អន្តរជាតិ
ចិន​សួររក​ភស្តុតាង ក្រោយ​ប្រមុខ​ការទូត​អូស្ត្រាលី​ចោទថា ខ្លួន​ធ្វើ​ឲ្យ​រដ្ឋ​ប៉ាស៊ីហ្វិក​ជួប​បញ្ហា​បំណុល​
19, Jul 2018 , 11:13 am        
រូបភាព
លោកស្រី Hua C​hunying អ្នកនាំ​​ពាក្យក្រ​​​សួង​​ការបរ​​ទេស​​ចិន និង​​រដ្ឋម​​ន្រ្តីការ​​​បរទេ​​សអូ​​ស្ត្រាលី Julia Bishop
លោកស្រី Hua C​hunying អ្នកនាំ​​ពាក្យក្រ​​​សួង​​ការបរ​​ទេស​​ចិន និង​​រដ្ឋម​​ន្រ្តីការ​​​បរទេ​​សអូ​​ស្ត្រាលី Julia Bishop
​នៅ​ថ្ងៃទី​១៨ ខែកក្កដា ទីក្រុង​ប៉េកាំង​បានបង្ហាញ​ការមិនសប្បាយចិត្ត​ជាខ្លាំង ជុំវិញ​សម្ដី​ចោទប្រកាន់​របស់​មន្ត្រី​អូស្ត្រាលី​ពាក់ព័ន្ធ​ជំនួយ​របស់​ចិន​ទៅកាន់​ប្រទេស​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julia Bishop និយាយថា ចិន​ទំនងជា​ធ្វើ​ឲ្យ​ប្រទេស​ដែន​កោះ​ទាំងអស់​ធ្លាក់​ក្នុងស្ថានភាព​បំណុល​ដែល​គ្មាន​ស្ថិរភាព​។ ចិន​បានស្នើ​ឲ្យ​អូស្ត្រាលី​មើល​ទំនាក់ទំនង​រវាង​ខ្លួន និង​រដ្ឋ​ប៉ាស៊ីហ្វិក​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង​។​

 
​វត្តមាន​ចិន​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅតែ​ជា​រឿង​ដែល​ធ្វើ​អូស្ត្រាលី​មិន​សប្បាយចិត្ត​។ ចិន​បាន​បោះ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ឲ្យ​ប្រទេស​ដែន​កោះ​ក្រីក្រ​នៅក្នុង​មហា​សុ​ទ្រ​ប៉ាស៊ីហ្វិក ដែល​អូស្ត្រាលី​ចាត់ទុកជា​ដែន​ឥទ្ធិពល​របស់ខ្លួន​។ តាមរយៈ​ជំនួយ កម្ចី និង​ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ទំនាក់ទំនង​រវាង​ចិន និង​ប្រទេស​ទាំងនោះ​កាន់តែ​ស្អិតល្មួត​។ ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julia Bishop យល់ថា ចិន​អាចធ្វើ​ប្រទេស​ទាំងនោះ​ជួប​បញ្ហា​បំណុល​មិន​ខាន​។​
 
​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ជុំវិញ​ការអធិប្បាយ​របស់លោក​ស្រី Bishop អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying ចាត់ទុក​សម្ដី​ប្រមុខ​ការទូត​ជា​រឿង​ចាស់ ព្រោះ​មន្ត្រី​អូស្ត្រាលី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អូស្ត្រាលី​ខ្លះ​តែង​និយាយ​លើសលស់​ផង​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៨ ខែកក្កដា លោកស្រី Hua ក៏បាន​សួររក​ភស្តុតាង​ពី​មន្ត្រី​អូស្ត្រាលី​ដើម្បី​បង្ហាញថា ចិន​ពិតជា​ធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ប្រឈមមុខ​បញ្ហា​។​
 
«​តើ​ពួកគេ​អាច​បង្ហាញ​ឧទាហរណ៍​មួយ​ជាមួយនឹង​ព័ត៌មាន​ជាក់លាក់​ពី​ទីកន្លែង ពេលវេលា និង​វិធីសាស្ត្រ​ដែល​ចិន​បង្កើត​បំណុល​ដែល​គ្មាន​ស្ថិរភាព​? តើ​ពួកគេ​គិតថា​គ្រាន់តែ​ប្រើប្រាស់​ពាក្យ «​ប្រហែល​» អាច​ដោះសារ​ការចោទប្រកាន់​ដោយ​គ្មាន​ការទទួលខុសត្រូវ និង​ការ​ការវិនិច្ឆ័យ​ជាមុន​របស់​ពួកគេ​?» នេះ​ជា​សំណួរ​របស់​អ្នកនាំពាក្យ​ខាងលើ​មុននឹង​និយាយថា ជំនួយ​របស់​ចិន​ជួយ​អភិវឌ្ឍ​ប្រទេស​ទាំងនោះ​ដែលមាន​សេដ្ឋកិច្ច​កំពុង​ងើបឡើង ហើយ​ត្រូវការ​ហិរញ្ញវត្ថុ​។​
 
​មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល​ក៏បាន​លើកយក​សម្ដី​របស់​មន្ត្រី​ប្រទេស​តំបន់​មហា​ប៉ាស៊ីហ្វិក​ដែល​មិន​យល់ស្រប​នឹង​ជំហរ​របស់​អូស្ត្រាលី​ផង​។ បើតាម​ការ​ស្រង់​សម្ដី​លោកស្រី Hua រដ្ឋមន្ត្រី​យុត្តិធម៌​តុង​ហ្កា និយាយថា វា​ជា​រឿង​គួរ​ឲ្យ​សង្វេគ​ដែល​អូស្ត្រាលី​ចោទ​ចិន​ជុំវិញ​ការគាំទ្រ​ប្រទេស​ប៉ាស៊ីហ្វិក​ដែល​កំពុង​ត្រូវការ​ជំនួយ​។ ឯ​នាយករដ្ឋមន្ត្រី​កោះ​សា​ម័​រ​វិញ​លើកឡើងថា សម្ដី​របស់​មន្ត្រី​អូស្ត្រាលី ជាការ​មើលងាយ​មេដឹកនាំ​ដែន​កោះ​ប៉ាស៊ីហ្វិក និង​ធ្វើ​ឲ្យ​ល្អក់កករ​ទំនាក់ទំនង​ទ្វេភាគី​ផង​។​
 
 
​តាមពិតទៅ តាំងពីដើម​មក អូស្ត្រាលី ចាត់ទុក​កោះ​តូច​ប៉ាស៊ីហ្វិក​ស្ថិតនៅ​ផ្នែក​មួយ​ដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់ខ្លួន​។ ប៉ុន្តែ​រយៈពេល​យូរ​ឆ្នាំ​មកនេះ ក្រុង​កង់​បេ​រ៉ា​ហាក់​ព្រងើយកន្តើយ​នឹង​ប្រទេស​តូចៗ​ទាំងនោះ​ទៅវិញ​។ ចំណែកឯ​ចិន​វិញ​ដែល​ខ្លួន​កាន់តែ​រះ​ត្រដែត​ឡើង​ទាំង​យោធា និង​សេដ្ឋកិច្ច​នោះ ប្រឹង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​នេះដែរ​ដើម្បី​ប្រជែង​មហាអំណាច​គីឡូ​មធ្យម​មួយ តាមរយៈ​ការ​ជះ​លុយ​មិន​ស្រណោះ​ដៃ​៕

Tag:
 ចិន​
  អូស្ត្រាលី​
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com