អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ជិន​ភីង ផ្ដើម​ទស្សនកិច្ច​នៅ​អារ៉ាប់​រួម មុន​ទៅ​ប្រទេស​៤​ទៀត​នៅ​អាហ្វ្រិក​
19, Jul 2018 , 12:31 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង នាដំណើរទស្សកិច្ចនៅបរទេសកន្លងមក (រូបភាព Xinhua)
ប្រធានាធិបតីចិន ស៊ី ជិនភីង នាដំណើរទស្សកិច្ចនៅបរទេសកន្លងមក (រូបភាព Xinhua)
ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៩ ខែកក្កដា ចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​វែង​មួយ​នៅ​បរទេស​។ លោក ស៊ី ជិន​ភីង នឹង​ទៅដល់​ទឹកដី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​នៅ​ថ្ងៃ​ដដែល​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទីនោះ មុននឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ចំនួន​៤​ទៀត​នៅឯ​ទ្វីបអាហ្វ្រិក​។ នៅ​អាហ្វ្រិក មេដឹកនាំ​ចិន​នឹងចូលរួម​ជំនួប​កំពូល​មេដឹកនាំ​ប្រទេស BRICS ផង​។ ទស្សនកិច្ច​លើក​នេះ បានបង្ហាញ​ពី​សារសំខាន់​របស់​តំបន់​ទាំងពីរ​សម្រាប់​ចិន​ដែល​សម្លឹង​ឃើញ​ធនធាន​រ៉ែ​ដើម្បី​បំប៉ន​សេដ្ឋកិច្ច​របស់ខ្លួន​។


 
 
​មជ្ឈិមបូព៌ា និង​ទ្វីបអាហ្វ្រិក គឺជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ចាប់តាំងពី​ជាប់ឆ្នោត​អាណត្តិ​ទី​ពីរ​នៅ​ខែមីនា​កន្លងទៅ​។ អារ៉ាប់​រួម​អេ​មី​រ៉ាត់ ជាទី​តាំង​ឈប់​សំចត​ទីមួយ​របស់លោក ស៊ី ដែលជា​មេដឹកនាំ​ចិន​ទីមួយ​ជាន់​ទឹកដី​នេះ​។ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី Sheikh Khalifa bin Zayed Al Nahyan លោក ស៊ី នឹង​ស្ថិតនៅ​ប្រទេស​អ្នកមាន​មួយ​នេះ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកក្កដា​។​
 
​នៅមុន​ដំណើរ​ទៅកាន់​ប្រទេស​សេដ្ឋី​មួយ​នេះ លោក ស៊ី បាន​លើក​ពី​សារសំខាន់​នៃ​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​ដែល​បាន​អភិវឌ្ឍ​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ ហើយ​កំពុង​ស្ថិតក្នុង​ដំណើរ​ក្លាយជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ផង​។ បើតាម​សារព័ត៌មាន The Natioanal ប្រធានាធិបតី​ចិន បញ្ជាក់ទៀតថា ចិន​និង​អារ៉ាប់​រួម​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា និង​មាន​លក្ខខណ្ឌ​ខុសគ្នា​មែន តែមាន​ប្រជាជន​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត និង​មិនចេះ​បោះបង់​ក្ដី​សុ​បិ​ន្ត​របស់ខ្លួន​។​
 
​ចប់​ទស្សនកិច្ច​នៅ​អារ៉ាប់​រួម​អេ​មី​រ៉ាត់ ប្រធានាធិបតី​ចិន នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​អាហ្វ្រិក​ដូចជា សេ​ណេ​ហ្កា​ល់ រ​វ៉ាន់ដា និង​អាហ្វ្រិក​ខាងត្បូង​ដល់​ថ្ងៃទី​២៤ ខែកក្កដា​។ នៅ​អាហ្វ្រិក​ខាងត្បូង លោក ស៊ី នឹងចូលរួម​ក្នុងជំនួប​កំពូល​មេដឹកនាំ​ប្រទេស BRICS ដែល​ធ្វើឡើង​នៅ​ទីក្រុង Johannesburg រយៈពេល​បី​ថ្ងៃ​ទៀត​។ ក្នុង​ដំណើរ​ត្រឡប់​ទៅ​ចិន​វិញ​នៅ​ថ្ងៃទី​២៧ ខែកក្កដា លោក​នឹង​ឆ្លៀត​ចូល​ប្រទេស​ម៉ូ​រី​ស​ទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​
 
​ការជ្រើសរើស​យក​តំបន់​ទាំងពីរ​ជា​គោលដៅ​នៃ​ការ​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស ជា​សញ្ញា​បង្ហាញថា​ពី​ការ​ឲ្យ​តម្លៃ​របស់​ចិន​លើ​ដៃគូ​សហប្រតិបត្តិការ​រ​បស់​ខ្លួន​។ ទាំង​អាហ្វ្រិក ទាំង​មជ្ឈិមបូព៌ា​ជារួម គឺជា​ប្រភព​ថាមពល​ដ៏​សំខាន់​សម្រាប់​ចិន​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា មជ្ឈិមបូព៌ា​សម្បូរ​ដោយ​ប្រេង ឯ​អាហ្វ្រិក​ពោរពេញ​ដោយ​ធនធាន​រ៉ែ​ជាច្រើន​មុខ​។ ចិន​បាន​បោះទុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ទឹកដី​ទាំងពីរ​នេះ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​
 
​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ក្រុមហ៊ុន​ចិន​ជាច្រើន​បាន​ទៅ​បណ្ដាក់ទុន​រកស៊ី​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដែល​ការវិនិយោគ​ភាគច្រើន​មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​។ ថ្មីៗ​នេះ​ទៀតសោត ចិន​ក៏​ទើបតែ​ប្រកាស​ផ្ដល់ប្រាក់​ជាច្រើន​លាន​ដុល្លារ​ទៀត​សម្រាប់​ប្រទេសមួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​តាមរយៈ​នេះ ឥ​ត្ធិ​ពល​ចិន​បាន​ជ្រាបចូល​កាន់តែ​ជ្រៅ​តាម​នោះដែរ​៕
 

Tag:
 ​ចិន​
  អាហ្វ្រិក​
  អារ៉ាប់​រួម​អេ​មី​រ៉ា​ត​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com