ជាតិ
បោះឆ្នោត
គ.ជ.ប. នឹងលើកថ្ងៃបោះឆ្នោតនៅមណ្ឌលណា ដែលមានទឹកជន់លិចខ្លាំង
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ កក្កដានេះ តំបន់មួយចំនួន កំពុងជួបជំនន់ទឹកភ្លៀង ស្របពេលថ្ងៃបោះឆ្នោតជិតមកដល់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កំពុងតាមដានបញ្ហាទឹកជំនន់នេះ ដើម្បីត្រៀមសម្រួលស្ថានការណ៍ កុំឲ្យប៉ះពាល់ដល់ការបោះឆ្នោត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បាននិយាយថា ក្នុងករណីដែលមានជំនន់ទឹកភ្លៀងលិចលង់នៅការិយាល័យណាមួយនោះ គ.ជ.ប នឹងប្ដូរទីតាំងការិយាល័យនោះ ទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីដំណើរការបោះឆ្នោតជាធម្មតា។ ប៉ុន្តែបើនៅក្នុងឃុំ/សង្កាត់ ឬមណ្ឌលណាមួយ ត្រូវលិចលង់ទាំងស្រុង គ.ជ.ប. នឹងសម្រេចពន្យារថ្ងៃបោះឆ្នោតរបស់ការិយាល័យទាំងនោះ ទៅតាមស្ថានភាពជាក់ស្ដែង។
បើទោះជាស្ថានភាពទឹកជំនន់មានការកើនឡើងក្ដី តែនៅមិនទាន់មានការិយាល័យ ឬមណ្ឌលណាមួយត្រូវបានលិចលង់ទាំងស្រុងនោះទេ។ ដូច្នេះហើយ គ.ជ.ប. ជឿជាក់ថា ទឹកអាចស្រកចុះវិញនៅមុនថ្ងៃបោះឆ្នោត ។
ចំពោះសន្លឹកឆ្នោត ក៏ដូចជាសម្ភារផ្សេងៗដែលប្រើប្រាស់ឲ្យការបោះឆ្នោត នឹងត្រូវធានាឲ្យមានសុវត្ថិភាពខ្ពស់បំផុត។ លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «សុវត្ថិភាពធានាបាន សូម្បីតែហិបឆ្នោត សន្លឹកឆ្នោត គឺយើងមានបណ្ដាក់នៅគ្រប់កន្លែងទាំងអស់។ នេះហើយដែលគេបោះសន្លឹកឆ្នោតច្រើន និងទឹកខ្មៅលើសគឺវាបង្ការបែបនេះឯង»។
ម្យ៉ាងវិញទៀត នៅតាមការិយាល័យទាំងអស់ ក៏មានតំណាងគណបក្សនីមួយៗចូលរួមអង្កេតការ ។តំណាងគណបក្សទាំងនោះ ក៏មានសិទ្ធិស្នើសុំមក គ.ជ.ប. ដើម្បីដោះស្រាយតាមស្ថានភាពជាក់ស្ដែង ដែលធ្វើយ៉ាងណាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅបានល្អ។ នេះបើតាមការបញ្ជាក់ពីលោក ហង្ស ពុទ្ធា ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងត្រូវធ្វើឡើងតាមការកំណត់នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិក្នុងការបោះឆ្នោតចំនួន៨,៣៨០,២១៧នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២២,៩៦៧ការិយាល័យ៕
Tag:
បោះឆ្នោត
គ.ជ.ប
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com