



​អ្នកនាំពាក្យ​ដដែល​បន្តថា ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ នឹងធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​ជា​ញឹកញាប់ ហើយ​ទឹកទន្លេ មាន​កម្ពស់​ខ្ពស់ ដែលជា​ជំនន់​ធំ ប៉ុន្តែ​ការប៉ះពាល់​មាន​តិចតួច​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ ទឹកទន្លេ​មេគង្គ​លើ​នឹង​ហក់​ឡើង នៅ​ល្ងាច​ថ្ងៃទី​១៨ កក្កដា​នេះ ដោយ​ហូរ​ចូល​ព្រែក និង​តំបន់​នានា ដែល​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ រួមមាន​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម ហើយ​ការ​ហក់​ឡើង មិនទាន់មាន​ចំណុច​ប្រកាសអាសន្ន​នៅឡើយ​ទេ​។

​ទាក់ទង​នឹង​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្តកំពង់ស្ពឺ និង​ព្រះសីហនុ ដែល​កំពុង​ទទួលរង​គ្រោះ ក្រសួង​ធនធានទឹក ក៏មាន​វិធានការ​ប​ច្ចេ​ទេស និង​ត្រៀម​គ្រឿងចក្រ​ធន់​ធ្ងន់ ដើម្បី​អន្តរាគមន៍​ស្ថានការណ៍​ជាក់ស្ដែង​ផងដែរ​៕



Tag:
 ជំនន់​ទឹកភ្លៀង​
  អាកាសធាតុ​
 ​ភ្លៀង​
 ​ចាន់ យុ​ត្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com