ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម សន្យាដោះស្រាយបញ្ហាស្រូវអ៊ីអ៊ែរ ដែលកំពុងធ្លាក់ថ្លៃ
× ភ្នំពេញ៖ ឆ្លើយតបនឹងការធ្លាក់ចុះថ្លៃស្រូវអ៊ីអ៊ែរ(IR)ក្នុងពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មប្រកាសថានឹងដោះស្រាយបញ្ហានេះ ជូនកសិករឲ្យទាន់ពេលវេលា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ចុះថ្ងៃទី១៨ ខែកក្កដា។
បើតាមក្រសួងពាណិជ្ជកម្ម តម្លៃស្រូវអ៊ីអ៊ែរ នៅពាក់កណ្ដាលខែកក្កដានេះ បានធ្លាក់ចុះប្រមាណ ១៥ភាគរយ ធៀបនឹងខែមុន ។
ក្រសួងបានកោះប្រជុំជាមួយអ្នកពាក់ព័ន្ធ និងបានកំណត់មូលហេតុថា មកពីការធ្លាក់ភ្លៀងធ្វើឲ្យស្រូវមានសំណើមខ្លាំង រោងម៉ាស៊ីនស្រូវខ្វះខាតទុនបង្វិល គួបផ្សំនឹងតម្លៃស្រូវអ៊ីអ៊ែរក្នុងទីផ្សារអន្តរជាតិធ្លាក់ថ្លៃ ៥០ដុល្លារក្នុងមួយតោន។
ក្រសួងបានពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដើម្បីពិនិត្យលទ្ធភាព ផ្ដល់កម្ចីដល់បណ្ដារោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ យកទៅប្រមូលទិញស្រូវអ៊ីអ៊ែរពីកសិករ។
សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអង្កេតមើលតម្លៃស្រូវបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលាជូនកសិករ៕
© រក្សាសិទ្ធិដោយ thmeythmey.com