កីឡាជាតិ
ជាតិ
ជា សំណាង ភ្លាត់ម្រាមនាងដៃខាងឆ្វេងធ្ងន់ធ្ងរ ក្នុងជំនួបតទល់ជាមួយវិសាខា
× ខ្សែបម្រើ ជា សំណាង ប្រធានក្រុមព្រះខ័នរាជស្វាយរៀង រងរបួសភ្លាត់ឆ្អឹងម្រាមនាងដៃខាងឆ្វេងធ្ងន់ធ្ងរ ក្រោយប៉ះទង្កិចជាមួយកីឡាករវិសាខាក្នុងជំនួបជើងទី២នៃពានរង្វាន់សម្តេច ហ៊ុន សែន នៅកីឡដ្ឋានស្តាតចាស់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ បញ្ហារបួសនេះ អាចធ្វើឲ្យ សំណាង ត្រូវចំណាយពេលច្រើនថ្ងៃក្នុងការសម្រាកព្យាបាល ដែលអាចធ្វើឲ្យរូបគេអវត្តមាន សម្រាប់ជំនួបសប្តាហ៍ទី១៥នៃពានរង្វាន់លីគកំពូលកម្ពុជា។
ប្រធានក្រុមរបស់ព្រះខ័នរាជស្វាយរៀងកីឡាករ ជា សំណាង ត្រូវប្តូរចេញជំនួសដោយកីឡាករ លី សារ័ត្ន នៅនាទីទី២៣ ពោលគឺ៦នាទីក្រោយ រូបគេរងរបូសភ្លាត់ឆ្អឹងម្រាមនាងដៃខាងឆ្វេងធ្ងន់ធ្ងរ។ បញ្ហារបួសរបស់ សំណាង បានកើតឡើងបន្ទាប់ពីខ្សែបម្រើរូបនេះ ប្រើដៃច្រត់ទ្រខ្លួនដែលដួល ពេលព្យាយាមពិតដណ្តើមបាល់ជាមួយកីឡាករ សាន គឹមហេង។
បញ្ហារបួសភ្លាត់ឆ្អឹងម្រាមនាងដៃខាងឆ្វេងនេះ អាចធ្វើឲ្យ ជា សំណាង អវត្តមានក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយក្រុមអង្គរថាយហ្គឺរ សម្រាប់ការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី១៥ នាសៅរ៍ថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ នៅកីឡដ្ឋានខេត្តសៀមរាប។ ព្រោះរបួសនេះ អាចចំណាយច្រើនថ្ងៃក្នុងការសម្រាកព្យាបាលឲ្យជាសះស្បើយ។
ហេតុការណ៍ខាងលើ បានកើតឡើងក្នុងជំនួបជើងទី២នៃពានរង្វាន់សម្តេច ហ៊ុន សែន រវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយក្រុមវិសាខា កាលពីថ្ងៃទី១៨ ខែកក្កដា នាកីឡដ្ឋានស្តាតចាស់។ ដោយកាលនោះ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដែលកីឡាករ ទៀង ទីនី រកគ្រាប់បាល់នាំមុខសម្រាប់វិសាខា ក្រោយការលើកពីជ្រុងរបស់កីឡាករ ទិត្យ ឌីណា មុនកីឡាករ លី សារ័ត្ន រកគ្រាប់បាល់ស្មើសម្រាប់ព្រះខ័នរាជស្វាយរៀង។ លទ្ធផលនេះ ជួយឲ្យព្រះខ័នរាជស្វាយរៀងទទួលបានកៅអីឡើងទៅវគ្គ១/៤នៃពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយលទ្ធផលសរុបទាំងពីរជើង ២-១៕
Tag:
បាល់ទាត់
Hun Sen Cup 2018
ជា សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com