ជាតិ
កម្ពុជា នឹងរង​ឥទ្ធិពល​ពី​ព្យុះ​ម្យ៉ាង ដែល​បណ្តាល​ឲ្យ​មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ កក្កដា
18, Jul 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ព្យុះ​ឈ្មោះ សុន​ទី​ញ កំពុង​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​កោះ​ហៃណាំ ហើយនឹង​ធ្វើដំណើរ​ទៅដល់​ឆ្នេរ​តុងកឹង នៃ​ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។ តាមរយៈ​សេចក្តីជូនដំណឹង ក្រសួង​ធនធានទឹក បាន​អះអាងថា កម្ពុជា នឹងរង​ឥទ្ធិពល​ពី​ព្យុះ​នេះ ដែល​បណ្តាល​ឲ្យ​មាន​ខ្យល់មូសុង​និរតី​ខ្លាំង​។



​ក្រសួង​ធនធានទឹក បាន​បន្ថែមថា ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកក្កដា ឥទ្ធិពល​នៃ​ព្យុះ​នេះ នឹង​បង្ក​ឲ្យ​ផ្ទៃមេឃ​អាប់អួ មាន​ពពក​ច្រើន និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្រសួង បញ្ជាក់ថា តំបន់​ដែល​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំងជាងគេ គឺ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប តំបន់​ជួរ​ភ្នំ និង​បណ្តា​ខេត្ត ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។

​ក្រសួង បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​តំបន់​ទំនាប​ជាប់​ផ្លូវទឹក​នានា ជាពិសេស​អ្នកនេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​៕


Tag:
 អាកាសធាតុ​
  ព្យុះ​
  ភ្លៀង​
  ខ្យល់
© រក្សាសិទ្ធិដោយ thmeythmey.com