អន្តរជាតិ
លោក ត្រាំ វាយ​កូន​ហ្គោល​នៅ​ទីលាន​ខ្លួនឯង តែ​ចាយលុយ​រដ្ឋ​ជាង​៧​ម៉ឺន​ដុល្លារ​
18, Jul 2018 , 5:30 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​រដ្ឋាភិបាល​អាមេរិក​បាន​ចំណាយ​ទឹកប្រាក់​ច្រើនជាង​៧៧០០០​ដុល្លារ​ទៅ​ឲ្យ​រមណីយដ្ឋាន​វាយ​កូន​ហ្គោល​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​ស្កុ​តលែ​ន មុន​លោក​ទៅ​សម្រាក​នៅ​ទីនោះ​កាលពី​សប្ដាហ៍​មុន​។ នេះ​បើតាម​ការ​របាយការណ៍​ចំណាយ​សហព័ន្ធ​។ ការចំណាយ​នេះ ធ្វើ​ឲ្យ​មានការ​រិះគន់ថា លោក ត្រាំ កេងចំណេញ​ថវិកា​ដើម្បី​ធ្វើ​មាន​ធ្វើបាន​សម្រាប់​អាជីវកម្ម​របស់លោក​។



​អំឡុង​ពេលធ្វើ​ទស្សនកិច្ច​នៅ​ចក្រភព​អង់គ្លេស​នៅ​សប្ដាហ៍​មុន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទៅ​សម្រាក​មួយ​ថ្ងៃជា​លក្ខណៈ​ឯកជន​នៅ​ទីលាន​វាយ​កូន​ហ្គោល​នៅ​ស្កុ​តលែ​ន​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters របាយការណ៍​ចំណាយ​ដែល​ចេញ​ដោយ​ក្រសួងការបរទេស​អាមេរិក​បង្ហាញថា ចាប់តាំងពី​ខែមេសា រដ្ឋាភិបាល​អាមេរិក​បាន​ចំណាយលុយ​ចំនួន​៧៧,៣៤៥​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន SLC Turnberry Ltd ដែលជា​ម្ចាស់​ទីលាន​នោះ​។​

​លោក ត្រាំ បាន​លាលែង​ពី​អ្នកចាត់ការ​ក្រុមហ៊ុន SLC Turnberry Ltd មុន​លោក​ចូលកាន់​តំណែង​កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​បន្តកាន់កាប់​ភាគហ៊ុន​ជា​ម្ចាស់​កម្មសិទ្ធិ​ដដែល​។ យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់លោក​ដែល​ចេញ​នៅ​ខែឧសភា លោក​រកចំណូលបាន​ចំនួន​២០​លាន​ដុល្លារ​ពី​ទីលាន​មួយ​នេះ​កាលពី​ឆ្នាំមុន​។​

​យ៉ាងណាមិញ គេ​មិន​ច្បាស់​ថា ទឹកប្រាក់​ខាងលើនេះ​ជាការ​ចំណាយ​សម្រាប់​ដំណើរ​កំសាន្ត​របស់លោក ត្រាំ ឡើយ​។ ទិន្នន័យ​ចំណាយ​សហព័ន្ធ​បង្ហា​ទៀតថា រដ្ឋាភិបាល​បាន​បង់ប្រាក់​ចំនួន​ជាង​៧​ពាន់​ដុល្លារ​ក្នុង​ខែមេសា និង​ជាង​៧​ម៉ឺន​ដុល្លារ​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃមុន​លោក ត្រាំ ទៅដល់​។ ក្រុម​អ្នក​រិះគន់​និយាយថា លោក ត្រាំ បាន​បរាជ័យ​ក្នុងការ​ចៀសវាង​ប្រើប្រាស់​តំណែង​ប្រធានាធិបតី​ដើម្បី​បម្រើ​ប្រយោជន៍​ក្រុមហ៊ុន​របស់ខ្លួន​។​

​ជាធម្មតា ប្រធានាធិបតី​អាមេរិក​តែង​ទុកទ្រព្យ​សម្បត្តិ​របស់ខ្លួន​ដោយឡែក​អំឡុងពេល​កាន់តំណែង​។ ខុសពី​អ្នក​មុនៗ លោក ត្រាំ បាន​បន្ត​គ្រប់គ្រង​កម្មសិទ្ធិ​លើ​សណ្ឋាគារ ទីលាន​វាយ​កូន​ហ្គោល និង​របរ​រកស៊ី​ដទៃ​ទៀត​។ យ៉ាងណាមិញ លោក​បាន​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងអស់​ទៅ​ឲ្យ​កូនប្រុស​ទាំងពីរ​ជា​អ្នកត្រួតត្រា​ជំនួស​មុន​ស្បថ​ចូលកាន់​តំណែង​នៅ​ខែមករា ឆ្នាំ​២០១៧ ៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com