កីឡាអន្តរជាតិ
អន្តរជាតិ
បារាំង ជំរុញ​ស្ត្រី​ឲ្យ​រាយការណ៍​ពី​ការ​បៀតបៀន​ផ្លូវភេទ​អំឡុងពេល World Cup
19, Jul 2018 , 7:39 pm        
រូបភាព
​មេ​ប៉ូលិស​ប្រចាំ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​១៨ ខែកក្កដា បាន​ជំរុញ​ឲ្យ​ស្ត្រី​ជា​ពលរដ្ឋ​ខ្លួន​រាយការណ៍​ពី​ករណី​បៀតបៀន​ផ្លូវភេទ​ណាមួយ​នា​អំឡុង​ការប្រកួត​ពានរង្វាន់ FIFA World Cup 2018 នៅ​រុស្ស៊ី បន្ទាប់ពី​មាន​គណនី​ជាច្រើន​របស់​ជនរងគ្រោះ​វ​បាន​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពី​ករណីនេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​


​ទីភ្នាក់ងារ​ព័ត៌មាន AFP ចុះផ្សាយ​ដូច្នេះ​ថា របាយការណ៍​ស្តីពី​ការចាប់​បង្ខំ​ថើប និង​សកម្មភាព​លុក​លាន់​បានចាប់ផ្តើម​កើតឡើង​បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​បារាំង​បានឈ្នះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ទល់នឹង​ក្រូ​អាស៊ី នៅ​យប់​ថ្ងៃទី​១៥ ខែកក្កដា ខណៈ​អ្នកគាំទ្រ​រាប់សែន​នាក់​បាន​សម្រុកចូល​ទៅតាម​ដងផ្លូវ​ក្នុង​ក្រុងប៉ារីស និង​ទីក្រុង​ដទៃទៀត​។​
 
​ក្នុងចំណោម​អ្នកគាំទ្រ​ទាំងនោះ មាន​ស្ត្រី​មួយចំនួន​បាន​រៀបរាប់​អំពី​ការ​បៀតបៀន​ផ្លូវភេទ​នៅពេល​អបអរ​ជ័យជម្នះ​នៅតាម​រុក្ខវិថី Champs Elysees នៅក្រោយ​ការប្រកួត​មួយថ្ងៃ ដោយ​អ្នករងគ្រោះ​ទាំងនោះ​ប្រើ​សញ្ញា​សម្គាល់ HasTag #MeTooFoot នៅលើ​បណ្តាញ​សង្គម​របស់​ពួកគេ​បន្ទាប់ពី​ការរំលោភបំពាន​នោះ​។ 
 
​អ្នកប្រើប្រាស់ Twitter ម្នាក់​ដែលមាន​គណនី​ឈ្មោះ Isa បាន​បង្ហោះ​កាលពី​ថ្ងៃទី​១៦ ខែកក្កដា​ថា​៖«​សម្រាប់​ខ្ញុំ​វា​បាន​កើតឡើង​នៅពេល​បារាំង​ស៊ុត​ចូល​គ្រាប់​ទី​៣ ... ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ដៃ​លុក​ចូល​ក្រោម​សំពត់​របស់ខ្ញុំ​»​។​


 
​ជុំវិញ​ករណី​ខាងលើនេះ លោក Michel Delpuech មេ​ប៉ូលិស​ប្រចាំ​ក្រុងប៉ារីស បាន​ប្រាប់​វិទ្យុ Europe 1 ថា​បញ្ហា​ទាំងនេះ​ត្រូវតែ​យកមក​ពិចារណា​ដើម្បី​ឲ្យ​មានការ​ស៊ើបអង្កេត​ឡើងវិញ​។ លោក​បន្ថែមថា​៖«​ការងារ​របស់​យើង​គឺ​ត្រូវ​តាមរក​ជនដៃដល់​លើ​ស្ត្រី​ទាំងអស់​មក​ដាក់ទោស​តាមច្បាប់ ប្រសិនបើ​ពួកគេ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ច្បាស់លាស់​ហើយ​នោះ​»៕

Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com