កីឡាជាតិ
ជាតិ
ក្រុមកំចាយមារ បានត្រឹមបទពិសោធ សម្រាប់ព្រឹត្តិការណ៍ AFF Futsal នៅឥណ្ឌូណេស៊ី
× ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ បានធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ AFF Futsal Club Championship ដែលរៀបចំនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ត្រឹមវគ្គជម្រុះក្នុងពូល។ ក្នុងចំណោម៣ប្រកួតក្រុមតំណាងកម្ពុជាមួយនេះ ចាញ់ក្រុមអូស្ត្រាលី មីយ៉ាន់ម៉ា និងព្រុយណេ។
សម្រាប់ការប្រកួតបើកឆាកពូល A នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ក្រុម ស.ស.យ.ក ស្រុកកំចាយមារ ចាញ់ក្រុម East Coast Heat របស់អូស្ត្រាលីក្នុងលទ្ធផល ៨-០ មុនចាញ់ក្រុម MIC របស់មីយ៉ាន់ម៉ា ៤-២ ក្នុងជំនួបលើកទី២។ នាជំនួបចុងក្រោយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ក្រុមតំណាងកម្ពុជាមួយនេះចាញ់ក្រុម Arbisyam របស់ព្រុយណេ ៧-៦។
ការបរាជ័យ៣ប្រកួតជាប់គ្នានេះ នាំឲ្យកម្ពុជាបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងជាមួយសូន្យពិន្ទុ។ លទ្ធផលនេះ ធ្វើឲ្យកម្ពុជាធ្លាក់ចេញពីព្រឹត្តិការណ៍ AFF Futsal Club Championship ប្រចាំឆ្នាំ២០១៨ នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី សម្រាប់ការចូលរួមលើកដំបូងរបស់ខ្លួន។
ក្រុម East Coast Heat របស់អូស្ត្រាលី និងក្រុម MIC របស់មីយ៉ាន់ម៉ា ទទួលបានកៅអីឡើងទៅវគ្គ១/២ តំណាងពូល A ខណៈក្រុម Bangkok BTS FC របស់ថៃ និងក្រុម SKN FC Kebumen របស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី តំណាងឲ្យពូល B៕
Tag:
បាល់ទាត់
កំចាយមារ
AFF Futsal Club
© រក្សាសិទ្ធិដោយ thmeythmey.com